អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើងរិះគន់អ្នកជំនាញសិទ្ធិមនុស្ស UN ថ្មីថាលម្អៀង និងជាអាយ៉ងរបស់អាម៉េរិក
02, Sep 2022 , 11:18 am        
រូបភាព
ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ថា ជាមនុស្សលម្អៀង និងជាអាយ៉ងអាម៉េរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មានមជ្ឈិម​កូរ៉េខាង​ជើង (KCNA) នៅថ្ងៃទី២ ខែកញ្ញា។
 
អ្នកជំនាញទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកូរ៉េខាងជើងលោកស្រី Elizabeth Salmon កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​លើក​ដំបូង​​​ទៅ​កូរ៉េ​ខាង​ត្បូង​ចាប់​តាំង​ពី​ចូល​កាន់​តំណែង​កាល​ពី​ខែ​សីហា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រី Salmon បានអះអាងថា ស្ថានភាពសិទ្ធិ​មនុស្ស​របស់​កូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានវិធានការដ៏តឹងរ៉ឹងជាងពីរឆ្នាំដើម្បី​ទប់ស្កាត់ការរីក​រាល​ដាលជំងឺកូវីដ-១៩។
 
ដូចរាល់ដង ទីក្រុងព្យុងយ៉ាងបានច្រានចោលការចោទពីការរំលោភសិទ្ធិមនុស្ស និងបានរិះគន់ការ​ស៊ើប​អង្កេតរបស់ UN លើបញ្ហានេះថា ជាគម្រោងដែលគាំទ្រដោយអាម៉េរិក ដើម្បីជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុ​ង​របស់ខ្លួនប៉ុណ្ណោះ។
 
«ពួកយើងបានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរជាគោលការណ៍របស់យើងថា ពួកយើងមិន​ទទួល​ស្គាល់ ឬជជែកជាមួយអ្នករាយការណ៍ពិសេសដែលគ្រាន់តែជាអាយ៉ងរបស់អាម៉េរិ​កប៉ុណ្ណោះ»។ ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេស​កូរ៉េខាង​ជើង​មួយ​រូប​បែបនេះ។
 
អ្នកនាំពាក្យរូបនោះក៏បានបន្តថា ទីក្រុងព្យុងយ៉ាងនឹងមិនលើកលែងឱ្យអាម៉េរិក និងក្រុមសិទ្ធិមនុស្ស​របស់អាម៉េរិកដែលតែងតែប្រឆាំងនឹងកូរ៉េខាងជើងដើម្បីផ្ដួលរំលំប្រព័ន្ធសង្គមនិយមរបស់​ប្រទេស​មួយ​នេះឡើយ។
 
គួរបញ្ជាក់ថា របាយការណ៍របស់ UN ថ្មីៗនេះ បានសង្កត់ធ្ងន់ពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់​កូរ៉េខាងជើងដែលបានធ្វើឱ្យការរំលោភសិទ្ធិមនុស្សរបស់ប្រទេសនេះកាន់តែធ្ងន់ធ្ងរឡើង។ បើតាម UN កូរ៉េខាងជើង បានរឹតត្បិតបន្ថែមលើប្រជាជនក្នុងការទទួលបានព័ត៌មាន រឹតបន្តឹងព្រំដែនសន្តិសុខ​ព្រំដែន និងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល៕
 

Tag:
 កូរ៉េខាងជើង
  UN
© រក្សាសិទ្ធិដោយ thmeythmey.com