ជាតិ
សង្គមជាតិ
សម្តេច ទៀ បាញ់៖ ការបង្កើតសុវត្ថិភាពទាំងផ្លូវកាយទាំងផ្លូវចិត្តជូនពលរដ្ឋ ជាមហិច្ឆតារបស់រដ្ឋាភិបាល
04, Sep 2022 , 4:29 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ថ្លែងក្នុងពិធីទទួលជំនួយឥតសំណងពីក្រសួងការពារជាតិចិន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ថ្លែងក្នុងពិធីទទួលជំនួយឥតសំណងពីក្រសួងការពារជាតិចិន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
ដោយ: ថ្មីៗ
ក្នុងទិវារម្លឹកខួប១៣ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងអង្គរក្ស នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើសារលិខិត ជូនទៅកងអង្គរក្សគ្រប់រូប។ សម្តេច លើកឡើងថា ថ្វីដ្បិត សព្វថ្ងៃ មានសន្តិភាពពាសពេញប្រទេសពិតមែន តែការអភិវឌ្ឍប្រទេស នៅតែទាមទារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។

 
សម្តេច ទៀ បាញ់ ថ្លែងទៅកាន់កងអង្គរក្សតាមរយៈសារលិខិតដូច្នេះថា៖«ការបង្កើតបរិយាកាសកក់ក្តៅ សម្រាប់សុវត្ថិភាពផ្លូវកាយ ផ្លូវចិត្ត ជូនប្រជាពលរដ្ឋ គឺជាមហិច្ឆតារបស់រាជរដ្ឋាភិបាល ដែលប្រការទាំងអស់នេះ ទាមទារឲ្យកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បន្តខិតខំប្រឹងប្រែង លើកកម្ពស់សមត្ថភាពជំនាញលើគ្រប់ផ្នែក ឲ្យស្របតាមសភាពការណ៍វិវត្តរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន សំដៅរួមចំណែកក្នុងការធានាសន្តិសុខ សុខវត្ថិភាពជូនថ្នាក់ដឹកនាំ»។ 


កងកម្លាំងអង្គរក្ស ឈរក្នុងពិធីប្រារព្ធខួប១៣ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងអង្គរក្ស នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២។ 
 
រដ្ឋមន្រ្តីការពារជាតិ លើកពីគុណសម្បត្តិរបស់បញ្ជាការដ្ឋានកងអង្គរក្សថា សមិទ្ធផល និងសក្ខីកម្មច្រើនរាប់មិនអស់ ដែលកងអង្គរក្ស បង្កើតឡើងនាពេលកន្លងមក «ត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្រ្តយោធា»។ លើសពីនេះ សម្តេច ចាត់ទុកការលះបង់របស់កងអង្គរក្ស ក្នុងការបម្រើការងារ ថាជា «ការលលះបង់ប្រកបដោយកិត្តិយស និងមានទនភាពជាតិខ្ពស់បំផុត»។ 
 
សូមបញ្ជាក់ថា ពិធីរម្លឹកខួប១៣ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងអង្គរក្ស ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលជាតំណាងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងបញ្ជាការដ្ឋានកងអង្គរក្ស លោក ហ៊ុន ម៉ាណែត ក៏មានមុខតំណែងដែរ គឺលោក ជាមេបញ្ជាការរង ឯលោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការ៕ 
 
 

Tag:
 ទៀ បាញ់
  កងអង្គរក្ស
  ខួប១៣ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com