រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace នៅថ្ងៃទី១១ ខែសីហា បានយល់ឃើញថា រុស្ស៊ីទំនងជាមិនជោគជ័យក្នុងសង្គ្រាមអ៊ុយក្រែនទេ ស្របពេលប្រទេសលោកខាងលិចបានសន្យាផ្តល់ជំនួយ ១,៥៥ពាន់លានដុល្លារ បន្ថែមទៀត ដើម្បីជួយយោធាអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។
ថ្លែងក្នុងសន្និសីទក្រុងកូប៉ិនហាក លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិអង់គ្លេសបានរៀបរាប់ពីស្ថានភាពរអាក់រអួលរបស់រុស្ស៊ីក្រោយលុកលុយអ៊ុយក្រែន ហើយកំពុងចាប់ផ្ដើមថយកម្លាំងបណ្ដើរៗ។ ស្របគ្នានេះ ប្រទេសចំនួន ២៦ បានប្ដេជ្ញារួមគ្នាផ្ដល់ជំនួយហិរញ្ញវត្ថុ និងយោធាបន្ថែមទៀត ដើម្បីជួយយោធាអ៊ុយក្រែន។
តាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ជំនួយសរុបមានចំនួន ១,៥៥ពាន់លានដុល្លារ។ ជំនួយហិរញ្ញវត្ថុទាំងនេះ ទុកសម្រាប់ផ្គត់ផ្គង់អាវុធដែលមានស្រាប់ មីស៊ីល គ្រាប់កាំភ្លើង បង្កើនផលិតកម្មអាវុធសម្រាប់អ៊ុយក្រែន ពង្រឹងការហ្វឹកហាត់ទាហានអ៊ុយក្រែន ហើយជួយដល់ការបោសសម្អាតមីននៅអ៊ុយក្រែន។
«ការប្ដេជ្ញាត្រូវបានបង្កើតឡើង ដើម្បីជួយឱ្យអ៊ុយក្រែនឈ្នះ ដើម្បីជួយអ៊ុយក្រែនក្រោកឈរឡើងសម្រាប់អធិបតេយ្យភាពរបស់ខ្លួន និងដើម្បីធានាថាមហិច្ឆតារបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បរាជ័យក្នុងសង្គ្រាមអ៊ុយក្រែនដែលរុស្ស៊ីគួរតែទទួលបាន»។ លោក Wallance លើកឡើងបែបនេះ ក្នុងសន្និសីទនៅដាណឺម៉ាក ដែលរៀបចំដោយប្រទេស ៣ រួមមាន អង់គ្លេស អ៊ុយក្រែន និងដាណឺម៉ាក។
ការប្តេជ្ញាចិត្តរួមគ្នាជួយអ៊ុយក្រែននេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងកៀវ អំពាវនាវម្តងហើយម្តងទៀតទៅបណ្ដាប្រទេសលោកខាងលិចឱ្យបញ្ជូនអាវុធបន្ថែមទៀត រួមទាំងកាំភ្លើងធំរយៈចម្ងាយឆ្ងាយផងដែរ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំដដែលនោះផងដែរ បានថ្លែងអំណរគុណដល់សម្ព័ន្ធមិត្តអឺរ៉ុប ដែលជាដៃគូអាចទុកចិត្តបាន។ លោក Reznikov បានសរសេរលើបណ្ដាញសង្គមTwitter ថាអ៊ុយក្រែនមានទ័ពដ៏ខ្លាំង និងមានដៃគូទុកចិត្តជាច្រើន ហើយនេះគឺជាហេតុផលដែលនឹងនាំឱ្យអ៊ុយក្រែនឈ្នះសង្គ្រាម។
កន្លងមក អ៊ុយក្រែនទទួលបានជំនួយអាវុធពីបណ្ដាប្រទេសលោកខាងលិចយ៉ាងច្រើនលានដុល្លារ ហើយកាលពីដើមខែសីហានេះ អ៊ុយក្រែនបានអះអាងថាខ្លួនបានទទួលអាវុធធុនធ្ងន់ពីអាល្លឺម៉ង់ និងអាម៉េរិក។ អង់គ្លេសក៏បានបរិច្ចាគប្រព័ន្ធសព្វាវុធទំនើបៗ ហើយសន្យាផ្ដល់លុយ ៣០៩លានដុល្លារ រួមទាំងរ៉ុក្កែត និងមីស៊ីល M31A1 ដែលអាចបាញ់បានចម្ងាយ ៨០គីឡូម៉ែត្រ។
យ៉ាងណាមិញ ការផ្ដល់ជំនួយអាវុធទៅឱ្យអ៊ុយក្រែនធ្វើឱ្យរុស្ស៊ីចោទលោកខាងលិចថាបង្កជម្លោះឱ្យកាន់តែតានតឹងឡើង ខណៈការធ្វើប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែនគ្រាន់តែមានបំណង ការពារសន្តិសុខរបស់រុស្ស៊ីប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់អង្គការណាតូប៉ុណ្ណោះ។ ឯអ៊ុយក្រែន និងសម្ពន្ធមិត្តវិញក៏បានចោទប្រកាន់រុស្ស៊ីថាកំពុងធ្វើសង្គ្រាមចក្រពត្តិដែលចង់ពង្រីកអំណាច និងទឹកដី៕