អន្តរជាតិ
ក្រុងប៉េកាំង ជំរុញឱ្យក្រុងតូក្យូឈប់ប្រើលេសជុំវិញការគំរាមកំហែងរបស់ចិន ដើម្បីអភិវឌ្ឍយោធា
02, Sep 2022 , 10:09 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក  Wang Wenbin។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាពយកពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី១ ខែសីហា បានទទូចឱ្យជប៉ុនឈប់ប្រើពាក្យការគំរាមកំហែងសន្តិសុខពីសំណាក់ចិន ដែលជាលេសសម្រាប់អភិវឌ្ឍកម្លាំងយោធាខ្លួន។ បើតាមក្រុងប៉េកាំង រដ្ឋាភិបាលក្រុងតូក្យូ គួរតែទាញមេរៀនពីប្រវត្តិសាស្រ្ត និងគោរពការព្រួយបារម្ភផ្នែកសន្តិសុខរបស់ប្រទេសជិតខាង។
 
បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រីណាន់ស៊ី ផេឡូស៊ី ប្រធាសភាតំណាងអាម៉េរិកនៅតៃវ៉ាន់ ចិន បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត រួមទាំងមីស៊ីលផង។ ជប៉ុន បានអះអាងថា គ្រាប់មីស៊ីលមួយចំនួន បានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ បន្ទាប់ពីហេតុការណ៍នេះ រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃទី៣១ ខែឧសភា បានអះអាងថា ខ្លួននឹងអភិវឌ្ឍ និងផលិតមីស៊ីលប្រដេញ និងមីស៊ីលប៉ាលីស្ទិក ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីសំណាក់ចិន និងរុស្ស៊ី។ 
 
ក្រោយការបញ្ជាក់បែបនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រតិកម្មយ៉ាងខ្លាំង។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានជំរុញជប៉ុន គួរតែទាញមេរៀនពីប្រវត្តិសាស្រ្ត និងគោរពក្តីបារម្ភផ្នែកសន្តិសុខរបស់ប្រទេសជិតខាង។ 
 
ឆ្លើយសំណួរអ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែកញ្ញា ជុំវិញការអភិវឌ្ឍមីស៊ីលរបស់ជប៉ុន មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានបន្តថា ការប្រើប្រាស់ពាក្យគំរាមកំហែងរបស់ចិន ដើម្បីអភិវឌ្ឍគម្រោងមីស៊ីល និងសមត្ថភាពវាយប្រហារតបវិញ គឺជប៉ុន កំពុងព្យាយាមបំពានរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ខ្លួន និងត្រលប់ទៅរកការពង្រីកកម្លាំងយោធា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ យល់ថា ការប្រើពាក្យគំរាមកំហែងរបស់ចិន គ្រាន់ជាលេសដើម្បីពង្រីកកម្លាំងយោធារបស់ជប៉ុនប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា ជប៉ុនកំពុងស្វះស្វែងរកការបង្កើនការចំណាយលើវិស័យយោធាសម្រាប់ឆ្នាំ ២០២៣ រហូតដល់៤០ពាន់លានដុល្លារ ស្របពេលនាយករដ្ឋមន្រ្តីជប៉ុនសន្យាបង្កើនថវិកាលើវិស័យការពារជាតិ ក្នុងរយៈពេល ៥ឆ្នាំ៕ 
 

Tag:
 ចិន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com