ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ទិលអំពីវត្តមានទ័ពចិន ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នឹងត្រូវអាម៉េរិក លើកទៅពិភាក្សាជាមួយកម្ពុជា
03, Aug 2022 , 3:33 pm        
រូបភាព
រូបលោក ប្រាក់ សុខុន ពីក្រសួងការបរទេសកម្ពុជា, រូបលោក អេនតូនី ប្លីងខិន ពី AFP
រូបលោក ប្រាក់ សុខុន ពីក្រសួងការបរទេសកម្ពុជា, រូបលោក អេនតូនី ប្លីងខិន ពី AFP
លោក អេនតូនី ប្លីងខិន (Antony J. Blinken) រដ្ឋមន្រ្តីការបរទេសអាម៉េរិក ធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ ក្រៅពីចូលរួមកិច្ចថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លោក នឹងមានជំនួបដាច់ដោយឡែកជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបទេសកម្ពុជា។


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក បានឲ្យដឹងថា ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន និងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន លោក អេនតូនី ប្លីងខិន នឹងបង្ហាញក្តីបារម្ភរបស់អាម៉េរិកលើបញ្ហាធំៗមួយចំនួននៅកម្ពុជា រួមមាន វត្តមានកងទ័ពជើងទឹកចិននៅលើមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ស្ថានភាពមិនល្អនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង សិទ្ធិការងារ ជាដើម។ 
 
«សហរដ្ឋអាម៉េរិក ជំរុញឲ្យកម្ពុជា មានតម្លាភាពច្បាស់លាស់អំពីសកម្មភាពកងទ័ពជើងទឹកចិននៅមូលដ្ឋានកងទ័ពជើងទឹករាម ជំរុញឲ្យកម្ពុជា គាំទ្រលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគាំទ្រស្ថាប័នឯករាជ្យក្រៅរដ្ឋាភិបាល ដែលធ្វើការផ្នែកលទ្ធិប្រជាធិបតេយ្យ ជំរុញឲ្យកម្ពុជា ការពារ និងគោរពសិទ្ធិមនុស្ស ដោយក្នុងនោះ រាប់ទាំងសិទ្ធិបញ្ចេញមតិ សិទ្ធិបង្កើតអង្គការ និង សិទ្ធិប្រមូលផ្តុំដោយសន្តិវិធី»។ នេះជាខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក។ 
 
ចំពោះមន្ទិលសង្ស័យអំពីវត្តមានកងទ័ពជើងទឹកចិន មេដឹកនាំកម្ពុជា ធ្លាប់បកស្រាយស្ទើរតែរាប់ភ្លេចទៅហើយថា កម្ពុជា ពុំអនុញ្ញាតឲ្យកងទ័ពបរទេស តាំងមូលដ្ឋានឬឈរជើងលើទឹកដីរបស់ខ្លួនឡើយ។ យ៉ាងណា មហាអំណាចអាម៉េរិក នៅតែមិនជឿការអះអាងដោយមាត់ពីភាគីកម្ពុជា។ 
 
ផ្អែកតាមប្រភពដដែល លោករដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅមានប្រធានបទផ្សេងទៀត ដែលនឹងត្រូវលើកទៅជជែកជាមួយភាគីកម្ពុជា មានជាអាទិ៍ ការអនុវត្តកាតព្វកិច្ចរបស់កម្ពុជាក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ការថ្កោលទោសរបស់កម្ពុជាលើរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន ការការពារកុមារនៅកម្ពុជា វិបត្តិនៅមីយ៉ាន់ម៉ា សុវត្ថិភាពផ្នែកសុខភាពសាកល ការប្រែប្រួលអាកាសធាតុ និង ការគាំទ្ររបស់កម្ពុជាលើការបង្កើតដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អាម៉េរិក។
 
សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសពីបណ្តាប្រទេសជាសមាជិកអាស៊ាន គណៈប្រតិភូនៃបណ្តាប្រទេសក្រៅពីអាស៊ាន តំណាងដៃគូផ្សេងៗ បានធ្វើដំណើរមកកម្ពុជាជាបន្តបន្ទាប់គ្នា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។ កម្ពុជា បានចាប់ផ្តើមរៀបចំកិច្ចប្រជុំទាំងនេះ តាំងពីថ្ងៃទី២៩ ខែកក្កដាមក ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕    
  
 
 

Tag:
 កម្ពុជា-អាម៉េរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com