អន្តរជាតិ
អាស៊ាន អំពាវនាវជាថ្មីឱ្យភាគីជម្លោះនៅអ៊ុយក្រែនគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញUN
05, Aug 2022 , 10:29 pm        
រូបភាព
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ី។ រូបភាព៖ ThmeyThmey
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ី។ រូបភាព៖ ThmeyThmey
រដ្ឋមន្រ្តីការបរទេសអាស៊ានទទូចជាថ្មីឱ្យភាគីពាក់ព័ន្ធជម្លោះនៅអ៊ុយក្រែនប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ(UN) ស្របពេលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឈានចូលខែទី៦ ហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រមុខការទូតអាស៊ានដែលចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ដោយបន្តសង្កត់ធ្ងន់ថា អាស៊ាននៅតែរក្សាជំហរគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋសមាជិក UN។


ទាំងបញ្ហាក្នុងតំបន់ និងក្រៅតំបន់ដូចជាវិបត្តិមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង បេក្ខភាពរបស់ទីម័រខាងកើត ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់ ក៏ដូចជាវិបត្តិអ៊ុយក្រែនបានក្លាយជាប្រធានបទដ៏សំខាន់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា។ 
 
ទាក់ទងរុស្ស៊ីឈ្លានពានអ៊ុយក្រែន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី៣ ខែសីហា រដ្ឋមន្រ្តីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានបញ្ជាក់ជាថ្មីពីជំហររបស់អាស៊ានក្នុងការគោរពអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដី។ 
 
«យើងទទូចជាថ្មីឱ្យមានការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅថ្ងៃទី៥ ខែសីហា។ ដោយមិនសំដៅចំពោះរុស្ស៊ីដោយផ្ទាល់ រដ្ឋមន្រ្តីការបរទេសអាស៊ានបានសង្កត់ធ្ងន់ឱ្យបញ្ឈប់អរិភាពជាបន្ទាន់។ 
 
តាមរយៈសេចក្តីថ្លែងការណ៍ដដែល រដ្ឋមន្រ្តីការបរទេសអាស៊ានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងការស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី។ លើសពីនេះ ប្រមុខការទូតអាស៊ានក៏អំពាវនាវឱ្យមានការសម្របសម្រួលផ្នែកជំនួយមនុស្សធម៌ទៅកាន់ជនរងគ្រោះអ៊ុយក្រែនឱ្យបានឆាប់រហ័ស គ្មានការរាំងស្ទះ និងដោយសុវត្ថិភាព ក៏ដូចជាការការពារជនស៊ីវិល បុគ្គលិកផ្នែកផ្តល់ជំនួយមនុស្សធម៌ និងប្រជាជននៅអ៊ុយក្រែនដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះផងដែរ។
 
ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៤ ខែសីហា លោកគង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានលើកឡើងថា ប្រសិនបើរុស្ស៊ី និងអ៊ុយក្រែន រកឃើញថា វេទិកាអាស៊ានមានប្រយោជន៍ អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសទាំងពីរ ដើម្បីបញ្ចប់វិបត្តិ។
 
មកទល់ពេលនេះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបន្តអូសបន្លាយជាច្រើនខែហើយ បើទោះជាកន្លងមកមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចប្រឆាំងការឈ្លានពាន ហើយទាមទារឱ្យរុស្ស៊ីដកទ័ពទាំងស្រុងពីអ៊ុយក្រែនក៏ដោយ។ បន្ថែមពីលើនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានកន្លងមកក៏បានចេញសេចក្តីថ្លែងការណ៍ម្តងជាពីរដងដោយបង្ហាញពីការព្រួយបារម្ភជុំវិញវិបត្តិអ៊ុយក្រែន ហើយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ដែរ។
 
ចាប់តាំងពីចុងខែកុម្ភៈដែលរុស្ស៊ីចាប់ផ្តើមលុកលុយអ៊ុយក្រែនមក ជនស៊ីវិលនៅអ៊ុយក្រែនយ៉ាងហោចណាស់ ៥ ពាន់នាក់បានបាត់បង់ជីវិត។ ក្រៅពីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបង្ខំឱ្យប្រជាជនអ៊ុយក្រែនជម្លៀសចេញពីផ្ទះសម្បែង សង្រ្គាមនេះក៏បានបង្កឱ្យតម្លៃស្បៀងសកលកើនឡើងដែរ ដោយបានរាំងខ្ទប់អ៊ុយក្រែនពីការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ពិភពលោក៕
 

Tag:
 អាស៊ាន
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com