ជាតិ
សម្តេច ហ៊ុន សែន ចោទសួរថា ហេតុអ្វីត្រូវជ្រួលច្របល់? បើកដេប៉ាតឺម៉ង់វៀតណាម គ្មានអ្វីខាតទេ
23, Aug 2022 , 8:57 am        
រូបភាព
ដោយ: ថ្មីៗ
បន្ថែមពីលើការបកស្រាយរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនាពិធីចែកសញ្ញាបត្រនាព្រឹកថ្ងៃអង្គារនេះថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនៅកម្ពុជា ផ្តល់ផលចំណេញដល់ពលរដ្ឋខ្មែរ។
 
«វាមានតែចំណេញ វាអត់មានអីខាតទេ អ្នកឯងចេះបារាំង អង់គ្លេស ឬភាសាអ្វីក៏ដោយ គឺអត់មានអីខាតទេ។ រឿងអីបានជានាំគ្នាជ្រួលច្របល់?»។ នេះជាការចោទសួររបស់សម្តេចនាយករដ្ឋមន្ត្រី ដោយសម្តែងការហួសចិត្តចំពោះការលើកឡើងថា ការបង្កើតដេប៉ាតឺម៉ង់វៀតណាម នឹងបង្កើតបញ្ហាកម្ពុជាក្រោមទីពីរ។
 
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ដេប៉ាតឺម៉ង់វៀតណាម មិនយកនិស្សិតវៀតណាមមកបង្រៀនវៀតណាមនៅខ្មែរនោះឡើយ។ «ផលចំណេញគឺខ្មែរយើងទេ ហេតុអ្វីបានថា ផលចំណេញ បើយើងបានបណ្តុះបណ្តាលនៅទីនេះ រួចហើយយើងបញ្ជូនចេញទៅ  គឺងាយស្រួលទាំងកងទ័ព ទាំងនគរបាល ទាំងផ្នែកស៊ីវិល»។
បច្ចុប្បន្ននិស្សិតខ្មែរកំពុងរៀននៅវៀតណាមជាង១០០០នាក់ ដូចគ្នាផងដែរ និស្សិតពីបណ្តាប្រទេសផ្សេងទៀត ក៏ពួកគេត្រូវឲ្យនិស្សិតរៀនភាសាខ្មែរផងដែរ មុននឹងមករៀននៅខ្មែរ។
 
ប្រមុខរដ្ឋាភិបាល បានលើកឡើងថា ការរៀនភាសាវៀតណាម ផ្តល់ភាពងាយស្រួលសម្រាប់អ្នកចង់ធ្វើធុរកិច្ចជាមួយវៀតណាម រីឯអ្នកដែលចង់រកស៊ីជាមួយវៀតណាម ក៏អាចបញ្ជូនកូនចៅរបស់ខ្លួនទៅរៀននៅដេប៉ាតឺម៉ង់វៀតណាមផងដែរ៕
 

 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com