ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ជូនពរសម្តេច ហ៊ុន សែន ដែលឈានចូលវ័យ៧១ឆ្នាំ តែឆ្លៀតសុំឲ្យបង្កើតច្បាប់កំណត់អាយុចូលនិវត្ត
05, Aug 2022 , 5:39 pm        
រូបភាព
លោក សម រង្ស៊ី ថតសែលហ្វីជាមួយសម្តេច ហ៊ុន សែន ក្នុងឱកាសនៃការជួបជុំសមាជិកគ្រួសាររបស់លោកទាំង២ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីឆ្នាំ២០១៥។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី ថតសែលហ្វីជាមួយសម្តេច ហ៊ុន សែន ក្នុងឱកាសនៃការជួបជុំសមាជិកគ្រួសាររបស់លោកទាំង២ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីឆ្នាំ២០១៥។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស ហាក់បង្ហាញការបន្ទន់ឥរិបទខុសធម្មតាដាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលោក បានដាក់ចិត្តសរសេរសារជាមួយពាក្យពេចន៍បែបត្រជាក់ ជូនពរសម្តេច ក្នុងឱកាសដែលសម្តេច ឈានចូលវ័យ៧១ឆ្នាំ។ លោក បានបង្ហោះសារនេះ លើទំព័រហ្វេសប៊ុករបស់លោក ចេញពីប្រទេសបារាំង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយអមជាមួយរូបថតស្និទ្ធស្នាល១សន្លឹក ដែលលោក ថតសែលហ្វីជាមួយសម្តេច កាលនៅត្រូវគ្នា។   
  
 
ចាប់តាំងពីរត់ចេញពីកម្ពុជា ទៅរស់នៅឯប្រទេសបារាំង គេ មិនងាយបានឮលោក សម រង្ស៊ី ហៅសម្តេច ហ៊ុន សែន ថា «សម្តេច» ណាស់។ ជួនកាល លោក ហៅថា លោក ហ៊ុន សែន ហើយជួនកាល លោក ហៅត្រឹមថា ហ៊ុន សែន។ ម្យ៉ាងទៀត សាររបស់លោកកន្លងមក តែងធ្វើឲ្យគេ យល់ថា ជាសារបែបដំឡើងកម្តៅរវាងលោក ជាមួយសម្តេច ហ៊ុន សែន។ ប៉ុន្តែសម្រាប់សារលើកនេះ លោក បានហៅសម្តេច ហ៊ុន សែ ថា «សម្តេច»។ លោក សរសេរដូច្នេះថា៖«ក្នុងឱកាស ខួបកំណើត៧១ឆ្នាំ របស់សម្តេច ថ្ងៃនេះ ខ្ញុំ សូមជូនពរឲ្យសម្តេច មានសុខភាពល្អ អាយុយឺនយូរ និងស្គាល់តែសុភមង្គលក្នុងគ្រួសារ រហូតដល់កូនចៅគ្រប់រូប»។
 
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ជាថ្ងៃកំណើតរបស់សម្តេច ហ៊ុន សែន។ មន្រ្តីរាជការស្ទើរគ្រប់ស្ថាប័ន បានផ្ញើសារជូនពរសម្តេច សម្រាប់ការប្រារព្ធខួប៧១ឆ្នាំនេះ។ ចំពោះលោក សម រង្ស៊ី លោក មិនមែនគ្រាន់តែជូនពរនោះទេ។ ក្នុងសាររបស់លោក លោក មានសំណូរពរ១ ទៅកាន់សម្តេច គឺស្នើឲ្យសម្តេច ជំរុញឲ្យមានការបង្កើតច្បាប់កំណត់អាយុមន្ត្រីរាជការគ្រប់រូប ក្នុងមុខងារសាធារណៈ បូករួមទាំងមន្រ្តីផ្នែកនយោបាយផងដែរ ឲ្យចូលនិវត្ត ចាប់ពីអាយុ៧០ឆ្នាំទៅ។ 
 
«គ្មាននរណា ចៀសផុតពីច្បាប់ធម្មជាតិបានទេ ដែលមានដំណាក់កាល៤ គឺ កើត ចាស់ ឈឺ ស្លាប់។ ប្រទេសយើង ត្រូវការកម្លាំងយុវជនជំនាន់ថ្មី ដើម្បីនាំមកឈាមថ្មី និងគំនិតថ្មី ដែលជាការចាំបាច់ ក្នុងការជំរុញឲ្យប្រទេសកម្ពុជា ធ្វើដំណើរឆ្ពោះទៅរកវឌ្ឍនភាព»។ នេះជាយោបល់របស់មេដឹកនាំខាងក្រុមប្រឆាំង ជូនទៅមេដឹកនាំខាងកាន់អំណាច។ 
 
មិនមែនជាលើកទី១ឡើយ ដោយកន្លងមក លោក សម រង្ស៊ី ក៏ធ្លាប់ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើច្បាប់កំណត់អាយុមន្រ្តីរាជការ និងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ពិសេសលោក សំដៅខ្លាំងលើអ្នកដែលកាន់តំណែងនាយករដ្ឋមន្រ្តី ឲ្យចូលនិវត្តនៅត្រឹមអាយុ៧០ឆ្នាំ។ 
 
ការទាមទាររបស់លោក សម រង្ស៊ី ត្រូវបានសម្តេច ហ៊ុន សែន ឆ្លើយតបក្នុងពិធី១ កាលពីចុងឆ្នាំ២០២១ថា សម្តេច នឹងស្នើឲ្យធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី ដែលត្រូវចូលនិវត្ត តែលុះត្រាចាំសម្តេច ចាកចេញពីតំណែងនាយករដ្ឋមន្រ្តីសិន។ សម្តេច បញ្ជាក់ថា បើត្រូវបានតាក់តែងឡើងពិតមែន ច្បាប់នេះ អាចនឹងកំណត់ឲ្យនាយករដ្ឋមន្រ្តី ចូលនិវត្តនៅអាយុ៧០ឆ្នាំ ឬអាយុ៧២ឆ្នាំ ឬអាយុផ្សេងពីនេះ។ 
 
តាមរយៈសារលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បរិយាយពីសារប្រយោជន៍ថា ច្បាប់កំណត់អាយុឲ្យចូលនិវត្តចាប់ពីអាយុ៧០ឆ្នាំឡើងទៅ គឺផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយ បានឡើងមកកាន់តំណែង ក្នុងកម្រិតទទួលខុសត្រូវកាន់តែខ្ពស់ឡើងៗ ដោយមិនចាំបាច់រង់ចាំ ក្នុងពេលវេលាយូរហួសហេតុនោះទេ។ លោក បន្តថា មកដល់ពេលនេះ មានមន្ត្រីក្នុងមុខងារសាធារណៈច្រើនណាស់ ដែលនៅកាន់តំណែងនៅឡើយ ទោះជាមានអាយុដល់៧០ឆ្នាំហើយក៏ដោយ ដែលជាហេតុធ្វើឲ្យជាប់គាំងដល់ការវិវត្តនៃមុខងាររបស់យុវជន និងធ្វើឲ្យពួកគេ មិនអាចឡើងបុណ្យស័ក្តិបាន ពីព្រោះចាស់ៗនៅខាងលើ។ 
 
លោក បានលើកឧទាហរណ៍ជាក់ស្តែងថា ច្បាប់នៅប្រទេសវៀតណាម កំណត់អាយុ សម្រាប់អ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ មិនឲ្យលើសពី៦៥ឆ្នាំនោះទេ ហើយក៏មិនមានការលើកលែងចំពោះបុគ្គលណាម្នាក់ ដែលមានវ័យលើសពី៦៥ឆ្នាំដែរ។ លោក យល់ថា ការកំណត់អាយុក្នុងតំណែងមុខងារសាធារណៈបែបនេះ គឺដើម្បីស្វែងរកឈាមថ្មី និងគំនិតថ្មី ដែលជាកត្តាដ៏សំខាន់ ក្នុងការធ្វើឲ្យប្រទេសវៀតណាម ឈានទៅរកការរីកចម្រើនយ៉ាងឆាប់រហ័ស។ 
 
មេដឹកនាំក្រុមប្រឆាំងរូបនេះ ដែលកម្រត្រូវគ្នាជាមួយសម្តេច ហ៊ុន សែន បានសរុបសេចក្តីជូនសម្តេចថា៖«ជាសង្ខេប យើង ត្រូវផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយ ទទួលបានបទពិសោធ ហើយអាចបញ្ចេញសមត្ថភាព និងស្នាដៃរបស់ពួកគេ យ៉ាងឆាប់រហ័សគួរសម ដោយមិនមានចាស់ៗខាងលើ នៅក្រាញអំណាចយូរពេកនោះទេ...»៕ 
 

Tag:
 សម រង្ស៊ី
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com