អន្តរជាតិ
ប្រមុខUN៖ ការប្រឈមមុខដោយអាវុធនុយក្លេអ៊ែរលេចឡើងជាថ្មី ក្រោយស្ងប់ស្ងាត់ច្រើនទសវត្សន៍ 08, Aug 2022 , 3:29 pm
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបថត Xinhua
× អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៨ ខែសីហា បានព្រមានពីហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយប្រើអាវុធនុយក្លេអ៊ែរ ដែលលោកអះអាងថា កំពុងលេចឡើងជាថ្មី ក្រោយស្ងប់ស្ងាត់អស់ជាច្រើនទសវត្សន៍។ ប្រមុខUN រូបនេះ បានអំពាវនាវឱ្យប្រទេសមានអាវុធនុយក្លេអ៊ែរទាំងអស់ប្ដេជ្ញាចិត្តកុំប្រើប្រាស់ឱ្យសោះ។
អំឡុងទស្សនកិច្ចនៅទឹកដីជប៉ុន ដែលជាប្រទេសមួយគត់រងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គេលខាធិការអង្គការសហប្រជាជាតិ បានបង្ហាញពីក្ដីបារម្ភរបស់លោកចំពោះហានិភ័យនៃការប្រឈមមុខរវាងមហាអំណាចដែលមាននុយក្លេអ៊ែរ។
ក្នុងសន្និសីទមួយនៅទីក្រុងតូក្យូនៅថ្ងៃទី៨ ខែសីហា លោក ហ្គូតេរ៉េស លើកឡើងថា ហានិភ័យនៃការប្រឈមមុខគ្នាដោយអាវុធនុយក្លេអ៊ែរកំពុងលេចឡើងជាថ្មីម្ដងទៀតហើយ ក្រោយស្ងប់ស្ងាត់ច្រើនទសវត្សន៍គិតចាប់តាំងពីជំនាន់មានភាពតានតឹងដោយសង្គ្រាមត្រជាក់។ ទន្ទឹមនេះ ប្រមុខ UN ក៏បានអំពាវនាវឱ្យបណ្ដាប្រទេសមានអាវុធនុយក្លេអ៊ែរ មិនត្រូវប្រើប្រាស់អាវុធមហាប្រល័យនេះឡើយ។
លោក ហ្គូតេរ៉េស ក៏និយាយដល់វិបត្តិនៅអ៊ុយក្រែន ពិសេសការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រផលិតថាមពលដោយនុយក្លេអ៊ែរ Zaporizhzhia ដែលធំជាងគេនៅអឺរ៉ុប។ យោធារុស្ស៊ី វាយប្រហាររោងចក្រនេះពីរបីថ្ងៃមកហើយ។ លោក ហ្គូតេរ៉េស ព្រមានថាថា រាល់ការវាយប្រហារលើរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ ជាការធ្វើអត្តឃាត។
ការវាយប្រហារជបន្តបន្ទាប់លើរោងចក្រផលិតថាមពលនៅអ៊ុយក្រែន ធ្វើឱ្យខូចឧបករណ៍ចាប់សញ្ញាវិទ្យុសកម្មចំនួនបី និងកម្មករម្នាក់រងរបួសដែរ។
ទាក់ទិនបញ្ហានុយក្លេអ៊ែរ កាលពីសប្ដាហ៍មុន លោក ហ្គូតេរ៉េស ក៏បានរិះគន់រដ្ឋជាច្រើនដែលកំពុងស្វះស្វែងរកសន្តិសុខក្លែងក្លាយ តាមរយៈការចំណាយលុយជាច្រើនពាន់លានដុល្លារទិញអាវុធស្តុកទុកដែលនោះជាទង្វើមិនគួរមានលើពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com