អន្តរជាតិ
អូស្ត្រាលី បង្កើនការទទួលជនចំណាកស្រុកអចិន្ត្រៃយ៍ដើម្បីកាត់បន្ថយការខ្វះខាតកម្លាំងពលកម្ម
02, Sep 2022 , 7:29 pm        
រូបភាព
អ្នកដំណើរទៅដល់អាកាសយានដ្ឋានទីក្រុងស៊ីដនី។ រូបថត Xinhua
អ្នកដំណើរទៅដល់អាកាសយានដ្ឋានទីក្រុងស៊ីដនី។ រូបថត Xinhua
ដោយ: ថ្មីៗ
ដោយ៖ ហ៊ួយ ស៊ីវលី
 
អូស្ត្រាលី នឹងអនុញ្ញាតជនចំណាកស្រុកអចិន្ត្រៃយ៍ចំនួន៣៥,០០០នាក់បន្ថែមទៀតឱ្យចូលក្នុងប្រទេស ដើម្បីបង្កើនកម្លាំងពលកម្មក្នុងប្រទេសដែលកំពុងខ្វះខាតខ្លាំង។
 
ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ អូស្ត្រាលីបានបិទព្រំដែនរបស់ខ្លួនអស់រយៈពេលជាង ២ឆ្នាំ ដែលនាំឱ្យកម្មករ និងនិស្សិតបរទេសជាច្រើនចាកចេញពីអូស្ត្រាលី។ ការចាកចេញនេះបណ្តាលឱ្យអាជីវកម្មនៅក្នុងស្រុកមួយចំនួនមានការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង។
 
ក្នុងកិច្ចប្រជុំលើបញ្ហាការងារ និងជំនាញរបស់រដ្ឋាភិបាលនៅទីក្រុងកង់បេរ៉ានៅថ្ងៃទី២ ខែកញ្ញា រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី Clare O'Neil ប្រកាសថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យមានជនចំណាកស្រុកអចិន្ត្រៃយ៍ដែលជាវិស្វករ និងគិលានុបដ្ឋាយិកាចំនួនរាប់ពាន់នាក់បន្ថែមទៀតចូលក្នុងអូស្ត្រាលី។
 
លោកស្រី Clare O'Neil បន្តថា ការកំណត់ចំនួនជនចំណាកស្រុកអចិន្ត្រៃយ៍នឹងកើនឡើងពី ១៦០០០០ទៅ១៩៥០០០នាក់សម្រាប់ឆ្នាំនេះ ដើម្បីបំពេញចន្លោះប្រហោងនៃការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ វិស័យសុខាភិបាលនឹងទទួលបានកម្លាំងពលកម្មបន្ថែមចំនួន៤៧០០នាក់, ៦១០០នាក់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ និង៦៨០០នាក់ទៀតសម្រាប់វិស័យបច្ចេកវិទ្យា។
 
ក្រៅពីនេះ អូស្ត្រាលី នឹងដកការរឹតបន្តឹងនៃវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ចំពោះកម្មករដែលធ្វើការបណ្តោះអាសន្ន និងកំពុងស្នាក់នៅអូស្ត្រាលី ដោយពន្យារពេលស្នាក់នៅរបស់ពួកគេរហូតដល់ខែមិថុនា ឆ្នាំ២០២៣។ និស្សិតបរទេសដែលបញ្ចប់ការសិក្សានឹងអាចស្នាក់នៅ និងធ្វើការនៅក្នុងអូស្ត្រាលីក្នុងរយៈពេលយូរបាន។ 
 
ក្នុងកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីអន្តោប្រវេសន៍ Andrew Giles អះអាងថា រដ្ឋាភិបាលនឹងចំណាយប្រាក់ ៣៦,១លានដុល្លារ ដើម្បីជួលបុគ្គលិក ៥០០នាក់បន្ថែមទៀតដើម្បីជម្រះបញ្ជីពាក្យសុំទិដ្ឋាការដែលមិនទាន់បានសម្រេចដែលមានចំនួនដល់ទៅ៩០ម៉ឺន។ ការកាត់បន្ថយពេលវេលារង់ចាំក្នុងការទទួលបានទិដ្ឋាការនេះ នឹងអាចជួយឱ្យអូស្រ្តាលីឆាប់មានលំហូចូលនៃជនចំណាកស្រុកអចិន្ត្រៃយ៍ ដែលអាចដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មក្នុងស្រុកនេះបាន។ 
 
​​អូស្ត្រាលី​បើកច្រកអន្តរជាតិរបស់ខ្លួនឡើងវិញក្នុងខែកុម្ភៈ ប៉ុន្តែចំនួនជនចំណាកស្រុកមិនទាន់ត្រលប់ទៅដូចកម្រិតមុនពេលមិនទាន់មានការរីករាលដាលជំងឺកូវីដ-១៩ ឡើយ ដែលធ្វើឱ្យមានការខ្វះខាតកម្លាំងពលកម្មក្នុងកម្រិតខ្ពស់បំផុត៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com