អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមការងារ IAEA នឹងបន្តការងារត្រួតពិនិត្យនៅរោងចក្រ Zaporizhzhia លុះត្រាមានស្ថិរភាព
02, Sep 2022 , 11:59 am        
រូបភាព
លោក Rafael Grossi ប្រធានទីភ្នាក់ងារព័ត៌មានអាតូមិកអន្តរជាតិ។ រូបថត AFP
លោក Rafael Grossi ប្រធានទីភ្នាក់ងារព័ត៌មានអាតូមិកអន្តរជាតិ។ រូបថត AFP
ដោយ:
ក្រុមការងារអន្តរជាតិដឹកនាំដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងបន្តនៅត្រួតពិនិត្យស្ថានការណ៍នៅរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia លុះត្រាតែស្ថានភាពនៅទីនោះមានស្ថិរភាពជាងនេះ។ ស្ថានការណ៍នៅរោងចក្រថាមពលនេះ ក្លាយក្ដីបារម្ភរបស់សហគមន៍អន្តរជាតិដោយសារតែការប្រយុទ្ធទៅមករវាងរុស្ស៊ី និងអ៊ុយក្រែន។
 
ប្រធាន IAEA លោក Rafael Grossi និងក្រុមការងារនៅថ្ងៃទី១​ ខែកញ្ញា បានទៅដល់រោងចក្រ Zaporizhzhia របស់អ៊ុយក្រែនដែលស្ថិតក្នុងដៃរុស្ស៊ី ខណៈក្រុងកៀវ និងក្រុងមូស្គូនៅតែចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហារនៅតំបន់ជុំវិញដែលអាចបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរ។
ការទៅដល់នេះ កើតឡើងបន្ទាប់ពីត្រូវបានពន្យាពេលជាច្រើនម៉ោងដោយសារបានបាញ់ផ្លោងនៅជុំវិញទីក្រុង Enerhodar ទីដែលរោងចក្រស្ថិតនៅតែម្ដង។ 
 
តាមការបញ្ជាក់របស់ក្រុមហ៊ុននុយក្លេអ៊ែរអ៊ុយក្រែន Energoatom ដែលគ្រប់គ្រងដំណើរការរោងចក្រ Zaporizhzhia លោក Grossi និងអ្នកជំនាញផ្សេងទៀតបានទៅពិនិត្យមើលរោងចក្រ Zaporizhzhia ជាច្រើនម៉ោង ហើយបានចាកចេញវិញនៅពេលរសៀលថ្ងៃទី១ ខែកញ្ញា ខណៈក្រុមការងារ៥នាក់ទៀតនឹងបន្តតាមដាននៅទីនោះដល់ថ្ងៃទី៣ ខែកញ្ញា។ 
 
«យើងមិនទៅណាទាំងអស់។ ក្រុម IAEA ឥឡូវមកដល់រោងចក្រហើយ​ ហើយនឹងបន្តនៅទីនោះ»។ ប្រធាន IAEA ប្រាប់អ្នកកាសែតបែបនេះដោយបន្តថា វាច្បាស់ណាស់ រោងចក្រ និងផ្នែកខាងក្រៅនៃរោងចក្រត្រូវបានបំពានជាច្រើនលើក ហើយអ្នកជំនាញ IAEA នឹងផ្តល់ការវាយតម្លៃដោយមិនលម្អៀងចំពោះអ្វីដែលកំពុងកើតឡើងនៅទីនោះ។ 
 
ទាក់ទងរឿងនេះ នៅមុនការទៅដល់របស់ក្រុម IAEA ទាំងមន្រ្តីអ៊ុយក្រែន និងរុស្ស៊ី បានរាយការណ៍ពីការប្រយុទ្ធគ្នានៅក្បែររោងចក្រ Zaporizhzhia។ បើតាមអភិបាលតំបន់អ៊ុយក្រែន លោក Oleksandr Starukh កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងទៅលើផ្លូវដែល IAEA គ្រោងធ្វើដំណើរឆ្លងកាត់ទៅរោងចក្រ។ បន្ថែមពីនេះ ក្រុមហ៊ុន​ Energoatom ក៏បានលើកឡើងដែរថា រ៉េអាក់ទ័រមួយក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រពីរដែលដំណើរការត្រូវបានបិទទៀតដោយសារការវាយប្រហារពីសំណាក់រុស្ស៊ី។ 
 
ចំណែកក្រសួងការពារជាតិរុស្ស៊ីអះអាងថា កងកម្លាំងអ៊ុយក្រែនបានបើកប្រតិបត្តិការចង់ដណ្តើមយករោងចក្រថាមពលនេះទៅវិញ។ បើតាមក្រសួងការពារជាតិរុស្ស៊ី កងទ័ពអ៊ុយក្រែន ៦០ នាក់បានហែលឆ្លងកាត់ទន្លេ Dnipro ដែលបែងចែកទឹកដីរបស់ភាគីទាំងពីរ ហើយប្រតិបត្តិការនេះត្រូវបានរុស្ស៊ីហៅថា ជាការបង្ករឿងក្នុងបំណងបង្អាក់ទស្សនកិច្ចរបស់ IAEA ។
 
រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានកងកម្លាំងរុស្ស៊ីដណ្តើមបានតាំងពីដើមខែមីនា។ រុស្ស៊ី និងអ៊ុយក្រែនតែងចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហារនៅតំបន់ជុំវិញដែលអាចបង្កើតហានិភ័យគ្រោះមហន្តរាយនុយក្លេអ៊ែរដូចនៅ Chernobyl ដែរ។ ក្រុងកៀវចោទថា ក្រុងមូស្គូប្រើប្រាស់រោងចក្រ Zaporizhzhia ជាខែលដើម្បីវាយប្រហារខ្លួន ហើយយកទិន្នផលពីរោងចក្រទៅផ្គត់ផ្គង់បណ្តាញអគ្គិសនីរបស់រុស្ស៊ីទៀតផង។ ប៉ុន្តែ ក្រុងមូស្គូបានច្រានចោលរឿងនេះ ហើយក៏មិនដកទ័ពចេញពីរោងចក្រតាមការអំពាវនាវពីអន្តរជាតិដែរ៕ 
 
 

Tag:
 អ៊ុយក្រែន
  IAEA
© រក្សាសិទ្ធិដោយ thmeythmey.com