អន្តរជាតិ
ប្រធានសភាចិន នឹងចូលរួមវេទិកាសេដ្ឋកិច្ចនៅរុស្ស៊ី រួចធ្វើទស្សនកិច្ចនៅ៣ប្រទេសទៀត
04, Sep 2022 , 3:59 pm        
រូបភាព
ប្រធានសភាចិនលោក Li Zhanshu ។ រូបថត Xinhua
ប្រធានសភាចិនលោក Li Zhanshu ។ រូបថត Xinhua
ដោយ:
ប្រធានសភាចិន លោក Li Zhanshu នឹងចេញទៅទស្សនកិច្ចនៅរុស្ស៊ី ម៉ុងហ្គោលី នេប៉ាល់ និងកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ។ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃទី៤ ខែកញ្ញា លោក Li ក៏នឹងចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៧ នៅទីក្រុង Vladivostok ទឹកដីរុស្ស៊ីដែរ។
 
ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ ខែកញ្ញា លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិននឹងទៅបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបរុស្ស៊ី Duma លោក Vyacheslav Volodin, ប្រធានសភាម៉ុងហ្គោលី លោក Gombojavyn, ប្រធានសភាតំណាងនេប៉ាល់ លោក Agni Sapkota និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin-pyo។ 
 
អំឡុងទស្សនកិច្ចនៅរុស្ស៊ី លោក Li នឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៧ ផងដែរដែលរៀបចំនៅទីក្រុង Vladivostok នៅថ្ងៃទី៥-៨ ខែកញ្ញា។ បើគិតតាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក លោក Li ជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ចិនហើយដែលនឹងទៅទស្សនកិច្ចនៅទឹកដីរុស្ស៊ី។
 
នៅកូរ៉េខាងត្បូងវិញ លោក Li នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក Kim ស្របពេលចិន និងកូរ៉េខាងត្បូងអបអរខួបទី៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ អំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល លោក Li ក៏អាចជជែកជាមួយមន្ត្រីកូរ៉េខាងត្បូងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជិនភីង នៅកូរ៉េខាងត្បូងដែរ។ ទស្សនកិច្ចចុងក្រោយរបស់ប្រធានាធិបតីចិននៅកូរ៉េខាងត្បូង កើតឡើងនៅឆ្នាំ២០១៤ មកម្ល៉េះ។
 
លោក Li មានឋានៈខ្ពស់លំដាប់ទី៣ក្នុងបក្សកុម្មុយនីស្តចិន ហើយជាមួយវ័យ ៧២ ឆ្នាំ លោកនឹងត្រូវចូលនិវត្តន៍ពីតួនាទីក្នុងបក្សនៅសមាជបក្សនៅខែតុលា ប៉ុន្តែនឹងរក្សាតំណែងជាប្រធានសភាចិនរហូតដល់ខែមីនា៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com