ជាតិ
បញ្ហាលើសទម្ងន់ ដុះក្បាលពោះ​លើមនុស្ស​ពេញវ័យ កើនឡើងគួរឲ្យព្រួយបារម្ភនៅកម្ពុជា
13, Aug 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អង្គការហ្រ្គេត (Gret) បញ្ហាលើសទម្ងន់ ឬដុះក្បាលពោះលើមនុស្សពេញវ័យនៅកម្ពុជាកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។ ជាក់ស្ដែងនៅឆ្នាំ២០២២នេះ មនុស្ស​ប្រមាណ២០០០លាននាក់នៅលើពិភពលោក ត្រូវបានគេរកឃើញមានបញ្ហាធាត់ និងដុះក្បាលពោះ ក្នុងនោះកម្ពុជាមានចំនួន ៩,៥ភាគរយ។

 
ទីប្រឹក្សាបច្ចេកទេសនៃអង្គការហ្រ្គេត ប្រចាំកម្ពុជា លោកស្រី Justine Scholle បានលើកឡើងថា ការដុះក្បាលពោះ ឬលើសទម្ងន់ កំពុងក្លាយជាបញ្ហាថ្មីរបស់ពិភពលោក រួមទាំងកម្ពុជា។ បញ្ហានេះ បណ្ដាលមកពីការហូបផ្អែម និងអាហារសម្បូរទៅដោយជាតិខ្លាញ់ដូចជា អាហារ​បំពង ឬផ្អាប់​ ម្ហូប​អាហារ និង​ភេសជ្ជៈ ដែល​ដាក់​ជាតិ​ស្ករ​ច្រើនជាដើម។
 
ជុំវិញបញ្ហានេះ លោកស្រី ឆឿន សោភារី មន្រ្តីទទួលបន្ទុកកម្មវិធីអាហារូបត្ថម្ភនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងដែរថា បច្ចុប្បន្ន ពលរដ្ឋកម្ពុជា ចាប់ផ្ដើមងាកមកបរិភោគប្រភេទអាហារ Fast Food កាន់តែច្រើន។ អាហារប្រភេទនេះ ពុំសូវមានសារធាតុចិញ្ចឹម និងសម្បូរទៅដោយខ្លាញ់ ប៊័រ និងម្សៅ ដែលបំប្លែងទៅស្ករស្តុកនៅក្នុងខ្លួន ធ្វើឱ្យឡើងទម្ងន់។ ម្យ៉ាងទៀត ការទទួលទាន់ពពួកភេសជ្ជៈសម្បូរជាតិស្ករ និងស្រាបៀប្រភេទស្រូវសាលី ក៏ជាកត្តាសំខាន់មួយបណ្ដាលឱ្យឡើងទម្ងន់ និងដុះក្បាលពោះផងដែរ។
 
លោកស្រី ពន្យល់ថាដូច្នេះថា៖«បញ្ហាដុះក្បាលពោះនេះ បណ្ដាលមកពីការហូបច្រើនលើពពួកម្សៅដូចជា បាយ នំប៉័ង គុយទាវ និងដំឡូងជាដើម។ ប្រសិនបើយើងហូបច្រើន ខ្លួនប្រាណមនុស្សយើងប្រើប្រាស់អត់អស់ទេ អ៊ីចឹងវា នឹងបំប្លែងទៅជាខ្លាញ់ បើមនុស្សប្រុសផ្ទុកក្នុងក្បាលពោះ រីឯស្រ្តី​ ផ្ទុកដំបូងគេគឺនៅត្រគាក និងភ្លៅ។ លើសពីនេះ ការបរិភោគភេសជ្ជៈដែលមានស្ករច្រើនដូចជាស្រាបៀ និងទឹកក្រូចជាដើម ក៏ធ្វើឱ្យឡើងក្បាលពោះលឿនដែរ»។
 
អ្វីដែលព្រួយបារម្ភ បញ្ហាលើសទម្ងន់ ឬដុះក្បាលពោះនេះ នឹងអាចធ្វើឱ្យមនុស្សកើតជំងឺ«មិនឆ្លង» ដូចជាទឹកនោមផ្អែម លើសឈាម គាំងបេះដូង និងដាច់សរសៃខួរក្បាលជាដើម។ ដូច្នេះ លោកស្រី  ឆឿន សោភារី ណែនាំឱ្យកាត់បន្ថយប្រើប្រាស់ស្ករ ម្សៅ ខ្លាញ់ ភេសជ្ជៈ និងស្រា ហើយងាកទៅហាត់ប្រាណ និងបរិភោគបន្លែធម្មជាតិជំនួសវិញ។
 
គួរបញ្ជាក់ថា បច្ចុប្បន្ន អង្គការហ្រ្គេត (Gret) បានបង្កើតគម្រោង កែលម្អស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប ដើម្បីធ្វើយ៉ាងណាចូលរួមលើកកម្ពស់ការយល់ដឹងអំពីវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាឱ្យកាន់តែប្រសើឡើង៕
 
 
 
 
 

Tag:
 សុខភាព
  ដុះក្បាលពោះ
  ធាត់
© រក្សាសិទ្ធិដោយ thmeythmey.com