អន្តរជាតិ
នាយករដ្ឋមន្ត្រីតៃវ៉ាន់ ថា ការបាញ់ទម្លាក់ដ្រូនមិនស្គាល់អត្តសញ្ញាណក្បែរឆ្នេរចិន ជារឿងត្រឹមត្រូវ
02, Sep 2022 , 2:00 pm        
រូបភាព
ទិដ្ឋភាពចម្រូងលើកោះ Kinmen ដែលនៅមិនឆ្ងាយពីទីក្រុង Xiamen របស់ចិន។ រូបថត AFP
ទិដ្ឋភាពចម្រូងលើកោះ Kinmen ដែលនៅមិនឆ្ងាយពីទីក្រុង Xiamen របស់ចិន។ រូបថត AFP
នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ Su Tseng-chang លើកឡើងនៅថ្ងៃទី២ ខែកញ្ញា ថា ការបាញ់ទម្លាក់ដ្រូន​មិនស្គាល់អត្តសញ្ញាណមួយក្បែរឆ្នេរសមុទ្រចិន ជាចំណាត់ការសមស្របបំផុត​បន្ទាប់ពីបានព្រមាន​ជា​ច្រើនលើកមកហើយ។
 
ជាលើកដំបូងបង្អស់ យោធាកោះតៃវ៉ាន់បានបាញ់ទម្លាក់ដ្រូនស៊ីវិលដែលមិនត្រូវបានស្គាល់ អត្តសញ្ញាណ ខណៈដែលដ្រូននោះបានហោះចូលជិតដែនអាកាសនៃកោះ Kinmen ដែលតៃវ៉ាន់គ្រប់​គ្រង ហើយស្ថិតនៅជាប់នឹងទីក្រុង Xiamen របស់ចិនកាលពីថ្ងៃទី១ ខែកញ្ញា។ 
 
ការបាញ់ទម្លាក់នេះបានកើតឡើងក្រោយរដ្ឋាភិបាលក្រុងតៃប៉ិបានសន្យាថា នឹងចាត់វិធានការដ៏តឹង​រ៉ឹង​បំផុតដើម្បីដោះស្រាយជាមួយការកើនឡើងនៃការឈ្លានពានដែនអាកាសនិងដែនទឹកពី​សំណាក់​ចិន​។ ថ្មីៗនេះកោះតៃវ៉ាន់ក៏បានត្អូញត្អែរម្តងហើយ​ម្តងទៀតអំពីការយាយី​ដោយដ្រូនចិ​នដែល​បាន​ហោះហើរ​ត្រង់ទៅជិតកោះ Kinmen ។
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី២ ខែកញ្ញា លោក Su Tseng-cheng បានបញ្ជាក់ជាថ្មីថា តៃវ៉ាន់​បានចេញការព្រមានដដែលៗ ហើយក៏បានស្នើឱ្យចិនកុំឱ្យទៅ​ទន្ទ្រានជិត​ដែន​អាកាស​របស់​ខ្លួន​។
 
«ពួកគេបានព្រងើយកន្តើយនឹងការព្រមានរបស់យើងម្តងហើយម្តងទៀតក្នុងការចាកចេញឱ្យឆ្ងាយ ហើយយើងគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការការពារខ្លួន និងការបាញ់»។ លោក Su លើក​ឡើង​បែប​នេះ រួចសង្កត់ធ្ងន់ថា វិធានការនេះជា​ប្រតិកម្ម​សមស្រប​បំផុត​បន្ទាប់​ពី​មាន​ការអត់ធ្មត់​​​​​ និងការ​ព្រមាន​ម្តងហើយ​ម្តង​ទៀត។
 
នៅថ្ងៃដែលដ្រូននោះត្រូវបានបាញ់ទម្លាក់ ក្រសួងការបរទេសចិនឯណោះ បញ្ជាក់ថា ក្រុងប៉េកាំង មិន​មានអ្វីដែលគួរឱ្យបារម្ភពីរឿងនេះនោះឡើយ។
 
គួរបញ្ជាក់ថា កោះតៃវ៉ាន់បានគ្រប់គ្រងកោះ Kinmen ដែលស្ថិតនៅចម្ងាយតែពីរទៅបីរយ​ម៉ែត្រពី​ឆ្នេរ​សមុទ្រចិនតាំងពី​សង្គ្រាម​ស៊ីវិល​ក្នុង​ឆ្នាំ១៩៤៩។ ក្នុងអំឡុងសង្គ្រាមត្រជាក់ ចិនតែងតែ​បាញ់​ផ្លោង​លើ​កោះ Kinmen និងកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ផ្សេងទៀតនៅតាមឆ្នេរសមុទ្រចិន ប៉ុន្តែឥឡូវនេះ​កោះទាំងនោះបានក្លាយជាគោលដៅទេសចរណ៍៕
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com