អន្តរជាតិ
អាស៊ាន
សសរស្តម្ភទាំងបីរបស់អាស៊ានមានអ្វីខ្លះ?
11, Nov 2022 , 9:59 pm        
រូបភាព
ដោយ:
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ានត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ មកទល់ពេនេះ អាស៊ានមានរដ្ឋសមាជិកទាំងអស់ចំនួន ១០ប្រទេសដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ព្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ សហគមន៍អាស៊ានទាំងមូលត្រូវបានបង្កើតឡើង និងទ្រទ្រង់ដោយសសរស្តម្ភចំនួនបីរួមមានសហគមន៍​សន្តិសុខ-​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម-វប្បធម៌ដែលមានទំនាក់ទំនង និងជះឥទ្ធិពលគ្នាទៅវិញទៅមក។


ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍ក្រុងបាងកកឆ្នាំ១៩៦៧ អាស៊ានត្រូវបានបង្កើតឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌សម្រាប់ប្រជាជាតិអាស៊ាន ក៏ដូចជាលើកកម្ពស់ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ដោយប្រកាន់ខ្ជាប់គោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគោរពតាមនីតិរដ្ឋ និងប្រកាន់យកភាពយុត្តិធម៌ ក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ាន។ លើសពីនេះ អាស៊ានក៏មានគោលដៅជំរុញកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម ដោយរាប់ចាប់ពីសង្គម សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកទេស រដ្ឋបាល រហូតដល់ការអប់រំផង។

ដើម្បីបម្រើចក្ខុវិស័យរបស់សមាហរណកម្មអាស៊ាន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៩ ក្នុងឆ្នាំ២០០៣ មេដឹកនាំអាស៊ានបានសម្រេចថា សហគមន៍អាស៊ានត្រូវបង្កើតឡើងដោយផ្អែកលើសសរស្តម្ភចំនួនបីដូចជា សហគមន៍​សន្តិសុខ-​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​ សង្គម-វប្បធម៌​។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ សហគមន៍អាស៊ានក៏ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីសេចក្តីថ្លែងការណ៍ក្រុងសេប៊ូស្តីពីការពន្លឿនបង្កើតសហគមន៍អាស៊ានត្រឹមឆ្នាំ ២០១៥ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំអាស៊ានអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១២ ឆ្នាំ ២០០៧។

សសរស្តម្ភទាំងបីនេះដើរតួយ៉ាងសំខាន់សម្រាប់ត្រួសត្រាយផ្លូវកសាងសហគមន៍អាស៊ាន ក៏ដូចជាតាមដានពីវឌ្ឍនភាពរបស់សមាហរណកម្មអាស៊ាន និងប្រជាជនក្នុងតំបន់។ សហគមន៍ទាំងបីនេះមានផែនការរៀងៗខ្លួន ដោយតម្រូវឱ្យរដ្ឋសមាជិកទាំងអស់អនុវត្តវិធានការដែលបានចែងដើម្បីធានាពីស្ថិរភាព សន្តិភាព និងវិបុលភាពរួមគ្នាដ៏យូរអង្វែងក្នុងប្លុកអាស៊ាន។ ខាងក្រោមនេះនឹងលើកឡើងត្រួសៗពីគោលបំណង និងលក្ខណៈសំខាន់ៗរបស់សសរស្តម្ភទាំងបីរបស់អាស៊ាន។

សហគមន៍​សន្តិសុខ-​នយោបាយ

ដើម្បីបន្តលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ​ និងនយោបាយដែលបានកសាងមកជាច្រើនឆ្នាំ អាស៊ានបានបង្កើតសហគមន៍សន្តិសុខ-នយោបាយ ដើម្បីធានាថាប្រទេសក្នុងតំបន់រស់នៅជាមួយគ្នាប្រកបដោយសន្តិភាព ហើយក្នុងបរិយាកាសមួយប្រកបដោយយុត្តិធម៌ ប្រជាធិបតេយ្យ និងសុខដុមរមនា។

ផែនការមេរបស់សហគមន៍សន្តិសុខ-នយោបាយសំដៅប្រែក្លាយអាស៊ានឱ្យក្លាយជា សហគមន៍ដែលផ្អែកលើច្បាប់ យកចិត្តទុកដាក់ចំពោះប្រជាជន និងយកប្រជាជនជាធំ ដែលប្រជាជនក្នុងតំបន់ទទួលបានសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងយុត្តិធម៌សង្គម រស់នៅប្រកបដោយការអត់ឱន និងសម្របសម្រួលគ្នាទៅវិញទៅមក ព្រមទាំងយកចិត្តទុកដាក់លើភាពរួមគ្នា អត្តសញ្ញាណរួម និងជោគវាសនារួម។ មិនតែប៉ុណ្ណោះ វាធ្វើឱ្យអាស៊ានក្លាយជាសហគមន៍ដែលមានស្ថិរភាព សន្តិសុខ និងសន្តិភាព ជាមួយនឹងការពង្រឹងសមត្ថភាពឆ្លើយតបបញ្ហាប្រឈមនានាដែលជាប្រយោជន៍រួមក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាស្របតាមគោលការណ៍សន្តិសុខគ្រប់ជ្រុងជ្រោយ។

ផែនការមេ មានគោលដៅធ្វើឱ្យអាស៊ានជាសហគមន៍ដែលសម្លឹងមើលការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅទាំងក្នុងអង្គការតំបន់ និងអន្តរជាតិ ពង្រឹងមជ្ឈភាព និងតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ (Regional Architecture) ក៏ដូចជាដើរតួនាទីដោះស្រាយបញ្ហាអន្តរជាតិប្រកបដោយទទួលខុសត្រូវ និងក្នុងន័យស្ថាបនាជាសាកល។

សហគមន៍​សេដ្ឋកិច្ច

ជាមួយទីផ្សារទំហំ ២​,៣ ទ្រីលានដុល្លារ និងប្រជាជនប្រមាណ ៦០០​លាននាក់ សហគមន៍សេដ្ឋកិច្ចអាស៊ានមានគោលដៅសំខាន់បំផុតគឺក្តោបប្រទេសជាសមាជិកទាំង ១០ ឱ្យក្លាយទៅជាទីផ្សាររួមមួយតាមរយៈសមាហរណកម្មសេដ្ឋកិច្ច។ ផែនការមេរបស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ានមាន​ទិសដៅ​សំខាន់​បួន ដើម្បី​ប្រែក្លាយ​តំបន់​អាស៊ាន​ឱ្យ​ទៅជា​ទីផ្សារ​តែមួយ និង​មូលដ្ឋាន​ផលិតកម្ម​រួម​តែមួយ​ សំដៅធានាលំហូរទំនិញ សេវាកម្ម ការវិនិយោគ ពលកម្មជំនាញ និងមូលធនដោយសេរីក្នុងតំបន់, ជាតំបន់​មួយ​ដែលមាន​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ខ្ពស់​, ជាតំបន់​ដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយ​សមភាព និងជាតំបន់ដែលបានធ្វើ​សមាហរណកម្ម​ពេញលេញទៅក្នុង​សេដ្ឋកិច្ចពិភពលោក​។​

​សហគមន៍​សង្គម-វប្បធម៌

សហគមន៍សង្គម-វប្បធម៌ ជាសសរស្តម្ភទី៣ របស់សហគមន៍អាស៊ាន ដែលមានគោលដៅសម្រេចនូវសក្តានុពលពេលលេញរបស់ប្រជាជាតិអាស៊ានតាមរយៈការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ការអប់រំ ការការពារសុខុមាលភាពសង្គម លើកកម្ពស់យុត្តិធម៌សង្គម និងសិទ្ធិប្រជាជន ធានាចីរភាព បរិស្ថាន កសាងអត្តសញ្ញាណអាស៊ាន និងបំព្រួញគន្លាតអភិវឌ្ឍន៍។

សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌មានបំណងធ្វើឱ្យអាស៊ានក្លាយជា សហគមន៍ដែលមានការប្ដេជ្ញា ការចូលរួម និងទំនួលខុសត្រូវក្នុងសង្គមដើម្បីផលប្រយោជន៍ប្រជាជនអាស៊ាន, សហគមន៍ប្រកបដោយបរិយាប័ន្នដែលលើកកម្ពស់របៀបរបបរស់នៅ ទទួលបានឱកាសប្រកបដោយសមភាព ក៏ដូចជាលើកកម្ពស់ និងការពារសិទ្ធិមនុស្ស, សហគមន៍ប្រកបដោយចីរភាពដែលលើកកម្ពស់ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន, សហគមន៍ដែលមានភាពធន់ រួមជាមួយការពង្រឹងសមត្ថភាព និងលទ្ធភាពដើម្បីសម្របខ្លួន និងឆ្លើយតបទៅនឹងភាពងាយរងគ្រោះនៃសង្គម និងសេដ្ឋកិច្ច គ្រោះមហន្តរាយ បម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមថ្មីផ្សេងៗទៀត, សហគមន៍ប្រកបដោយភាពស្វាហាប់ និងសុខដុមរមនាដែលមានការយល់ដឹង និងមានមោទនភាពចំពោះអត្តសញ្ញាណ វប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com