ជាតិ
អាស៊ាន
​​​ន​យោ​បាយ​ជាតិ​
លោក ប្លីងខិន ប្រាប់សម្តេច ហ៊ុន សែន ថា ទិសដៅអាម៉េរិក គឺទំនាក់ទំនងវិជ្ជមានជាមួយកម្ពុជា
04, Aug 2022 , 6:37 pm        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក អេនតូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងវិមានសន្តិភាព នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក អេនតូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងវិមានសន្តិភាព នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
លោក អេនតូនី ប្លីងខិន (Antony J. Blinken) រដ្ឋមន្រ្តីការបរទេសអាម៉េរិក ជម្រាបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ទិសដៅរបស់អាម៉េរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា។ ជំនួបរវាងមេដឹកនាំកម្ពុជា និងប្រមុខការទូតនៃមហាអំណាចអាម៉េរិក ប្រព្រឹត្តទៅ នៅវិមានសន្តិភាព នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។


លោក ប្លីងខិន លើកឡើងថា អាម៉េរិក ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ដូចជា ទីផ្សារនាំចេញ និងការផ្តល់ជំនួយដល់កម្ពុជា សម្រាប់ការអភិវឌ្ឍ ជាដើម។ សម្តេច ហ៊ុន សែន អរគុណអាម៉េរិក ដែលជួយដល់កម្ពុជាជាដរាបមក ដោយរាប់ទាំងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការជួយលើវិស័យផ្សេងៗទៀត។

លោក ប្លីងខិន បានអរគុណត្រឡប់ទៅវិញ ចំពោះគុណបំណាច់មួយចំនួនរបស់កម្ពុជា រួមមាន ការផ្ដល់ដីឲ្យអាម៉េរិកសង់ស្ថានទូតនៅរាជធានីភ្នំពេញ ការអនុញ្ញាតឲ្យកប៉ាល់ Westerdam ដែលផ្ទុកអ្នកដំណើរ៦០០នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ការរុករកធាតុទាហានអាម៉េរិក ដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម និងការប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។

សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ការអនុញ្ញាតឲ្យកប៉ាល់ Westerdam ចូលចត កាលពីឆ្នាំ២០២០ ជាការងារមនុស្សធម៌។ សម្តេច បន្តថា បើកម្ពុជា មិនអនុញ្ញាតឲ្យចូលចតទេនោះ អ្នកដំណើរនៅលើកប៉ាល់ ត្រូវដាច់ស្បៀង ដាច់ទឹក ហើយនឹងឈានទៅដល់មានគ្រោះមហន្តរាយដល់អាយុជីវិត ព្រោះមិនមានប្រទេសណា អនុញ្ញាតឲ្យចូលចតឡើយ ក្រៅពីកម្ពុជា។

ចំពោះករណីបោះឆ្នោតគាំទ្រសេចកីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីការឈ្លានពានរបស់រុស្ស៊ីឈ្លានពានអ៊ុយក្រែន សម្តេច ថ្លែងថា កម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានអន្តរជាតិនានា ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់។

សម្តេច ហ៊ុន សែន ដែលកំពុងកាន់តំណែងប្រធានអាស៊ាន បន្តថា កម្ពុជា អំពាវនាវឲ្យមានបទឈប់បាញ់គ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយចរចាដោយសន្តិវិធី និងការអត់ធ្មត់ជាទីបំផុត។ ប៉ុន្តែ មេដឹកនាំកម្ពុជា ស្នើឲ្យពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ព្រោះមេដឹកនាំកម្ពុជា មើលឃើញថា ទណ្ឌកម្មនេះ មិនមែនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដោយរួមទាំងកម្ពុជាផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី ឆ្លើយតបនឹងលោក ប្លីងខិន ទៀតថា កម្ពុជា បានធ្វើការជាមួយអាម៉េរិកជាច្រើនឆ្នាំមក ក្នុងការស្វែងរកធាតុទាហានអាម៉េរិក ហើយកម្ពុជា នៅតែបន្តសហការលើការងារមនុស្សធម៌នេះ។ រីឯបញ្ហានៅមីយ៉ាន់ម៉ា សម្តេច ប្រាប់លោក ប្លីងខិន ថា កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលចំពោះការប្រហារជីវិតសកម្មជន៤រូប នាពេលថ្មីៗនេះ នៅមីយ៉ាន់ម៉ា។ ទោះយ៉ាងណា ប្រធានអាស៊ាន អះអាងថា កម្ពុជា នៅតែប្ដេជ្ញាជួយឲ្យមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

សូមបញ្ជាក់បន្តិចថា និងរដ្ឋមន្រ្តីការបរទេសនានា បានមកកម្ពុជាជាហូរហែ ដើម្បីចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ លោក ប្លីងខិន បានមកដល់កម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២៕

Tag:
 កម្ពុជា-អាម៉េរិក
  ទំនាក់ទំនង
  ហ៊ុន សែន
  Antony J. Blinken
© រក្សាសិទ្ធិដោយ thmeythmey.com