ជាតិ
សង្គមជាតិ
សង្គមស៊ីវិលសង្កេតឃើញអាជ្ញាធរដាល់កូដករស្រ្តីម្នាក់ឲ្យសន្លប់ តែរដ្ឋបាលភ្នំពេញថា អាជ្ញាធរទេ ដែលរងហិង្សា
12, Aug 2022 , 12:30 pm        
រូបភាព
ក្រោយប៉ះទង្គិចជាមួយអាជ្ញាធរ កូដករជាស្រ្តីម្នាក់ ដេកលើដី ហើយកូដករជាគ្នាឯង បានជួយញីក្បាល និងកូដករជាស្រ្តីម្នាក់ទៀត មានឈាមលើខ្ទង់ច្រមុះ (រូបឈាម ត្រូវបានបិទ)។ រូបពីទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់
ក្រោយប៉ះទង្គិចជាមួយអាជ្ញាធរ កូដករជាស្រ្តីម្នាក់ ដេកលើដី ហើយកូដករជាគ្នាឯង បានជួយញីក្បាល និងកូដករជាស្រ្តីម្នាក់ទៀត មានឈាមលើខ្ទង់ច្រមុះ (រូបឈាម ត្រូវបានបិទ)។ រូបពីទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់
ក្នុងព្រឹត្តិការណ៍ប្រមូលផ្តុំគ្នាបន្តការតវ៉ានឹងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍ បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរជាថ្មីម្តងទៀត។ អង្គការសង្គមស៊ីវិល ដែលតាមដានមើលព្រឹត្តិការណ៍នេះ អះអាងថា ក្រុមអ្នកតវ៉ាមួយចំនូន ជាពិសេសជាស្រ្តី បានរងអំពើហិង្សាពីអាជ្ញាធរ ខណៈភាគីអាជ្ញាធរឯណោះវិញ ក៏មិននៅស្ងៀមដែរ ដោយបកស្រាយថា ខាងអាជ្ញាធរទៅវិញទេ ដែលរងអំពើហិង្សា។


«កូដករណាហ្កាវើលដ៍ម្នាក់ជាស្ត្រី ត្រូវបានអាជ្ញាធរម្នាក់ដាល់ចំច្រមុះ បណ្តាលឲ្យសន្លប់បាត់ស្មារតីមួយរយៈខ្លី ហើយហូរឈាម […]»។ នេះជាការលើកឡើងរបស់អង្គការលីកាដូ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអមជាមួយនឹងរូបថត១សន្លឹក ដែលបង្ហាញពីកូដករជាស្រ្តីម្នាក់នោះ អង្គុយនៅលើដី ហើយមានឈាមនៅលើខ្ទង់ច្រមុះនិងមាត់។

ប៉ុន្តែ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បកស្រាយតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖«[...] [ក្រុមបាតុករ] ពួកគេ បានប្រើហិង្សាថែមទៀតលើសមត្ថកិច្ច រហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួច»។

អង្គការលីកាដូ បានឲ្យដឹងថា អំពើហិង្សានេះ បានកើតឡើង នៅពេលដែលក្រុមកូដករ ព្យាយាមដើរឆ្លងកាត់របាំងបិទផ្លូវ (បារ៉ាស់) ដែលអាជ្ញាធរបានដាក់ ដើម្បីរារាំងពួកគេកុំឲ្យទៅឈរនៅមុខអគារកាស៊ីណូណាហ្កាវើលដ៍។ អង្គការលីកាដូ បន្តថា នគរបាល និងកម្លាំងចម្រុះប្រមាណ៨០នាក់ បានចាប់ផ្តើមប្រើហិង្សា ដូចជា វាយ ទាត់ធាក់ និងរុញច្រានក្រុមកូដករទាំងនោះ  ដែលភាគច្រើនជាស្ត្រី ដើម្បីមិនឲ្យពួកគេឆ្លងកាត់របាំង។ បើតាមអង្គការលីកាដូ ក្រុមកូដករ ក៏មានគ្នាប្រមាណ៨០នាក់ដែរ ដែលប្រមូលផ្តុំគ្នាលើកនេះ។

អ្នកនាំពាក្យរដ្ឋបាលភ្នំពេញ បំភ្លឺថា ក្រុមបាតុករ បានជាន់កម្ទេច និងបំផ្លាញរបាំង រហូតសមត្ថកិច្ច ត្រូវស្រាក់ដៃគ្នាធ្វើជារបាំងការពារ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ មិនខុសពីលើកមុនៗ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅតែមើលឃើញថា អ្វីដែលកើតឡើងក្នុងព្រឹត្តិការណ៍នេះ គឺជាការរៀបចំរបស់ក្រុមមនុស្សមួយក្តាប់តូច ដែលនៅពីក្រោយឆាក។

អ្នកនាំពាក្យ បរិយាយទៀតថា ការរៀបចំឆាកសម្តែងនេះ គឺដើម្បីទម្លាក់កំហុសលើអាជ្ញាធរ និងដើម្បីធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់អាជ្ញាធរគ្រប់ថ្នាក់។ បន្ថែមពីនេះ អ្នកនាំពាក្យ ប្រកាសថា អាជ្ញាធរមានសមត្ថកិច្ច នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីនាំជនដៃដល់ទៅផ្តន្ទាទោស ចំពោះសកម្មភាពបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើហិង្សា និងប្រមាថអាជ្ញាធរ។

សូមរម្លឹកថា ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍ បាននាំគ្នាចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ ចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ ដោយសារក្រុមហ៊ុន បញ្ឈប់បុគ្គលិកជាង៣០០នាក់ពីការងារ ក្រោមហេតុផថា ក្រុមហ៊ុន ជួបការលំបាកក្នុងអំឡុងជំងឺកូវីដ-១៩។ មកដល់ខែសីហា ឆ្នាំ២០២២ ក្នុងចំណោមអ្នកដែលត្រូវបញ្ឈប់ពីការងារនោះ មានចំនួនជាងពាក់កណ្តាលហើយ ដែលយល់ព្រមទទួលយកការទូទាត់ប្រាក់ដំណាច់ ហើយបញ្ឈប់ការតវ៉ា ខណៈនៅសល់ជាង១៥០នាក់ទៀត នៅតែបន្តតវ៉ា៕

Tag:
 ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com