កីឡាអន្តរជាតិ
អន្តរជាតិ
World Athletics នឹងប្រើសិទ្ធិប្រកួតឡើងវិញ លើវិញ្ញាសាររត់ចម្ងាយនៅអូឡាំពិកប៉ារីស ២០២៤
26, Jul 2022 , 7:29 pm        
រូបភាព
ស្ថាប័នអត្តពលកម្មពិភពលោក World Athletics (WA) នឹងដាក់ឱ្យប្រើប្រាស់សិទ្ធិប្រកួតឡើងវិញ ឬ Repechage លើវិញ្ញាសាររត់ចម្ងាយឯកត្តជនចម្ងាយចាប់ពី ២០០ម៉ែត្ររហូតដល់ ១៥០០ម៉ែត្រ នៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ នេះបើតាម WA ថ្ងៃទី២៥ ខែកក្កដា។
 
ការប្រើសិទ្ធិប្រកួតឡើងវិញ ឬ «Repechage»នេះ នឹងឱ្យអត្តពលិកប្រើប្រាស់ ក្រោយពេលការប្រកួតជម្រុះបឋមជុំដំបូងរួចរាល់ ដើម្បីផ្តល់សិទ្ធិដល់អត្តពលិកដែលបានធ្លាក់ពីការប្រកួតជម្រុះនោះ សម្រាប់ឱកាសទីពីរ ដើម្បីអាចឆ្លងទៅវគ្គជម្រុះជុំបន្ទាប់។ សិទ្ធិប្រកួតឡើងវិញនេះ ធ្លាប់បានប្រើប្រាស់កន្លងមកហើយ នៅកីឡាអូឡាំពិកលើវិញ្ញាសារដូចជា កីឡាចំបាប់ និងតេក្វាន់ដូ។
 
សេចក្តីណែនាំស្តីពី សិទ្ធិប្រកួតឡើងវិញ ក៏ទទួលបានការអនុម័តដោយស្វ័យប្រវត្តិពីសំណាក់ក្រុមប្រឹក្សាអត្តពលកម្មពិភពលោក (WA​) ហើយសិទ្ធិនេះនឹងត្រូវប្រើសម្រាប់វិញ្ញាសាររត់ចម្ងាយឆ្លងឧបសគ្គ ឬ (Hurdles Race)។ សម្រាប់ការប្រកួតរត់ចង្ងាយបឋមឯកត្តជនចម្ងាយ ១០០ម៉ែត្រ សិទ្ធិប្រកួតឡើងវិញនេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឡើយ។
 
«ក្នុងលក្ខន្តិកៈនៃទម្រង់ សិទ្ធិប្រកួតឡើងវិញ អត្តពលិកដែលមិនជាប់វគ្គជម្រុះបឋមជុំទីមួយ នឹងទទួលបានឱកាសលើកទីពីរ ក្នុងការប្រកួតជម្រុះ ដើម្បីអាចជាប់ទៅកាន់វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវចូលរួមការប្រកួតប្រជែងជាមួយអត្តពលិក ដែលធ្លាក់ពីការប្រកួតជុំដំបូងដូចគ្នា។ នេះក៏ជាវិធីសាស្ត្រថ្មីដែលផ្លាស់ប្តូរពីប្រព័ន្ធចាស់ ដែលកំណត់យកអត្តពលិកណា ដែលពេលវេលាល្អជាងគេពីជុំទីមួយទៅជុំបន្ត។» បើតាមសេចក្តីថ្លែងការណ៍ WA លើកឡើងបែបនេះ។
 
ដោយឡែកបើតាមលោក Sebastian Coe ប្រធាន WA បានឱ្យដឹងថា ការសម្រេចចិត្ត នេះធ្វើឡើងក្រោយពេលមានការពីគ្រោះយោបល់ជាមួយក្រុមអត្តពលិក និងប្រព័ន្ធផ្សព្វផ្សាយនានា។ 
 
«យើងជឿថានេះនឹងធ្វើឱ្យដំណើរការប្រកួតទទួលបាននូវវឌ្ឍនភាពកាន់តែខ្លាំងឡើងសម្រាប់ក្រុមអត្តពលិក ក៏ដូចជាការរំពឹងទុកពីសំណាក់អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនានា។ សិទ្ធិនៃការប្រកួតឡើងវិញនេះ នឹងផ្តល់ឱកាសសម្រាប់ការបង្ហាញខ្លួនកាន់តែច្រើនដល់អត្តពលិកក្នុងព្រឹត្តិការណ៍អូឡាំពិក ហើយវាក៏នឹងត្រូវកំណត់តាមពេលវេលាច្បាស់លាស់ប្រកួតនៃគម្រោងកីឡាអូឡាំពិក ដែលជាការចូលរួមចំណែកដោយការយកចិត្តរបស់យើងផ្ទាល់។»។ ប្រធាន WA បាននិយាយបែបនេះ។
 
គួររំលឹកថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៦ ខែកក្កដា រហូតដល់ថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២៤៕
 
 

Tag:
 World Athletics
  Summer Olympics Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com