អន្តរជាតិ
លោក ហ្គូតេរ៉េស​ ទទូចឱ្យចិនធ្វើតាមអនុសាសន៍ប្រមុខសិទ្ធិមនុស្ស UN ជុំវិញបញ្ហានៅស៊ីនជាំង
02, Sep 2022 , 4:00 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត AFP
ដោយ:
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញូ ហ្គូតេរ៉េស នៅថ្ងៃទី១ ខែកញ្ញា បានជំរុញឱ្យរដ្ឋាភិបាលចិនធ្វើតាមអនុសាសន៍របស់ប្រមុខសិទ្ធិមនុស្សនៅក្នុងរបាយការណ៍ចេញថ្ងៃទី៣១ ខែសីហា។ ជាមួយការរកឃើញថា ការធ្វើទុក្ខបុកម្មេញ និងពលកម្មដោយបង្ខំពិតជាកើតមាននៅតំបន់ស៊ីនជាំង ស្ថាប័នសិទ្ធិមនុស្ស UN ក៏ស្នើឱ្យទីក្រុងប៉េកាំងលើកកម្ពស់សិទ្ធិមនុស្សឱ្យប្រសើរដែរ។
 
មុនបញ្ចប់អាណត្តិជាឧត្តមស្នងការអង្គការសហប្រជាជាតិ(UN)ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានបញ្ចេញរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង​ដែលស្ថិតនៅភាគពាយព្យចិន។ 
 
ភ្ជាប់ជាមួយការវាយតម្លៃក្នុងរបាយការណ៍ ប្រមុខសិទ្ធិមនុស្ស UN ក៏បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងចាត់វិធានការដោះលែងបុគ្គលទាំងអស់ដែលត្រូវបានឃុំខ្លួនបំបិទសិទ្ធិសេរីភាព​នៅតំបន់ស៊ីនជាំងផងដែរ។ បន្ថែមពីនេះ របាយការណ៍នេះដែរបានជំរុញឱ្យរដ្ឋាភិបាលចិនលុបចោលគោលនយោបាយ ច្បាប់ និងការអនុវត្តទាំងអស់ដែលរើសអើងប្រឆាំងនឹងជនភាគតិចវីហ្គ័រ។ 
 
ទាក់ទងរឿងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) អាន់តូនីញូ ហ្គូតេរ៉េស បានបង្ហាញការព្រួយបារម្ភជាខ្លាំង ជាមួយនឹងការទទូចឱ្យគោរពសិទ្ធិមនុស្ស ហើយសិទ្ធិជនជាតិមូស្លីមវីហ្គ័រក៏ត្រូវតែទទួលបានការការពារ។ លោក Stephane Dujarric អ្នកនាំពាក្យប្រមុខ UN ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី១ ខែកញ្ញា។
 
«លោកអគ្គលេខាធិការពិតជាសង្ឃឹមថា រដ្ឋាភិបាលចិននឹងសម្រេចធ្វើតាមអនុសាសន៍ដែលបានដាក់នៅក្នុងការវាយតម្លៃរបស់ឧត្តមស្នងការសិទ្ធិមនុស្ស»។ លោក Dujarric បន្តបែបនេះ។
 
សូមបញ្ជាក់ថា របាយការណ៍របស់ប្រមុខ UN ដែលត្រូវបានទន្ទឹងរង់ចាំជិត១ឆ្នាំ រកឃើញថា ការឃុំខ្លួនដោយបំពាន និងការរើសអើងទៅលើជនជាតិវីហ្គ័រ និងជនជាតិមូស្លីមផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង ទំនងអាចចាត់ទុកជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពិតមែន។ ចិនផ្ទាល់ក៏ចេញមុខច្រានចោលរបាយការណ៍នេះដែរ៕
 
 
 
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com