ជាតិ
សង្គមជាតិ
គុណប៉ាម៉ាក់ គ្មានដែនកំណត់!
03, Sep 2022 , 4:29 pm        
រូបភាព
រូបពី pixabay
រូបពី pixabay
ដោយ: ថ្មីៗ
«គ្មានអំពើល្អណា ដែលល្អស្មើនឹងការធ្វើល្អចំពោះឪពុកម្តាយឡើយ ហើយគ្មានអំពើអាក្រក់ណា ដែលអាក្រក់ស្មើនឹងការធ្វើអាក្រក់ដាក់ឪពុកម្តាយនោះទេ»។ «បុណ្យខ្ពស់បំផុត គឺជាបុណ្យ ដែលធ្វើជាមួយឪពុកម្តាយ ហើយបាបខ្លាំងបំផុត គឺជាបាប ដែលធ្វើលើឪពុកម្តាយ»។
 
មាតាបិតា ចាប់ផ្តើមដក់អារម្មណ៍ជាប់នឹងកូន តាំងពួកគាត់ ដឹងថា កូន ចុះចាប់បដិសន្ធិក្នុងផ្ទៃមកម្ល៉េះ ជាអំឡុងពេលដែលពួកគាត់ មិនទាន់នឹងបានឃើញរូបរាងកូនផង។ ហើយពេលកូន ប្រសូតចេញមក ពួកគាត់ ក៏ត្រូវមើលថែកូនរហូតដល់ពួកគាត់អស់ជីវិត។
 
គុណរបស់ឪពុកម្តាយ គ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ «ធំជាងសមុទ្រ ធ្ងន់ជាងភ្នំ»។ ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងថា ឪពុកម្តាយ មានគុណ៤យ៉ាង គឺ អនេកប្បការគុណ ជាគុណដែលច្រើនអនេកប្បការ អនន្តគុណ ជាគុណដែលរាប់មិនអស់ អប្បរិមាណគុណ ជាគុណដែលប្រមាណមិនបាន អសមគុណ ជាគុណដែលគ្មានអ្វីស្មើបាន។
 
នៅក្នុងលោក មានរបស់៤យ៉ាង ដែលគ្មានដែនកំណត់ ដោយក្នុងនោះ ក៏មានគុណរបស់ឪពុកម្តាយផងដែរ ដែលគ្មានដែនកំណត់។ របស់៣យ៉ាងទៀត ដែលគ្មានដែនកំណត់ គឺ អាកាស ចំនួនសត្វលោក និងការត្រាស់ដឹងរបស់ព្រះពុទ្ធ។ 
 
គ្មានអ្នកណា អាចកំណត់បានថា អាកាស មានព្រំដែននៅទីណាឡើយ។ គ្មានអ្នកណា អាចកំណត់បានថា សត្វលោក មានចំនួនប៉ុន្មានឡើយ។ គ្មានអ្នកណា អាចកំណត់បានថា ការដឹងរបស់ព្រះពុទ្ធ មានកម្រិតដល់ត្រឹមណាឡើយ។ គ្មានអ្នកណា អាចកំណត់បានថា គុណរបស់មាតាបិតា មានទំហំប៉ុនណាឡើយ។
 
ព្រះបរមគ្រូ ទ្រង់ឲ្យឈ្មោះឪពុកម្តាយ៤យ៉ាង គឺ ព្រះព្រហ្ម ទេវតាដើម គ្រូដើម និង ព្រះអរហន្ត។ ឈ្មោះថា ព្រះព្រហ្ម ព្រោះលោក មានព្រហ្មវិហារធម៌ចំពោះកូន គឺ មេត្តា ករុណា មុទិតា ឧបេក្ខា។ ឈ្មោះថា ទេវតាដើម ព្រោះលោក ជាមនុស្សមុនគេ ដែលចិញ្ចឹមបីបាច់និងរក្សាកូន។ ឈ្មោះថា គ្រូដើម ព្រោះលោក ជាអ្នកបង្រៀនកូនមុនគេ ឲ្យចេះនិយាយ ចេះដើរ ចេះគោរពគេឯង មានសីលធម៌ និង សុជីវធម៌ ។ល។ ឈ្មោះថា ព្រះអរហន្ត ព្រោះលោក ជាបុគ្គលដែលកើតបុណ្យក្រៃលែងសម្រាប់កូន ដែលត្រូវគោរពបូជា។
 
កុលបុត្រកុលធីតា ត្រូវមានកតញ្ញូតាធម៌ចំពោះឪពុកម្តាយ ដោយមិនត្រូវបំភ្លេចគុណពួកគាត់ឡើយ។ កូនៗ ត្រូវព្យាយាមតបស្នងសងគុណពួកគាត់វិញ ទោះពួកគាត់ មិនទាមទារក៏ដោយ ហើយមិនត្រូវធ្វើទង្វើមិនគប្បី ចំពោះអ្នកមានគុណនោះទេ៕ 

Tag:
 គុណពុកម៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com