អន្តរជាតិ
ទោះមានបញ្ហាក្នុងប្រទេស ប៉ាគីស្ថានសង្ឃឹមសេដ្ឋកិច្ចប្រទេសកើនជាង៣,៥ភាគរយ
04, Sep 2022 , 10:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
រដ្ឋមន្រ្តីហិរញ្ញវត្ថុប៉ាគីស្ថាន លោក Miftah Ismail បង្ហាញក្តីសង្ឃឹមថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួននឹងកើនជាង៣,៥ភាគរយសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមតាំងពីខែកក្កដា។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg នៅថ្ងៃទី ៣ ខែកញ្ញា ស្របពេលប្រទេសកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។
 
សេដ្ឋកិច្ចប៉ាគីស្ថានកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនបំផុតដែលត្រូវបានអន្តរជាតិប៉ាន់ស្មានថា នឹងត្រូវប្រឈមវាសនាដូចស្រីលង្កា ពីព្រោះអតិផរណាកើនឡើងយ៉ាងខ្ពស់ដល់ទៅជិត២៥ភាគរយ ហើយទុនបម្រុងសល់តែប្រមាណ៩ពាន់លានដុល្លារក្នុងខែកក្កដាដែលគ្រាន់សម្រាប់តែនាំទំនិញចូល ៦ សប្តាហ៍ប៉ុណ្ណោះ។ រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានព្យាយាមចាត់វិធានការដើម្បីបញ្ចៀសបញ្ហានេះ ដូចជាសងបំណុលបរទេស ដំឡើងពន្ធ ឈប់ផ្តល់ប្រាក់ឧបត្ថម្ភលើប្រេងឥន្ធនៈ និងចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិលើកញ្ចប់ជំនួយជាប់គាំងកន្លងមក។
 
បើទោះជាគ្រោះទឹកជំនន់បានបំផ្លិចបំផ្លាញទូទាំងប្រទេសបន្ថែមទៀតក៏ដោយ រដ្ឋមន្រ្តីហិរញ្ញវត្ថុប៉ាគីស្ថាន លោក Miftah Isamail សង្ឃឹមថា សេដ្ឋកិច្ចប្រទេសនឹងកើនឡើងជាង៣,៥ភាគរយសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមពីខែកក្កដា ដល់ចុងខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg នៅថ្ងៃទី៣ ខែកញ្ញា។ 
 
បន្ថែមពីនេះ លោក Isamail ព្យាករថា អតិផរណានៅប៉ាគីស្ថានបច្ចុប្បន្នដែលខ្ពស់បំផុតក្នុងរយៈពេល ៤៧ ឆ្នាំចុងក្រោយ ហើយខ្ពស់បំផុតទី២ នៅអាស៊ី ជិតកើនដល់ចំណុចខ្ពស់បំផុតហើយ ហើយអតិផរណាជាមធ្យមសម្រាប់ឆ្នាំនេះនឹងមានប្រហែល១៥ភាគរយ។ បើតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុរដ្ឋអាស៊ីខាងត្បូងមួយនេះ ការរឹតបន្តឹងលើការនាំចូលទំនិញប្រណិតៗនឹងមិនងាយដកចេញវិញនោះទេដែលជាវិធានការមួយក្នុងការទប់ទល់អតិផរណា។ 
 
សូមបញ្ជាក់ថា ប៉ាគីស្ថានកំពុងអំពាវនាវរកជំនួយបន្ថែមទៀតពីសហគមន៍អន្តរជាតិដើម្បីដោះស្រាយការខូតខាតបង្កដោយគ្រោះទឹកជំនន់ដែលគ្រប់ដណ្តប់ប្រហែលមួយភាគបីនៃផ្ទៃប្រទេស ជាមួយប្រជាជន៣៣លាននាក់រងផលប៉ះពាល់ ហើយមនុស្សយ៉ាងតិច១ពាន់នាក់បានបាត់បង់ជីវិតតាំងពីមិថុនា៕
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com