អន្តរជាតិ
ចិន និងថៃ ចាប់ផ្តើមសមយុទ្ធកងទ័ពអាកាសរួមគ្នា
15, Aug 2022 , 11:59 am        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី 

សមយុទ្ធកងទ័ពអាកាសរួមគ្នាប្រចាំឆ្នាំរវាងចិន និងថៃ ដែលមានឈ្មោះថា «Falcon Strike» បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៤​ ខែសីហា នៅមូលដ្ឋានកងទ័ព Wing 23 នៃទ័ពអាកាសថៃ (RTAF) នៅទីក្រុង Udon Thani ។
 
ចិន និងថៃ បានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា នៅថ្ងៃទី១៤​ ខែសីហា នៅមូលដ្ឋានកងទ័ព Wing 23 នៃទ័ពអាកាសថៃ (RTAF) នៅទីក្រុងថៃ Udon Thani។ នេះគឺជាសមយុទ្ធកងទ័ពអាកាសលើកដំបូងរវាងភាគីទាំងពីរនៅក្នុងបរិបទការរីករាលដាលជំងឺកូវីដ​១៩ បន្ទាប់ពីមានការផ្អា្កកបណ្តោះអាសន្នរយៈពេល២ឆ្នាំ តាំងពីឆ្នាំ2020 ដោយសារជំងឺរាតត្បាតកូវីដ១៩។ 
 
សមយុទ្ធកងទ័ពអាកាស «Falcon Strike» នេះ មានរយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា នៅភាគឦសានរបស់ថៃ ហើយវាត្រូវបានធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងការយល់ដឹងជាមួយចិន។ នេះបើតាមមេបញ្ជាការកងទ័ពអាកាសថៃ លោក Prapas Sornchaidee។​
 
ក្នុងសមយុទ្ធនេះ កងទ័ពអាកាសចិននឹងបញ្ជូន យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានទុកជាមុន (AEW) រួមទាំងបញ្ចូលការហ្វឹកហ្វឺនសម្រាប់ការគាំទ្រផ្លូវអាកាស ការវាយប្រហារគោលដៅលើដី និងការដាក់ពង្រាយកងទ័ពទាំងតូច និងធំ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិចិននៅថ្ងៃទី១២​ ខែសីហា។
 
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដដែលនេះ បានសង្កត់ធ្ងន់ថា សមយុទ្ធរួមគ្នានេះមានគោលបំណងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាពរវាងកងទ័ពអាកាសនៃភាគីទាំងពីរ ធ្វើឱ្យស៊ីជម្រៅចំពោះកិច្ចសហប្រតិបត្តិការនៃការអនុវត្ត និងបន្តជំរុញការអភិវឌ្ឍនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងចិន និងថៃ។
 
គួរបញ្ជាក់ថា សមយុទ្ធ «Falcon Strike» នេះ បានធ្វើឡើង​ បន្ទាប់ពីសមយុទ្ធ Super Garuda Shield ដ៏ធំបំផុតរបស់អាម៉េរិកបានធ្វើឡើងនៅដើមខែសីហា នៅឥណ្ឌូណេស៊ី ជាមួយឥណ្ឌូណេស៊ី អូស្ត្រាលី ជប៉ុន និងសិង្ហបុរី និងសមយុទ្ធយោធាដ៏ធំបំផុតរបស់ចិនបានធ្វើឡើងនៅជុំវិញកោះតៃវ៉ាន់ ដែលជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក ណាន់ស៊ី ប៉េឡូស៊ី។ 
 
សមយុទ្ធកងទ័ពអាកាសរួមគ្នារវាង​ ចិន ​និង​ថៃ​ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ​ចាប់ផ្តើមតាំងពី​ឆ្នាំ​២០១៥​ និងត្រូវបានផ្អាកធ្វើរយៈពេល២ឆ្នាំនៅឆ្នាំ២០២០ ដល់​២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ​១៩៕ 
 

Tag:
 ចិន
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com