អន្តរជាតិ
បុរសវ័យ​៨២​ឆ្នាំ ឡើង​ភ្នំដល់ទៅ២៨២ទីតាំងនៅស្កុតឡែនដើម្បី​រៃអង្គាស​ថវិកាសប្បុរសធម៌
14, Aug 2022 , 6:29 pm        
រូបភាព
ដោយ: ធីតា
លោក​ Nick Gardner ដែលឈាន​ដល់អាយុ៨២​ឆ្នាំ ទើបបញ្ចប់បេសកកម្ម​របស់ខ្លួន លើ​ការឡើង​ភ្នំ Munros ដល់​ទៅ២៨២ទីតាំង​នៅទូទាំង​ប្រទេស​ស្កុតឡែន។ បើតាម​ការផ្សាយ​របស់ The Guardian លោកបានបង្កើតយុទ្ធនាការនេះឡើងគឺដើម្បីបុព្វហេតុ​មនុស្សធម៌។
 
នៅស្កុតឡែន Munro គឺសំដៅ​លើ​ភ្នំដែលមានកម្ពស់​ចាប់ពី៣០០០ហ្វីត (៩១៤,៤ម៉ែត្រ) ឡើង​ទៅ។ ការហៅនេះ គឺ​យក​តាមឈ្មោះរបស់ Sir Hugh Munro ដែលជាអតីតអ្នកឡើង​ភ្នំនៅស្កុតឡែនដ៏ល្បីល្បាញម្នាក់។ លោក Nick Gardner ដែលរស់នៅភូមិ Gairloch បាន​ចាប់ផ្តើមយុទ្ធនាការ​របស់ខ្លួ​នពីខែកក្កដា ឆ្នាំ២០២០ ហើយឈាន​ដល់​ទី​បញ្ចប់​នៅកំពូលភ្នំ Cairn Gorm កាលពី​ចុងសប្តាហ៍​កន្លងមក។
 

 
មូលហេតុដែល​ជីតានៃ​ចៅ៤នាក់ រូបនេះ ផ្តើម​យុទ្ធនាការឡើង​ភ្នំ បន្ទាប់ពី​លោកយាយ Janet ដែលជាភរិយា ស្ថិតក្រោម​ការថែទាំ ដោយសារតែជំងឺ​វង្វេងវង្វាន់ Alzeheimer និងជំងឺពុក​ឆ្អឹង។ សកម្មភាព​របស់​លោកតា ទទួលបាននូវការគាំទ្រទាំងស្រុងពីសំណាក់ក្រុម​គ្រួសារ។
 
ជាអតីតគ្រូបង្រៀនរូបវិទ្យា លោកតា Gardner  មិន​ដែលមាន​ប្រវត្តិឡើង​ភ្នំ Munro ពីមុនមកនោះឡើយ។ យុទ្ធនាការ​របស់​លោក ពេលខ្លះក៏មាន​ការចូលរួមពី​សំណាក់​ក្រុមគ្រួសារ និងមិត្តភក្តិផងដែរ។ ក្រោយ​ឡើង​ដល់លើកំពូលភ្នំ Cairn Gorm ធ្វើ​ឲ្យ​ចម្ងាយ​ដែលលោកតា Gardner ឡើង​សរុប​ដល់ទៅជាង​៥០ម៉ឺនហ្វីត (១៥ម៉ឺន២ពាន់​ម៉ែត្រ)។
 
ចម្ងាយដែល​លោកតា Gardner ឡើង​សរុប​នៅ​លើភ្នំ Munro ទាំង​២៨២ទីតាំងនៅស្កុតឡែន គឺ​ស្មើ​នឹង​កម្ពស់​ភ្នំអេវឺរ៉ែស (Mount Everest) ១៧ដង។ ជាមួយ​គ្នានេះ ចម្ងាយ​នៃ​ដំណើរ​សរុប​ដែលគាត់​បាន​ដើរ គឺប្រមាណ​២០០០ម៉ាយ៍ (៣២១៨គីឡូម៉ែត្រ) ដែលស្មើ​នឹងដំណើរពីក្រុង Edinburgh ទៅប្រទេសក្រិក។
 
លោកបានបញ្ជាក់ថា ក្នុងចំណោម​ភ្នំទាំងអស់​ដែល​លោកបានឡើង មាន​ភ្នំ Munros ចំនួន​១១ ដែល​លោកបាន​ចំណាយពេល​ពីរថ្ងៃ ខណៈភ្នំ Isle of Skye គឺ​មានលក្ខណៈពិបាក​ខ្លាំងជាងគេបំផុត។ 
 

ក្នុងយុទ្ធនាការ​របស់​ខ្លួន លោកតា Gardner រៃអង្គាសថវិកា​បានជាង៦ម៉ឺនផោន (ជាង​៧ម៉ឺន​ដុល្លារអាម៉េរិក) សម្រាប់មន្ទីរព្យាបាល Alzheimer Scotland and the Royal Osteoporosis Society (ROS)។ លោក​តា​បាន​រៀបរាប់ថា៖ «ខ្ញុំមិនមានតួនាទីមើលថែរក្សា​ភរិយារបស់ខ្ញុំទៀតឡើយ ដោយសារតែគាត់​ស្ថិតក្រោម​ការព្យាបាល។ ដូច្នេះខ្ញុំ​ត្រូវមានគម្រោងផ្ទាល់​ខ្លួន​សម្រាប់ជីវិតខ្ញុំ»។
 
ជាមួយគ្នានេះ អ្នកស្រី Sally McKenzie ដែលជាកូន​ស្រីម្នាក់ក្នុងចំណោម​ពីរនាក់​ បានស្នើ​ទៅសៀវភៅកំណត់ត្រាពិភពលោក Guinness Book of World Records ដើម្បី​ចុះ​ឈ្មោះឪពុកខ្លួនក្នុងនាមជាមនុស្ស​ចំណាស់ជាងគេ​ដែល​ឡើង​បណ្តាភ្នំ Munros នៅស្កុតឡែន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com