អន្តរជាតិ
ទាហានអង់គ្លេស ហ្វាំងឡង់ និងស៊ុយអែត ធ្វើសមយុទ្ធយោធារួមគ្នាដើម្បីពង្រឹងសមត្ថភាព
04, Sep 2022 , 2:29 pm        
រូបភាព
រូបថត BBC
រូបថត BBC
ដោយ:
កងកម្លាំងអង់គ្លេសបានចូលរួមក្នុងសមយុទ្ធយោធារួមគ្នាជាមួយកងកម្លាំងស៊ុយអែត និងហ្វាំងឡង់ដើម្បីពង្រឹងសមត្ថភាពវាយប្រហារ ស្របពេលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃទី៤ ខែកញ្ញា។
 
កងទ័ពអង់គ្លេស ស៊ុយអែត និងហ្វាំងឡង់បានចូលរួមក្នុងសមយុទ្ធយោធារួមមួយដែលហៅថា Exercise Vigilant Knife ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញានៅទីក្រុង Rovaniemi និង Rovajarvi នៅភាគខាងជើងហ្វាំងឡង់។ បើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិអង់គ្លេស Ben Wallace ការធ្វើលំហាត់រួមគ្នានេះ នឹងជួយឱ្យកងកម្លាំងប្រទេសទាំងបីជោគជ័យក្នុងសមរភូមិ។ 
 
«សមយុទ្ធ Vigilant Knife គឺជាឱកាសដែលមិនអាចកាត់ថ្លៃបានសម្រាប់កងកម្លាំងអង់គ្លេសអភិវឌ្ឍជំនាញ និងបទពិសោធរបស់ពួកគេដើម្បីធ្វើការប្រយុទ្ធក្នុងអាកាសធាតុត្រជាក់ ដែលអាចធ្វើឱ្យពួកគេជោគជ័យនៅលើសមរភូមិជាមួយសមភាគីហ្វាំងឡង់ និងស៊ុយអែត»។ ទូរទស្សន៍ BBC ស្រង់សម្តីរដ្ឋមន្រ្តីការពារជាតិអង់គ្លេសបែបនេះ។ 
 
បើតាមលោក Wallace ស្របពេលសង្រ្គាមកំពុងកើតឡើងនៅអឺរ៉ុប វាសំខាន់ជាងពេលណាទាំងអស់ដែលប្រទេសទាំងបីពង្រឹងភាពជាដៃគូអន្តរជាតិ។ អង់គ្លេស ស៊ុយអែត និងហ្វាំងឡង់មានកិច្ចព្រមព្រៀងសន្តិសុខទៅវិញទៅមក។ លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីចាំផ្ទះអង់គ្លេសបច្ចុប្បន្នបានទៅដល់ក្រុងហែលស៊ិនគី និងក្រុងស្តុកខុលក្នុងខែឧសភាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ 
 
កិច្ចព្រមព្រៀងខាងលើនេះអនុញ្ញាតឱ្យអង់គ្លេស និងរដ្ឋអឺរ៉ុបខាងជើងទាំងពីរជួយគ្នាទៅវិញទៅមកនៅពេលមានវិបត្តិណាមួយ។ បន្ថែមពីនេះ អំឡុងពេលចុះហត្ថលេខា លោក ចនសុន ថែមទាំងអះអាងថាកិច្ចព្រមព្រៀងដដែលនេះនឹងក្លាយជាមូលដ្ឋានគ្រឹះពង្រឹងទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់ភាគីទាំងបីតាមរយៈមធ្យោបាយផ្សេងទៀតផងដែរ។ 
 
ស្របគ្នានេះ ក្រោយរុស្ស៊ីបើកប្រតិបត្តិការយោធាឈ្លានពានអ៊ុយក្រែន ស៊ុយអែត និងហ្វាំងឡង់ដែលតែងប្រកាន់គោលការណ៍អព្យាក្រឹតបានដាក់ពាក្យចូលសម្ព័ន្ធយោធាណាតូដើម្បីស្វែងរកការការពារ។ អង់គ្លេសស្ថិតក្នុងចំណោមរដ្ឋសមាជិកណាតូទាំង ២៣ ដែលបានផ្តល់សច្ចាប័នលើសមាជិករដ្ឋអឺរ៉ុបខាងជើងទាំងពីរនេះរួចហើយ ខណៈនៅរង់ចាំការផ្តល់សច្ចាប័នពី ៧ ប្រទេសទៀតរួមមានតួកគីដើម្បីឈានទៅជំហានបន្ទាប់ក្នុងការក្លាយជាសមាជិកផ្លូវការ៕

© រក្សាសិទ្ធិដោយ thmeythmey.com