កីឡាអន្តរជាតិ
អន្តរជាតិ
បៃឌិន ខឹងរុស្ស៊ីកាត់ទោសអ្នកលេងបាល់បោះអាម៉េរិក Griner ជាប់គុក៩ឆ្នាំ តែអាចមានការដោះដូរអ្នកទោស
06, Aug 2022 , 8:59 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មិនសុខចិត្តចំពោះការកាត់ទោសរបស់រុស្ស៊ីលើកីឡាការិនីបាល់បោះអាម៉េរិក Brittney Griner ឱ្យជាប់ពន្ធនាគារ៩ឆ្នាំ ក្នុងបទចោទរត់ពន្ធគ្រឿងញៀនចូលប្រទេសរុស្ស៊ី។ អាម៉េរិក និងរុស្ស៊ី អាចនឹងមានការដោះដូរអ្នកទោសគ្នា ដើម្បីជួយ Griner ត្រឡប់ទៅផ្ទះវិញ។

បង្ហាញខ្លួនសាជាថ្មីនៅក្នុងតុលាការរុស្ស៊ីនាថ្ងៃទី៤ ខែសីហា Griner ត្រូវបានរកឃើញថាមានពិរុទ្ធពីបទកាន់កាប់ និងរត់ពន្ធគ្រឿងញៀន។ Griner កីឡាការិនីបាល់បោះដ៏ល្បីឈ្មោះក្នុងក្របខណ្ឌ NBA អាម៉េរិក ត្រូវបានរុស្ស៊ីកាត់ទោសឱ្យជាប់គុក ៩ ឆ្នាំ និងពិន័យជាប្រាក់១៦៥០០ដុល្លារថែមទៀតជុំវិញបទចោទនេះ។
 
ក្រោយការកាត់ទោសរបស់រុស្ស៊ីលើពលរដ្ឋខ្លួន លោកបៃឌិន និយាយថាការសម្រេចនេះមិនអាចទទួលយកបានឡើយ។
 
ប្រធានាធិបតីអាម៉េរិកបានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយសេតវិមានថា៖«ថ្ងៃនេះពលរដ្ឋអាម៉េរិក បានទទួលការកាត់ទោសដាក់ពន្ធនាគារ ដែលជាការរំលឹកមួយបន្ថែមទៀតអំពីអ្វីដែលពិភពលោកបានដឹងរួចមកហើយថា រុស្ស៊ីកំពុងឃុំខ្លួន Brittney Griner ដោយខុសច្បាប់»។
 
ដោយមិនអាចទទួលយកបានជុំវិញការកាត់ទោសនេះ លោកបៃឌិនអំពាវនាវឲ្យរុស្ស៊ីដោះលែង Griner ជាបន្ទាន់ ដើម្បីឲ្យនាងអាចជួបជុំគ្រួសារ មិត្តភ័ក្តិ និងមិត្តរួមក្រុមឡើងវិញ។
 
«រដ្ឋបាលរបស់ខ្ញុំនឹងបន្តធ្វើការដោយមិនខ្វល់ការនឿយហត់ និងបន្តធ្វើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីនាំ Griner ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព»។ នេះជាការបញ្ជាក់របស់លោកបៃ ឌិន មុនបន្ថែមថា សូម្បីតែករណីលោក Paul Whelan ដែលរុស្ស៊ីចាប់ឃុំខ្លួនកាលពីឆ្នាំ២០១៨ ដោយចោទថាជាចារកម្មរបស់អាម៉េរិកនោះក៏លោកខ្នះខ្នែងជួយឱ្យបានដូចគ្នា។
 
ការសន្យារបស់ប្រធានាធិបតីអាម៉េរិកខាងលើ ធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានរបាយការណ៍បង្ហាញថារដ្ឋបាលលោកបៃឌិន គ្រោងយកអ្នកទោសជួញដូរអាវុធដ៏ល្បីឈ្មោះជនជាតិរុស្ស៊ី Viktor Bout ដែលខ្លួនចាប់នៅឆ្នាំ២០១១ ដើម្បីដោះដូរយក Griner និងអតីតកងម៉ារីនអាម៉េរិក Whelan មកវិញ៕
 

Tag:
 Brittney Griner
 ចូ បៃឌិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com