កីឡាជាតិ
ជាតិ
CPL៖ ព្រះខ័នរាជ​ទទួលគីរីវង់, ណាហ្គាជួបបឹងកេត, ក្រោនប៉ះទ័ព ឯវិសាខាទៅជួបថាយហ្គឺរ
13, Aug 2022 , 7:59 am        
រូបភាព
 ការប្រកួតរវាងក្រុមណាហ្គាវើលដ៍(ស្វាយ) និងអង្គរថាយហ្គឺរ(ស)នាពេលកន្លងទៅ។ រូបពី Cambodia Preamier Leage
ការប្រកួតរវាងក្រុមណាហ្គាវើលដ៍(ស្វាយ) និងអង្គរថាយហ្គឺរ(ស)នាពេលកន្លងទៅ។ រូបពី Cambodia Preamier Leage
ដោយ: ថ្មីៗ
ណាហ្គាវើលដ៍ ត្រូវតទល់បឹងកេត ខណៈអង្គរថាយហ្គឺរ ស្វាគមន៍វិសាខា ។ ចំណែកព្រះខ័នរាជស្វាយរៀង ទទួលគីរីវង់សុខសែនជ័យ និងភ្នំពេញក្រោន ជួបកងយោធពលខេមរភូមិន្ទ ក្នុងជំនួបសប្តាហ៍ទី១៥ នៃក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ថ្ងៃទី១៣ ខែសីហា។
 
ណាហ្គាវើលដ៍ ត្រូវតទល់ជាមួយក្រុមបឹងកេត នាទឹកដីស្មាត អ.អេស.អិន ម៉ោង៣៖៣០នាទីរសៀល។ ក្រុមទាំងពីរជួបគ្នា៩ លើក ដោយណាហ្គាវើលដ៍ឈ្នះ៥ ស្មើ២ និងចាញ់២។ ៣ប្រកួតចុងក្រោយរបស់ ណាហ្គាវើលដ៍ ក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ចាញ់ព្រះខ័នរាជស្វាយរៀង ១-០, ចាញ់ភ្នំពេញក្រោន ៤-១ និងចាញ់អង្គរថាយហ្គឺរ ២-០។ 


ក្រុមបាល់ទាត់បឹងកេត។ រូបពី Cambodia Preamier Leage 
 
ទោះបីបរាជ័យក្នុង៣ប្រកួតចុងក្រោយក៏ពិតមែន តែសម្រាប់គ្រូបង្វឹកណាហ្គាវើលដ៍ លោក ឃឹម បូរី នៅតែមានជំនឿចិត្តលើកូនក្រុមយ៉ាងមុតមាំ និងការត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតនេះ។ «ចំពោះយើងបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនេះ យើងរំពឹងថានឹងទទួលបាន៣ពិន្ទុ ទោះបីយើងធ្វើមិនបានល្អបីប្រកួតចុងក្រោយក៏ដោយក៏ខ្ញុំនៅតែមានជំនឿចិត្តលើពួកគាត់»។ សម្តីលោក ឃឹម បូរី ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ។
 
សម្រាប់ក្រុមបឹងកេត ៣ប្រកួតចុងក្រោយរបស់គេធ្វើបានល្អដោយបានយកឈ្នះលើក្រុមភ្នំពេញក្រោន ២-១ ឈ្នះគីរីវង់សុខសែនជ័យ ៤-០ និងឈ្នះវិសាខា ៣-២។ មុននឹងការប្រកួតមកដល់ លោក ហូវ សុជាតិ គ្រូបង្វឹកក្លិបបាល់ទាត់បឹងកេត ប្រាប់សារព័ត៌មានថ្មីៗថា ទោះបីទទួលជោគជ័យប៉ុន្មានប្រកួតចុងក្រោយក៏ដោយ តែការជួបជាមួយណាហ្គា មិនអាចធ្វេសប្រហែសបានឡើយ ។ 


ការប្រកួតរវាងក្រុមព្រះខ័នរាជ(ខៀវ) និងគីរីវង់សុខសែនជ័យ(ស) កន្លងទៅ។ រូបពី ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង

លោកបន្ថែមថា៖«យើងបានរៀបចំបានល្អដោយសារកីឡាករជាប់វិន័យបានត្រឡប់មកជួយក្រុមវិញ។ចំពោះការដែរយើងទទួលបានលទ្ឋផលល្អប៉ុន្មានប្រកួតកន្លងមកនេះ ក៏យើងនៅតែមិនអាចថាយកឈ្នះលើណាហ្គា១០០ភាគរយ បានដែរ ពីព្រោះណាហ្គាក៏ជាក្រុមខ្លាំងមួយក្នុងការប្រជែងតារាងលេខ៤(Top4)។
 
ក្នុងពេលជាមួយគ្នាអង្គរថាយហ្គឺរ ទទួលក្រុមភ្ញៀវ វិសាខា នាកីឡដ្ឋានហនុមាន ។ ក្រុមទាំងពីរជួបគ្នា ៥លើក ដោយម្ចាស់ផ្ទះពុំដែលស្គាល់ពាក្យឈ្នះភ្ញៀវឡើយ ពោលចាញ់វិសាខា ៣-១,៣-១,២-១,៣-១ និង៣-១។ ៣ប្រកួតចុងក្រោយរបស់ក្រុមមានមូលដ្ឋាននៅសៀមរាបនេះ ចាញ់២ និងឈ្នះ១ រីឯភ្ញៀវចាញ់២ និងឈ្នះ១ដូចគ្នា។
 
ឈានដល់ម៉ោង ៦និង៣០ នាទីល្ងាច ព្រះខ័នរាជស្វាយរៀង​ បើកទ្វាកីឡដ្ឋានទឹកដីរបស់ខ្លួនស្វាគមន៍ភ្ញៀវ គីរីវង់សុខសែនជ័យ ដែលក្រុមទាំងពីរជួបគ្នា ៥លើកម្ចាស់ផ្ទះ មិនដែលស្គាល់ពាក្យចាញ់ភ្ញៀវឡើយ ពោល ព្រះខ័នរាជស្វាយរៀង ឈ្នះ ៤-២, ៦-០, ៦-០, ៣-១ និង៤-១។ ៣ប្រកួតចុងក្រោយព្រះរាជស្វាយរៀង ឈ្នះ២ និងចាញ់១ ខណៈគីរីវង់ ចាញ់២ និងឈ្នះ១។ 
 
នាកីឡដ្ឋានស្តាតចាស់ កងយោធពលខេមរភូមិន្ទ ត្រូវស្វាគមន៍ភ្ញៀវ ភ្នំពេញក្រោន។ ក្រុមទាំងពីរជួបគ្នា ៧លើកមកហើយ ដោយក្រុមភ្ញៀវឈ្នះ៣ ស្មើ៣ និងចាញ់១។ ៣ប្រកួតកន្លងមករបស់ម្ចាស់ផ្ទះទ័ព ឈ្នះ២ និងចាញ់១ ខណៈសិង្ហក្រហម ក៏ដូចគ្នាគឺឈ្នះ២ និងចាញ់១៕
 

Tag:
 បាល់ទាត់
 ក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com