អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្រីលង្កា ឈានដល់កិច្ចព្រមព្រៀង IMF សម្រាប់​កម្ចី​ជាង២,៩ពាន់​លាន​ដុល្លារ
01, Sep 2022 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ប្រទេសស្រីលង្កាដែលរងគ្រោះយ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស បានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ការទទួលប្រាក់កម្ចីប្រមាណជាង២,​៩​ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ IMF ដែលចេញផ្សាយនៅថ្ងៃទី១​ ខែកញ្ញា។

ស្រីលង្កាដែលជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បានចាប់ផ្តើមចរចាលើកម្ចីជំនួយបន្ថែមពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) តាំងពីខែមេសា ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ ប៉ុន្តែកញ្ចប់ជំនួយនេះ ហាក់ចរចាមិនបានសម្រេច ដ្បិតបញ្ហានយោបាយក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ជំរុញឱ្យមានការពន្យារពេលម្តងហើយម្ដងទៀត។ 
 
«គោលបំណងនៃកម្មវិធីថ្មីដែលគាំទ្រផ្នែកមូលនិធិដល់ស្រីលង្កាគឺមានគោលបំណងស្តារស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាពបំណុលឡើងវិញក្នុងប្រទេសឡើងវិញនៅរយៈពេល៤៨ខែក្រោមមូលនិធិបន្ថែមរបស់ IMF»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ IMF ដែលចេញផ្សាយនៅថ្ងៃទី១​ ខែកញ្ញា។
 
កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ថ្នាក់​គ្រប់គ្រង​របស់ IMF និង​ក្រុមប្រឹក្សា​ប្រតិបត្តិ។ លើសពីនេះ IMF ក៏ទាមទារការធានាផ្នែកហិរញ្ញប្បទានពីម្ចាស់បំណុលផ្លូវការរបស់ស្រីលង្កាផងដែរ។
 
«ការបន្ធូរបន្ថយបំណុលពីម្ចាស់បំណុលស្រីលង្កា និងការផ្តល់ហិរញ្ញប្បទានបន្ថែមពីដៃគូពហុភាគីនឹងត្រូវបានរឿងចាំបាច់ដើម្បីជួយធានានិរន្តរភាពបំណុលនិងស្ថានភាពហិរញ្ញវត្ថុរបស់ស្រីលង្កា»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមបែបនេះ។ 
 
គួរបញ្ជាក់ថា ស្រីលង្កាត្រូវរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ខណៈត្រូវសងបំណុលជាង៣០ពាន់លានដុល្លារ​ផ្សេងទៀត។ បច្ចុប្បន្នជប៉ុនបានត្រៀមខ្លួនក្នុងការពិភាក្សាជាមួយម្ចាស់បំណុលសំខាន់ៗផ្សេងទៀតរបស់ស្រីលង្ការួមទាំងឥណ្ឌា និងចិនផងដែរ។
 
ប្រទេសដែលកំពុងរុំព័ទ្ធដោយបំណុលនេះ កំពុងស្វែងរករហូតកញ្ចប់ជំនួយជាង៣​ពាន់លានដុល្លារពី IMF ក្នុងគោលបំណងដើម្បីរំដោះខ្លួនចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីការទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ ១៩៤៨ មក។ ស្រីលង្កាបច្ចុប្បន្នក៏កំពុងប្រឈមមុខនឹងការខ្វះខាតប្រេងសាំង និងទំនិញចាំបាច់ដ៏ទៃទៀត ដែលធ្វើឱ្យស្ថានភាពនយោបាយក្នុងប្រទេសមានភាពចលាចល និងបង្កឱ្យមានអតិផរណាផងដែរ​៕
 

Tag:
 ស្រីលង្កា
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com