ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គ្រួសារមួយ ប្រើជំនាញពេទ្យធ្មេញ បង្កើតក្លីនីកយូនីក ដែលជំរុញការផលិតធ្មេញសិប្បនិម្មិត
08, Aug 2022 , 11:00 pm        
រូបភាព
អ្នកស្រី  ហេង ស្រីពេជ្រ ស្ថាបនិកគ្លីនិកសម្រស់មាត់ធ្មេញ យូនីក
អ្នកស្រី ហេង ស្រីពេជ្រ ស្ថាបនិកគ្លីនិកសម្រស់មាត់ធ្មេញ យូនីក
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ គ្លីនិកសម្រស់មាត់ធ្មេញយូនីក ត្រូវបានបង្កើតឡើងដោយ ស្វាមី ភរិយាមួយគូ គឺ អ្នកស្រី ហេង ស្រីពេជ្រ និង លោក ជា ពិទូ។ តាមរយៈបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ពួកគាត់ទាំងពីរបានប្រើជំនាញផ្នែកពេទ្យធ្មេញ ដើម្បីបំពេញតម្រូវការជូនអតិថិជន ពិសេសគឺគំនិតថ្មី នៃការបង្កើតធ្មេញសិប្បនិម្មិតតែម្តង។ ក្រៅពីការបោះទុនជិត៥ម៉ឺនដុល្លារទៅលើមុខរបរខ្លួន អ្នកស្រី ហេង ស្រីពេជ្រ និងស្វាមី ក៏បានដុសខាត់សមត្ថភាពធនធានមនុស្សក្នុងដៃ និងចេះចាត់ចែងកញ្ចប់ហិរញ្ញវត្ថុឱ្យចំគោលដៅផងដែរ ។ រឹតតែសំខាន់ គឺការផលិតគ្រាប់ធ្មេញសិប្បនិម្មិត ដោយផ្សំពីសារធាតុសេរ៉ាមិច។ល។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» អ្នកស្រី ហេង ស្រីពេជ្រ បានចំណាយទុនជិត៥ម៉ឺនដុល្លារ ក្នុងដំណើរការបើកគ្លីនិកសម្រស់មាត់ធ្មេញយូនីក។ ក្រោយពីដំណើរការអាជីវកម្មមួយនេះតែម្នាក់ឯងបានមួយរយៈ ស្រ្តីសម្បុរស ខ្ពស់រូបនេះ បានសហការជាមួយស្វាមីខ្លួន ដែលមានជំនាញផ្នែកពេទ្យធ្មេញដូចគ្នា ដើម្បីឱ្យដំណើរការអាជីវកម្មក្នុងដៃកាន់តែមានប្រសិទ្ធភាព។ 
 
ថ្វីបើទើបតែបើកដំណើការគ្លីនិកមិនដល់ពីរឆ្នាំផង តែអ្នកស្រី ហេង ស្រីពេជ្រ ហាក់បង្ហាញភាពជឿជាក់ និងពង្រឹងនូវធនធានមនុស្សក្នុងដៃសុទ្ធសឹងតែអ្នកជំនាញៗ។ ម្យ៉ាងទៀត ក្រុមការងារទាំងនោះសុទ្ធតែអាចឆ្លងកាត់ដំណាក់កាលលំបាកជាមួយអ្នកស្រីបាន គឺការគោរពតួនាទី និង រីករាយជាមួយការងារដោយមិនប្រកាន់វេនឡើយ។ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី ហេង ស្រីពេជ្រ  ដូចតទៅ៖
 
 
បន្ថែមពីនេះគឺ គ្លីនិកសម្រស់មាត់ធ្មេញយូនីក បានសហការជាមួយមន្ទីផលិតគ្រាប់ធ្មេញកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្គត់ផ្គង់ធ្មេញសិប្បនិម្មិតជូនអតិថិជន ដែលកាត់បន្ថយការនាំចូលធ្មេញពីបរទេសផងដែរ។ ជាងនេះទៅទៀត អ្នកស្រីអាចកាត់បន្ថយការចំណាយដ៏សំខាន់មួយ គឺការជួលអគារជារៀងរាល់ខែផ្ទាល់តែម្តង។ 
 
ទម្រាំអាចមានអាជីវកម្មផ្ទាល់ខ្លួនបានដូចបច្ចុប្បន្ន ស្រ្តីវ័យ ២៧ឆ្នាំរូបនេះ បានបញ្ជាក់ថា ការដំណើរការអាជីវកម្មត្រូវមានចំណេះ និងជំនាញច្បាស់លាស់។ ទន្ទឹមគ្នានេះគឺសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងដៃឱ្យបានម៉ត់ចត់ បើមិនដូច្នោះទេ អាចនឹងវិនាសជាមិនខាន។ រីឯកត្តារឹតតែសំខាន់មួយទៀត ពេទ្យធ្មេញ ហេង ស្រីពេជ្រ សង្កត់ធ្ងន់ថា ស្វាមី និងគ្រួសារ គឺជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្លួន ព្រោះថាបើគ្មានស្វាមីអ្នកស្រី គាំទ្រ និងជំរុញទេ អ្នកស្រីក៏មិនអាចឈានមកដល់ចំណុចនេះដែរ។ 

អ្នកស្រី ហេង ស្រីពេជ្រ ស្ថាបនិកគ្លីនិកសម្រស់មាត់ធ្មេញ យូនីក
 
« យើងជាម៉ាក់ផង ប្រពន្ធផង ហើយយើងជាអ្នកដឹកនាំស្ថាប័នមួយដែរ អ៊ីចឹង បញ្ហាប្រឈមមានច្រើនទាក់ទងនឹងការបែងចែកពេលវេលា។ ទី១ ការបែងចែកពេលវេលាផ្ទាល់ខ្លួនរបស់យើង។ បន្ទាប់មកការបែងចែកពេលវេលាជាមួយគ្រួសារយើងឱ្យច្បាស់លាស់។ នាងខ្ញុំមានគោលគំនិតមួយសម្រាប់ខ្លួនឯងគឺ 
បើសិនធ្វើការ ខ្ញុំនឹងធ្វើឱ្យអស់ពីចិត្តពីថ្លើម ហើយចប់ការងារអាចទៅដើរលេងជាមួយគ្រួសារ ឬ អាចធ្វើអ្វីតាមការចង់បានរបស់យើង តែអ្វីដែលសំខាន់គឺការគាំទ្រពីស្វាមីដែរ»។
 
ចំពោះស្ថានភាពនៃការដឹកនាំអាជីវកម្មនេះ អ្នកស្រី ហេង ស្រីពេជ្រ ហាក់កក់ក្តៅក្នុងចិត្តច្រើន ដោយសារគ្លីនិកខ្លួន អាចទទួលបានអតិថិជនជាហូរហែរ តាមរយៈការផ្សព្វផ្សាយក្នុងបណ្តាញសង្គម និងតាមរយៈពីការណែនាំពីមាត់មួយទៅមាត់មួយផងដែរ។ កាន់តែពិសេសគឺ អ្នកស្រី និងស្វាមី បានជំរុញការផលិតធ្មេញសិប្បនិម្មិតដោយខ្លួនឯង ពីសារធាតុសេរ៉ាមិច ។ល។ ព្រមទាំងប្រកាន់ខ្ជាប់នូវ ភាពស្មោះត្រង់ គុណភាព និងសោភណ័ភាពថែមទៀតផង៕

អ្នកស្រី ហេង ស្រីពេជ្រ និង ស្វាមី
 

Tag:
 SME
  វិស័យសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com