អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េ​ខាង​ត្បូង ចង់បានការឆ្លើយតបរួមគ្នាជាមួយ​អង់គ្លេស​ចំពោះ​ច្បាប់​អតិផរណា​របស់​អាម៉េរិក
01, Sep 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង Ahn Duk-geun។ រូបថតពីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង
រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង Ahn Duk-geun។ រូបថតពីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង
ដោយ: ថ្មីៗ
ដោយ៖ ហ៊ួយ ស៊ីវលី 
 
កូរ៉េខាងត្បូង នៅថ្ងៃទី១ ខែកញ្ញា អំពាវនាវអង់គ្លេសឱ្យមានការឆ្លើយ​តប​រួម​គ្នាចំពោះច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក ដែលលែងផ្តល់សិទ្ធិឱ្យរថយន្តអគ្គិសនីដែលដំឡើងនៅខាងក្រៅអាមេរិកខាងជើងទទួលបានឥណទានពន្ធ។
 
ការអនុម័តច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក ធ្វើឱ្យកូរ៉េខាងត្បូងមានការព្រួយបារម្ភយ៉ាងខ្លាំងពិសេសផលប៉ះពាល់អវិជ្ជមាននៃច្បាប់ថ្មីនេះលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុករបស់កូរ៉េខាងត្បូង។
 
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Ahn Duk-geun លើកឡើងសំណើឱ្យមានការពិភាក្សាអំពីវីធីសាស្ត្រដោះស្រាយជាមួយនឹងច្បាប់ថ្មីរបស់អាម៉េរិកជាមួយអង់គ្លេសក្នុងជំនួបជាមួយបេសកជនពាណិជ្ជកម្មរបស់អង់គ្លេសប្រចាំកូរ៉េខាងត្បូង John Whittingdale នៅថ្ងៃទី១ ខែកញ្ញានៅទីក្រុងសេអ៊ូល។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង។
 
យោងតាមការិយាល័យរបស់លោក Ahn Duk-geun ក្នុងជំនួបនេះ កូរ៉េខាងត្បូងចង់បានការសហការជាមួយអង់គ្លេស ដើម្បីឆ្លើយតបនឹងច្បាប់កាត់បន្ថយអតិផរណារបស់អាម៉រិករួមគ្នា ដោយសារតែច្បាប់នេះនឹងមិនរាប់បញ្ចូលរថយន្តអគ្គិសនីដែលដំឡើងនៅខាងក្រៅអាមេរិកខាងជើងឱ្យមានសិទ្ធិទទួលបានឥណទានពន្ធទេ។ 
 
ឥណទានពន្ធ គឺជាចំនួនថវិកាជាក់លាក់មួយដែលរដ្ឋាភិបាលអាម៉េរិកឱ្យទៅអ្នកដែលទិញរថយន្តអគ្គិសនី ដើម្បីយកទៅកាត់ពន្ធលើប្រាក់ចំណូលដែលអ្នកទិញនោះជំពាក់រដ្ឋវិញ។ នេះមានន័យថា ពលរដ្ឋអាម៉េរិកដែលចង់ទិញរថយន្តផលិតក្រៅអាម៉េរិកខាងជើង នឹងមិនអាចទទួលបានការផ្ដល់កម្ចីទិញឡានឡើយ។
 
ច្បាប់កាត់បន្ថយអតិផរណារបស់អាម៉រិកត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី១៦ ខែសីហា។ ច្បាប់នេះនឹងផ្តល់ឥណទានពន្ធចំនួន៧,៥០០ដុល្លារសម្រាប់តែអ្នកដែលទិញរថយន្តអគ្គិសនីដែលដំឡើងនៅក្នុងអាម៉េរិកខាងជើងតែប៉ុណ្ណោះ។ ចំណែកអ្នកដែលទិញរថយន្តអគ្គិសនីដែលដំឡើងនៅខាងក្រៅអាម៉េរិកខាងជើងនឹងលែងទទួលបានការផ្ដល់កម្ចីបែបនេះទៀតហើយ។ 
 
ច្បាប់ថ្មីដែលចូលជាធរមាននៅឆ្នាំ២០២៣នេះ នឹងប៉ះពាល់ដល់ការនាំចេញរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូងចំនួន១០០,០០០គ្រឿងក្នុងមួយឆ្នាំ ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុករបស់កូរ៉េខាងត្បូងដូចជាHyundai Motor Company, Kia Corporation ជាដើមនឹងមិនមានសិទ្ធទៀតទេក្នុងការទទួលបានឥណទានពន្ធសម្រាប់អតិថិជនរបស់ពួកគេ។ 
 

Tag:
 កូរ៉េខាងត្បូង
  អង់គ្លេស
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com