អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ទទួលបានការកោតសរសើរចំពោះការរួមចំណែកសំខាន់ៗដើម្បីជួយសម្រាលការលំបាកក្នុងគ្រាមានវិបត្តិកូវីដ-១៩ នៅកម្ពុជា
04, Sep 2022 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រសួងការពារជាតិកម្ពុជា ចំពោះការចូលរួមចំណែកសំខាន់ៗជាច្រើនដែលក្រុមហ៊ុនទូរគមនាគមន៍មួយនេះបានធ្វើ ដើម្បីជួយប្រទេសជាតិក្នុងគ្រាដែលមានការរាតត្បាតជំងឺកូវីដ-១៩ខ្លាំង។
 
ការទទួលស្គាល់នេះត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល់ បំពាក់ឋានន្តរសក្កិ ជូនប័ណ្ណសរសើរ លិខិតសរសើរ  ដែលរៀបចំឡើងដោយក្រសួងការពារជាតិនៅថ្ងៃទី១៩ ខែសីហាសម្រាប់អង្គការ និងស្ថាប័នដែលបានជួយគាំទ្រទាំងអស់សម្រាប់ការចូលរួមក្នុងបុព្វហេតុរួមគ្នានេះ។
 
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិបានផ្តល់ប័ណ្ណសរសើរដល់ក្រុមហ៊ុន Smart Axiata ក្នុងពិធីំសំណេះសំណាល់ បំពាក់ឋានន្តរសក្កិ ជូនប័ណ្ណសរសើរ លិខិតសរសើរនេះ ដែលធ្វើឡើងនៅក្រសួងការពារជាតិ ដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែង និងសកម្មភាពដែលក្រុមហ៊ុន Smart Axiata បានធ្វើឡើងដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ ចំពោះប្រទេសជាតិ។
 
ការរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ក្នុងការជួយទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ រួមមានការបង្កើតមូលនិធិទឹកប្រាក់ ១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ-១៩ ដើម្បីគាំទ្រដល់អាជីវកម្មដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជួយបង្កើតមណ្ឌលចាក់វ៉ាក់សាំងនៅទូទាំងរាជធានីភ្នំពេញ និងប្រើប្រាស់បណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន Smart Axiata ដើម្បីផ្តល់ជំនួយស្បៀងអាហារ និងទំនាក់ទំនងដោយគ្មានការរំខានទៅកាន់អ្នកដែលជាប់គាំងនៅក្នុងតំបន់ក្រហមក្នុងគ្រាដែលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ។


 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលក្រុមហ៊ុន Smart Axiata ទទួលបានប័ណ្ណសរសើរនេះដោយសារតែការចូលរួមចំណែកពីក្រុមការងាររបស់យើងនៅក្រុមហ៊ុន Smart Axiata។ ការរួមចំណែកនិងការខិតខំប្រឹងប្រែងរួមគ្នារបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអំឡុងវិបត្តិដ៏មហន្តរាយនេះ បានបង្ហាញឱ្យអ្នករាល់គ្នាដឹងថា ក្រុមហ៊ុន Smart Axiata ពិតជានៅទីនេះដើម្បីបម្រើប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់។ យើងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយយើងមានមោទនភាពដែលអាចផ្តល់ការគាំទ្ររបស់យើងតាមលទ្ធភាពដែលយើងអាចធ្វើបាន។
 
ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ក្រុមហ៊ុន Smart Axiata បានប្រមូលថវិកាសង្គ្រោះបន្ទាន់ពីមូលនិធិទឹកប្រាក់១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ-១៩ របស់ខ្លួន ដើម្បីបង្កើត និងបំពាក់មណ្ឌលចាក់វ៉ាក់សាំងចំនួន២៨ ដែលមានសំពត់តង់ តុ កៅអី កង្ហារ ឧបករណ៍លាងដៃសម្លាប់មេរោគដោយស្វ័យប្រវត្តិ ជែលសម្លាប់មេរោគ ម៉ាស និងទឹកពិសារដល់មណ្ឌលនីមួយៗ ដែលមានដំណើរការរយៈពេល ២ខែ។
 
លើសពីនេះ ក្រុមហ៊ុន Smart Axiata បានបង្កើតមូលនិធិស្បៀងអាហារផងដែរ ដើម្បីឱ្យអតិថិជនរបស់ក្រុមហ៊ុនអាចបរិច្ចាគថវិកា និងជំនួយសង្គ្រោះបានងាយស្រួលក្នុងការជួយដល់អ្នកដែលត្រូវការជំនួយ។


 
នៅពេលជំងឺរាតត្បាតខ្លាំង អតិថិជន Smart អាចបរិច្ចាគទៅកាន់មូលនិធិស្បៀងអាហារនេះដោយប្រើលេខកូដពិសេស។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគទឹកប្រាក់ក្នុងបរិមាណដូចទៅនឹងចំនួនដែលអតិថិជន Smart បានបរិច្ចាគដែលមានរហូតដល់ចំនួន ១សែនដុល្លារ។ ការបរិច្ចាគនេះត្រូវបានប្រើប្រាស់ដើម្បីទិញឧបករណ៍សម្រាប់ការសង្គ្រោះបន្ទាន់សំខាន់ៗ ដែលត្រូវបានចែកចាយដោយសាលារាជធានីភ្នំពេញទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហមដែលជួបការលំបាកក្នុងការទទួលបានសម្ភារចាំបាច់ជាមូលដ្ឋាន។
 
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងអំឡុងពេលមានជំងឺកូវីដ-១៩  ក្រុមហ៊ុន Smart Axiata ក៏បានផ្តល់ជូនអតិថិជនរបស់ខ្លួននៅទូទាំងប្រទេសជាមួយនឹងការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធដោយឥតគិតថ្លៃរយៈពេល ៦០នាទីរៀងរាល់ថ្ងៃ ពង្រីករយៈពេលសុពលភាពស៊ីមកាត និងផ្តល់ជូនទិន្នន័យ ៦០មេហ្កាបាយដោយឥតគិតថ្លៃដល់អ្នកដែលកំពុងរស់នៅក្នុងតំបន់ក្រហម។ 
 
លោក Feiruz Ikhwan បានបន្ថែមថា៖ «ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេសកម្ពុជា យើងមានមោទនភាពដែលអាចប្រើប្រាស់បណ្តាញដ៏ធំទូលាយរបស់យើងដើម្បីជួយអ្នកដែលត្រូវការជំនួយ»។
 
ដើម្បីស្វែងយល់បន្ថែមអំពីការចូលរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ដែលបានជួយដល់ប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាក្នុងគ្រាដែលមានការរាតត្បាតជំងឺកូវីដ-១៩ខ្លាំង សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈ www.facebook.com/smartforcambodia


 
អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
 
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។


 
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
 
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
-ចប់-
 
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
កញ្ញា  តៅ  សុជាតា
ទូរស័ព្ទ៖ +855 10 202 316
អ៊ីម៉ែល៖  [email protected]







(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com