អន្តរជាតិ
ស្រីលង្កា យល់ព្រមឱ្យនាវាយោធាចិនចតនៅកំពង់ផែខ្លួន ទោះឥណ្ឌាមិនពេញចិត្ត
14, Aug 2022 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ស្រីលង្កា បានអនុញ្ញាតឱ្យនាវាយោធាចិនមួយចូលចតនៅកំពង់ផែរបស់ខ្លួន នៅថ្ងៃទី១៦ ខែសីហាខាងមុខ ទោះបីជាឥណ្ឌាបានលើកឡើងជាច្រើនដងពីការមិនពេញចិត្ត និងការបារម្ភពីនាវាចិនដែលអាចឈ្លបយកការណ៍យោធារបស់ខ្លួន។ ការណ៍នេះ អាចនឹងបង្កភាពតានរវាងស្រីលង្កា និងប្រទេសជុំវិញលើបញ្ញាសន្តិសុខ និងការផ្លាស់ប្តូរស្ថានការណ៍តំបន់សមុទ្រឥណ្ឌា។
 
តាមកាសែតស្រីលង្កា Times Online LK រដ្ឋាភិបាលស្រីលង្កានៅថ្ងៃទៅ១២ ខែសីហា បានផ្ដល់ការអនុញ្ញាតដល់នាវាយោធាចិន Yuan Wang-5 ចូលចតនៅកំពុងផែរបស់ខ្លួន Hambantota​ ដើម្បីបញ្ចូលប្រេងឥន្ទនៈបន្ថែម។
 
អាជ្ញាធរកំពង់ផែស្រីលង្កា លោក  Nirmal P Silva បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដូចគ្នាថា លោកបានទទួលព័ត៌មានពីក្រសួងការបរទេសទាក់ទិននឹង នាវាចិននោះចូលចតនៅកំពង់ផែ Hambantota រយៈពេល ៦ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា។
 
«ខ្ញុំបានទទួលការអនុញ្ញតការទូតនៅថ្ងៃនេះ។ ពួកយើងនឹងធ្វើការជាមួយទីភ្នាក់ងារតំបន់ ដើម្បីជួយសម្រួលដល់ការចូលចតរបស់នាវា»។ លោក Silva ក៏បានបញ្ជាក់បែបនេះ។ នាវាយោធា Yuan Wang 5 ត្រូវបានពិពណ៌នាថាជានាវាស្រាវជ្រាវ និងអង្កេតការណ៍។ 
 
បើតាមមន្ទីរបញ្ចកោណ នាវាយោធាចិន Yuan Wang-5 ត្រូវបានគ្រប់គ្រងដោយកម្លាំងគាំទ្រ យុទ្ធសាស្ត្រនៃកងទ័ពរំដោះប្រជាជន (PLA) ឬជាកងកម្លាំងស្នូលរបស់ក្រុងប៉េកាំង។ កប៉ាល់ទាំងនេះត្រូវបានបំពាក់ដោយអង់តែនកំពូល និងឧបករណ៍អេឡិចត្រូនិកដែលគាំទ្រការបាញ់បង្ហោះមីស៊ីល និងត្រួតពិនិត្យមីស៊ីល និងគ្រាប់រ៉ុក្កែត។ ទាក់ទិននឹងបញ្ហានេះ ឥណ្ឌា និងប្រទេស ជិតខាងបារម្ភខ្លាចនាវាយោធានោះ ឈ្លបការណ៍លើកងកម្លាំងយោធារបស់ខ្លួន ហើយ នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពតំបន់។
 
គួរបញ្ជាក់ថា នាវាយោធាចិននេះបានគ្រោងចូលចតនៅកំពង់ផែ Hambantota តាំងពីថ្ងៃទី ១១ ខែសីហា តែត្រូវផ្អាកវិញ ដោយសាររដ្ឋាភិបាលស្រីលង្កាស្នើសុំការពន្យារពេលក្រោម ហេតុផលមានតម្រូវការពិគ្រោះយោលបល់ថែមទៀត។ ការសម្រេចចិត្តពន្យារពេលនេះត្រូវ បានមើលឃើញថា ជាការដាក់សម្ពាធពីឥណ្ឌា។
 
យ៉ាងណាមិញ នៅថ្ងៃទី១៣ ខែសីហា ឥណ្ឌាបានប្រកែកថា ខ្លួនមិនបានដាក់សម្ពាធលើ ស្រីលង្កា ដើម្បីឱ្យនាវានោះត្រឡប់ទៅវិញនោះឡើយ។អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Arindam Bagchi បានសង្កត់ធ្ងន់ថា​ ឥណ្ឌាមិនបានធ្វើ​បែបនោះឡើយ ដោយសារស្រីលង្កាជាប្រទេសដែលមានអធិបតេយ្យភាពមួយ និងធ្វើការសម្រេចចិត្តដោយឯករាជ្យ៕
 
 
 
 

Tag:
 ស្រីលង្កា
  ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com