ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិក្ខាកាម៣រូប ទទួលបានជំនាញពិត និងបទពិសោធន៍ពិតពីវគ្គបណ្តុះបណ្តាលហូកា
12, Aug 2022 , 2:59 pm        
រូបភាព
ភ្នំពេញ៖ ទោះបីជាជាប់រវល់នឹងការងារប្រចាំថ្ងៃយ៉ាងណាក៏ដោយ ក៏សិក្ខាកាម៣រូប នៅតែឆ្លៀតពេលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីអភិវឌ្ឍ និងបង្កើនចំណេះដឹងបន្ថែម។ តាមរយៈកា​រតស៊ូ និងសង្វាតក្នុងវគ្គបណ្ដុះបណ្ដាល បានធ្វើឱ្យសិក្ខាកាមចំនួន៣រូប ទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីយកទៅប្រើប្រាស់ និងចែករំលែកបន្តជូនដល់បុគ្គលិកដែលកំពុងបម្រើការងារនៅស្ថាប័នរបស់ពួកគេឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​។


លោក អ៊ូ រតនៈ ជាសិក្ខាកាមម្នាក់ក្នុងកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកា នៃក្រសួងទេសចរណ៍ និងជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន ប៉ារាឌីស ដែលស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី។ ទោះមានតួនាទីជាអ្នកគ្រប់គ្រងភោជនីយដ្ឋានក្ដី ក៏លោក រតនៈ នៅតែស្វះស្វែងរៀនសូត្របន្ថែម ដើម្បីឱ្យអាជីវកម្មដែលលោកដឹកនាំមានភាពរីកចម្រើន និងផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនអតិថិជន។ បុរសវ័យ៤៣ឆ្នាំរូបនេះ បានចូលរៀនវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រយៈពេល៦ថ្ងៃ ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តរតនគិរី។​
 
ដើមហេតុដែលនាំឱ្យលោក អ៊ូ រតនៈ ចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ដោយសារលោកគិតថាខ្លួននៅមានចំណុចខ្វះខាត និងចង់បំពេញចំណេះដឹងបន្ថែម។ អ្នកគ្រប់គ្រងរូបនេះ រៀបរាប់ថាក្រោយមានការផ្សព្វផ្សាយពីមន្ទីរទេសចរណ៍ខេត្តរតនគិរី លោកក៏ចាប់អារម្មណ៍ចូលរៀនវគ្គបណ្ដុះបណ្ដាលហូកា។ កម្មវិធីនេះ បានផ្ដល់ឱកាសដល់សិក្ខាកាមពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនបានកាន់តែច្បាស់លាស់ និងប្រសើរឡើងតាមរយៈការអនុវត្តផ្ទាល់ និងការធ្វើការជាក្រុម។  


លោក អ៊ូ រតនៈ ជាសិក្ខាកាមក្នុងកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកា។ 

កម្មវិធី ហូកា ក៏បានជួយពង្រឹងសមត្ថភាព និងជំរុញឱ្យលោក រតនៈ មានភាពជឿជាក់លើខ្លួនកាន់តែខ្លាំង។ លោក លើកឡើងថា៖ «កម្មវិធីនេះ ធ្វើឱ្យយើងមានសមត្ថភាពហើយ ធ្វើឱ្យយើងមានភាពជឿជាក់លើខ្លួនឯងទៀត។ យើងបានយកចំណុចទាក់ទងនឹងការរាក់ទាក់ភ្ញៀវមកអនុវត្ត។ យើងតែងជម្រាបសួរ ស្វាគមន៍ភ្ញៀវ ដោយពាក្យសម្ដីគួរសម មានភាពថ្លៃថ្នូរ ដែលធ្វើឱ្យភ្ញៀវចង់ស្ដាប់។ ភ្ញៀវខ្លះភ្ញាក់ខ្លួន ព្រោះឃើញកន្លែងតូច តែផ្ដល់សេវាកម្មល្អ ដែលលើសពីការរំពឹងទុករបស់ភ្ញៀវ»។ 
 
ការរៀបរាប់ខាងលើ គ្រាន់ជាចំណុចតូចមួយប៉ុណ្ណោះ ប៉ុន្តែនៅមានមេរៀនសំខាន់ៗជាច្រើនទៀត ដែលលោកទទួលបានពីកម្មវិធីនេះ។ លោក រតនៈ ពិតជារីករាយ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលហូកា និងបានចែករំលែកចំណេះជំនាញទាំងនោះ ទៅកាន់បុគ្គលិកនភោជនីយដ្ឋាន ផងដែរ។ អ្នកគ្រប់គ្រងរូបនេះ តែងប្រាប់បុគ្គលិកឱ្យផ្ដោតលើសេវាកម្ម អនាម័យដល់ភ្ញៀវ និងការគិតគូអំពីបរិស្ថានដើម្បីផ្ដល់សេវាកម្មល្អឱ្យអតិថិជនសប្បាយចិត្ត និងជាប់ចិត្ត។ 
 
ដោយឡែកយុវតី ហ៊ុន សូលីដា ដែលជាបុគ្គលិកផ្នែកឆុងកាហ្វេនៅហាងកាហ្វេមួយកន្លែង នៅក្នុងខេត្តស្ទឹងត្រែង ក៏ជាសិក្ខាកាមមួយរូប នៃវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកាផងដែរ។ ក្រោយចប់វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកាក្នុងឆ្នាំ២០២១ សូលីដា អះអាងថា វគ្គបណ្តុះបណ្តាលហូកា បានផ្លាស់ប្ដូររូបនាងជាច្រើន។ សិក្ខាកាមទំាងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាពដោយគ្រូបង្គោលជាតិ និងអាស៊ានដើម្បីឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជន។
  

កញ្ញា ហ៊ុន សូលីដា  សិក្ខាកាមក្នុងកម្មវិធីបណ្ដុះបណ្ដាលហូកា។ 

អ្នកឆុងកាហ្វេវ័យ២០ឆ្នាំរូបនេះ គិតថាវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកាពិតជាមានសារៈសំខាន់ និងល្អសម្រាប់សិក្ខាកាម។ ក្រៅពីមេរៀនគោល វគ្គបណ្ដុះបណ្ដាលហូកា ក៏បានបង្រៀនពីគោលការណ៍ និងការរៀបចំអាកប្បកិរិយា រួមទាំងសុជីវធម៌ផងដែរ។
 
«ខ្ញុំចង់ឱ្យកម្មវិធីនេះ ចុះមកបង្រៀនទៀត។ ព្រោះខ្ញុំអាចមានឱកាសចូលរួម ដើម្បីពង្រឹងសមត្ថភាពរបស់ខ្ញុំបន្ថែម។ កម្មវិធីនេះ មានគ្រូល្អៗមកចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលធ្វើឱ្យសមត្ថភាពខ្ញុំកាន់តែល្អប្រសើរជាងនេះ»។ 
 
បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកា យុវតី សូលីដា មិនបានបោះចោលចំណេះដែលបានរៀននោះទេ ពោលគឺនាងបានចែករំលែកដល់ក្រុមការងារ ដើម្បីឱ្យពួកគេយល់ពីចំណេះដឹងថ្មីៗ។ កញ្ញា ហ៊ុន សូលីដា និយាយទាំងសប្បាយចិត្តថា វគ្គបណ្ដុះបណ្ដាលនេះ បានរួមចំណែកធ្វើឱ្យនាងមានភាពជឿជាក់លើខ្លួនឯង ជាពិសេសជួយទទួលបានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។ 
 
មិនខុសពីយុវតីខាងលើនោះទេ លោក ឃឹម សារ៉ា ជាបុគ្គលិកនៅផ្ទះសំណាក់ និងភោជនីយដ្ឋានស៊ុនថា នាក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក៏មានឱកាសចូលរៀនវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកាផងដែរ។ លោក ឃឹម សារ៉ា បានរៀនលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។ មូលហេតុដែលជំរុញឱ្យលោក សារ៉ា តែងចូលរួមវគ្គបណ្ដុះបណ្ដាលហូកា ព្រោះវគ្គបណ្ដុះបណ្ដាលនីមួយៗ បានផ្ដល់ចំណេះថ្មីៗ និងមានសារៈសំខាន់ដល់កន្លែងការងាររបស់លោក។
 
លោក ឃឹម សារ៉ា បង្ហាញអារម្មណ៍រំភើបក្រោយចូលរួមវគ្គបណ្ដុះបណ្ដាលហូកា។ ក្រៅពីបង្រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ លោក សារ៉ា អះអាងថា វគ្គបណ្ដុះបណ្ដាលហូកា ក៏បានចែករំលែកពីការបម្រើសេវាកម្ម ការស្លៀកពាក់ និងឥរិយាបថ ចរិក ឫកពារបស់អ្នកផ្ដល់សេវាផងដែរ។ អតីតសិក្ខាកាមរូបនេះ ប្រាប់ពីចំណុចដែលយកមកអនុវត្តយ៉ាងដូច្នេះ៖ «គ្រូបង្គោលបានបង្រៀនយើងឱ្យយល់ដឹងពីការបម្រើសេវាកម្ម ចាប់តាំងពីភ្ញៀវចូលរហូតដល់ភ្ញៀវចេញ។ យើងត្រូវបម្រើសេវាកម្មជូនគាពួកត់ឱ្យបានល្អ ទាំងការលើកម្ហូប ដួសបាយ ដើម្បីឱ្យភ្ញៀវមានភាពសប្បាយរីករាយ។ ពេលដែលភ្ញៀវសរសើរយើង យើងពិតជាមានភាពរំភើបរីករាយជាខ្លាំង»។ 


 លោក ឃឹម សារ៉ា សិក្ខាកាមក្នុងកម្មវិធីហូកា ។ 

ចំណេះដែលលោក ឃឹម សារ៉ា ទទួលបានពិតជាមានប្រយោជន៍សម្រាប់លោក និងបុគ្គលិកដទៃ។ នៅពេលទំនេរពីការងារ លោក សារ៉ា តែងយកសៀវភៅដែលបានកត់ត្រាមេរៀន មកចែករំលែកដល់មិត្តរួមការងារឱ្យយល់ពីការបដិសណ្ឋារកិច្ចជូនភ្ញៀវ ជាពិសេសត្រូវនិយាយរួសរាយរាក់ទាក់ដល់ភ្ញៀវ។ 
 
សិក្ខាកាមទាំងបីខាងលើ សុទ្ធសឹងតែលើកទឹកចិត្តដល់យុវជននៅតាមទីជនបទ គួរចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេង ដើម្បីមានជំនាញផ្ទាល់ខ្លួន ដែលងាយស្រួលរកការងារមួយល្អសម្រាប់ខ្លួនឯង។ ទន្ទឹមនឹងនេះ សម្រាប់ការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ឱ្យបានដឹង ដែលធ្វើឱ្យយុវជនអាចទទួលបានឱកាសរៀន និងចាប់យកជំនាញមួយពិតប្រាកដ។ សិក្ខាកាមខាងលើ បន្តថា ការជួយដល់យុវជនឱ្យមានចំណេះជំនាញ នឹងចូលរួមកាត់បន្ថយភាពក្រីក្រ និងជៀសឆ្ងាយពីគ្រឿងញៀនផងដែរ។
 
សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាល ហូកា នៃក្រសួងទេសចរណ៍ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) សម្រេចបានការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ៨៨៤ រូប ក្នុងនោះស្រ្តីចំនួន ៥៩៦រូប។ កម្មវិធីបណ្ដុះបណ្ដាលនេះក៏កំពុងពង្រីកវិសាលភាពទៅកាន់ទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលលើវិស័យទេសចរណ៍។
 
គួរជម្រាបថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និង INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕
 

Tag:
 ហូកា
  ទេសចរណ៍
  វគ្គបណ្ដុះបណ្ដាល
  SDP
© រក្សាសិទ្ធិដោយ thmeythmey.com