អន្តរជាតិ
អតីតប្រធានាធិបតីរុស្ស៊ី ព្រមានពីគ្រោះថ្នាក់នុយក្លេអ៊ែរដែលអាចកើតមាននៅអឺរ៉ុប
13, Aug 2022 , 10:29 pm        
រូបភាព
អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev។ រូបភាព៖ AFP
អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev។ រូបភាព៖ AFP
អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev បានគំរាម ប្រទេសលោកខាងលិចពីគ្រោះថ្នាក់នុយក្លេអ៊ែរ ដោយសារពួកគេតែងតែបានចោទរុស្ស៊ីថា បានបង្កហានិភ័យគ្រោះថ្នាក់នុយក្លេអ៊ែរ តាមរយៈការដាក់ពង្រាយទ័ពជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន។
 
អ៊ុយក្រែន តែងតែចោទរុស្ស៊ីថាបានវាយប្រហារលើតំបន់ប្រជុំជនអ៊ុយក្រែនដោយពួកគេ ​ដឹងថា កងកម្លាំងអ៊ុយក្រែនមិនអាចប្រថុយវាយបកទៅវិញនោះទេ។​ បន្ថែមពីនេះ ក្រុងកៀវ និង ប្រទេសលោកខាងលិច​នៅតែចោទរុស្ស៊ីថាបានវាយប្រហាររោងចក្រ នុយក្លេអ៊ែរ Zaporizhzhia ដែលអាច បង្កគ្រោះថ្នាក់នុយក្លែអ៊ែ ទោះបីជារុស្ស៊ីបន្តប្រកែកថាមិនបានធ្វើក៏ដោយ។
 
ខណៈអ៊ុយក្រែន និងសម្ព័ន្ធមិត្តបន្តចោទប្រកាន់បែបនេះ ភាគីរុស្ស៊ីក៏បានបញ្ជាក់ឡើងវិញថា​ ខ្លួនមិនបានវាយប្រហារនោះឡើយ ដោយគំរាមដាក់ប្រទេសលោកខាងលិចវិញថា គ្រោះថ្នាក់នុយក្លេអ៊ែរអាចនឹង​កើតឡើងនៅបណ្ដាប្រទេសលោកខាងលិច។
 
«ពួកគេ (ក្រុងកៀវ និងសម្ព័ន្ធមិត្ត) និយាយថារុស្ស៊ីជាអ្នកធ្វើ។ វាច្បាស់ណាស់ថា ការលើក ឡើងនេះមិនសមហេតុសមផលមួយរយភាគរយ សូម្បីតែសម្រាប់ជនជាតិរុស្ស៊ីដែលឆោតល្ងង់»។ លោក Medvedev​​ បានបង្ហោះសារលើប្រព័ន្ធបញ្ជូនសារ Tetegram បែបនេះនៅ ថ្ងៃទី១២ ខែសីហា។
 
លោក Medvedev​​ ក៏ព្រមានថា សហភាពអឺរ៉ុប (EU) ក៏មានរោងចក្រនុយក្លេអ៊ែរដែរ ដូ​ច្នេះ គ្រោះថ្នាក់នុយក្លេអ៊ែរអាចមាននៅអឺរ៉ុប។
 
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែសីហា យល់ឃើញថា សកម្មភាព យោធាក្បែររោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែនអាចនាំផលវិបាកដ៏គ្រោះថ្នាក់។ ទន្ទឹមនេះ អគ្គនាយកទីភ្នាក់ងារ​ថាមពលអាតូមិកអន្តរជាតិលោក Rafael Grossi បានទទូចឱ្យទាំងរុស្ស៊ី និងអ៊ុយក្រែនអនុញ្ញាតឱ្យអ្នកជំនាញនុយក្លេអ៊ែរទៅវាយតម្លៃការខូចខាត បញ្ហាសុវត្ថិភាពនិង សន្តិសុខជាបន្ទាន់ នៅឯបរិវេណរោងចក្រនុយក្លេអ៊ែរ Zaporizhzhia៕ 
 
 
 

Tag:
 រុស្ស៊ី
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com