អន្តរជាតិ
ប្រមុខUN អំពាវនាវឱ្យបង្កើតតំបន់គ្មានយោធា ក្រោយការវាយប្រហាររោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែនជាថ្មី 12, Aug 2022 , 3:33 pm
រូបភាព៖ AFP
× ក្រោយការបាញ់រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែនកើតឡើងជាច្រើនលើកច្រើនសារ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១១ ខែសីហា បានស្នើឱ្យបង្កើតតំបន់គ្មានយោធានៅទីនោះ ដោយសារភ័យខ្លាចពីគ្រោះមហន្តរាយ។
ប្រមុខអង្គការសហប្រជាជាតិ (UN) អង់តូនីញ៉ូ ហ្គូតេរ៉េស នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី១១ ខែសីហា បានអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រធំបំផុតនៅតំបន់អឺរ៉ុប និងបង្កើតតំបន់គ្មានយោធា។ ការអំពាវនាវរបស់ប្រមុខ UN បែបនេះ ធ្វើឡើងបន្ទាប់ពីមានការបាញ់ប្រហារជាថ្មីលើរោងចក្រមួយនេះ ក្នុងថ្ងៃទី១១ ខែសីហា ហើយវាអាចបង្កឱ្យមានមហន្តរាយនុយក្លេអ៊ែរ ប្រសិនបើសារធាតុវិទ្យុសកម្មបានធ្លាយចេញពីរោងចក្រ។
«ឧបករណ៍នេះ (គ្រាប់រ៉ុក្កែត) មិនត្រូវប្រើជាផ្នែកនៃប្រតិបត្តិការយោធាណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងបន្ទាន់ គឺត្រូវការជាចាំបាច់ដោយបង្កើតឱ្យមានបរិវេណសុវត្ថិភាពនៃការគ្មានយោធា ដើម្បីធានាសុវត្ថិភាពនៃតំបន់នោះ»។ ប្រមុខអង្គការសហប្រជាជាតិ លោក ហ្គូតេរ៉េស លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។
ក្នុងកិច្ចប្រជុំដដែល អាម៉េរិកបានគាំទ្រការអំពាវនាវរបស់ប្រមុខ UN ឱ្យមានតំបន់គ្មានយោធា និងបានជំរុញឱ្យទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) ចូលត្រួតពិនិត្យរោងចក្រនុយកក្លេអ៊ែរនោះផងដែរ។
រោងចក្រ Zaporizhzhia ដែលស្ថិតនៅក្រុង Enerhodar ភាគអាគ្នេយ៍អ៊ុយក្រែន ត្រូវបានវាយប្រហារលើកដំបូងនៅដើមខែមីនា ដោយរុស្ស៊ី បន្ទាប់ពីការឈ្លានពានក្នុងខែកុម្ភៈ ហើយក៏ធ្លាក់ចូលក្នុងដៃយោធារុស្ស៊ី ប៉ុន្តែរោងចក្រនេះនៅតែដំណើរការដោយកម្មករអ៊ុយក្រែនដដែល។
ទាក់ទិនបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទាមទារឱ្យរុស្ស៊ីប្រគល់រោងចក្រ Zaporizhzhia ទៅឱ្យអ៊ុយក្រែនវិញ។ ក្រសួងការបរទេសបារាំងក៏បានគាំទ្រការទាមទាររបស់អ៊ុយក្រែនដែរ ដោយបាននិយាយទៀតថា ការគ្រប់គ្រងរោងចក្រដោយរុស្ស៊ី នឹងនាំគ្រោះថ្នាក់ដល់ពិភលោក។
យ៉ាងណាមិញ អាជ្ញាធរដែលរុស្ស៊ីចាត់តាំងនៅតំបន់នោះអះអាងថា កងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហាររោងចក្រ Zaporizhzhia ដោយគ្រាប់រ៉ុក្កែតជាច្រើនដែរ ដោយធ្វើឱ្យខូចខាតដល់អគាររដ្ឋបាល និងតំបន់ក្បែរនោះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហាររោងចក្រ Zaporizhzhia ដែលអាចនាំឱ្យមានមហន្តរាយនុយក្លេអ៊ែរ ពេលសារធាតុវិទ្យុសកម្មធ្លាយចេញពីរោងចក្រ៕
Tag:
រុស្ស៊ី
អ៊ុយក្រែន
UN
© រក្សាសិទ្ធិដោយ thmeythmey.com