ជាតិ
រថយន្ត
Volkswagen ​ប្រភេទទី១ ជារថយន្តបុរាណដែលនៅសេសសល់ច្រើនជាងគេនៅកម្ពុជា
05, Sep 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ រថយន្ដ​ម៉ាក VOLKSWAGEN ​ប្រភេទទី១ ផលិត​ឆ្នាំ​១៩៦៦ ចំនួន១គ្រឿង ​ត្រូវបាន​តាំងលម្អនៅភូមិគ្រឹះ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំ​ពេញ។ វា​ចូល​ពី​សហរដ្ឋអាម៉េរិក និងនៅ​​បំពាក់​ផ្លាក​លេខ​អាម៉េរិក​នៅ​ឡើយ ក៏ប៉ុន្តែ​​នៅ​ពេលឥឡូវនេះ វា​ជិះ​មិនបាន ដោយ​កង្វះ​ការប្រើ និងការថែទាំ។ វា​ខូចច្រើន​ពិតមែន ក៏ប៉ុន្តែ​គ្រឿង​ស្ទើរតែ​ទាំង​អស់ ជា​គ្រឿងដើម ហើយ​​ថ្នាំ​ពណ៌ស ក៏ជាពណ៌ពីដើមដែរ។ ក្រៅពី VOLKSWAGEN ទាំង២គ្រឿងនេះ ក៏មាន​បុរាណ​ ៤គ្រឿង​ទៀតដែរ ដែល​ជា​ឡានបារាំង ​ម៉ាក RENAULT និង CITROËN និង MERCEDES-BENZ ​ពី​ជំនាន់ផ្សេងៗ និងត្រូវបាន​ផលិតពី​ប្រហែល​ឆ្នាំ១៩២២ ដល់​ឆ្នាំ១៩៧០។ ក្នុងចំណោម​​នោះ មាន៣គ្រឿង​ជា​ម៉ាក។
 
សូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
នៅ​ទូទាំងពិភពលោក​ VOLKSWAGEN ប្រភេទ​ទី១ នៅ​សេសសល់​ច្រើន​​។ ដូច្នេះ​ក្នុង​ចំណោម​ឡាន​បុរាណ ដែល​ត្រូវ​នាំ​ចូល​មក​ប្រទេស​កម្ពុជា ច្រើន​ជា VOLKSWAGEN ប្រភេទទី១ដែរ។ រថយន្ដ VOLKSWAGEN ប្រភេទនេះ​មាន​ឈ្មោះ​ផ្លូវការ​ ថា​ប្រភេទទី១ ពីព្រោះ​ជា​ប្រភេទដំបូងគេបង្អស់ ដែល​ក្រុមហ៊ុន VOLKSWAGEN បាន​ផលិត​។ ក៏​ប៉ុន្តែ​គ្មាន​នរណា​ហៅ​វា​ដូចនេះ​ទេ! ប្លែក​មែន តាម​ភាសា​នីមួយៗ​រថយន្ដ​នេះ ​មាន​ឈ្មោះ​ហៅថា Käfer (ភាសាអាល្លឺម៉ង់) ​Coccinelle (ភាសា​បារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសា​អង់គ្លេស)​លឺ Kever (ភាសា​​ហូឡង់) Maggiolino (ជាភាសា​អ៊ីតាលី) Fusca (ភាសា​ព័រទុយហ្កាល) Garbus (ភាសាប៉ូឡូញ)។ ល។ ដែល​អាច​បកប្រែ​ថា ​សត្វ​ខ្ញុង ពីព្រោះ​វា​មាន​រាង​ដូច​សត្វ​ល្អិត​នេះ។ ជា​ភាសា​ខ្មែរ​វិញ ចាស់ៗហៅថា​​ ​​ឡានអណ្ដើក។ បុរាណ​ក៏ដោយ ទូទាំង​ពិភព​លោក មិនមែនជាប្រភេទ​រថយន្ដ​កម្រ​មាន​ទេ ពីព្រោះ​គឺ​ជា​ប្រភេទ​រថយន្ដ ដែល​ត្រូវ​បាន​ផលិត​យូរ​ជាង​គេបំផុត :​ ​ពី​ឆ្នាំ១៩៣៨ ​ដល់​ឆ្នាំ​២០១៩។ តាម​ពិតនៅ​ទ្វីប​អឺរ៉ុប ត្រូវបាន​ឈប់​ផលិតត្រឹម​ឆ្នាំ​១៩៧៨។ ក្រៅ​ពី​នេះ ត្រូវ​បាន​បន្ត​ផលិត​រហូត​ដល់ឆ្នាំ២០០៣។ បន្ទាប់មក​ ត្រូវ​ផលិត​ជំនាន់​ចុងក្រោយមួយ​ទៀត ក្នុង​រោងចក្រមួយគត់ ស្ថិតនៅ​អាម៉េរិក​ឡាទីន រហូត​ដល់​ឆ្នាំ​២០១៩។​


 
VOLKSWAGEN ប្រភេទទី១ ត្រូវ​បាន​ដំឡើងប្រមាណ ២១លាន​គ្រឿង ​តាម​រោងចក្រ​ផ្សេង​ៗនៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​នៅ​ប្រទេស​នានា ក្នុង​ទ្វីប​អឺរ៉ុប ទ្វីប​អាហ្វ្រិក និង​ទ្វីប​អាម៉េរិក តែ​មិន​មែន​នៅ​ទ្វីប​អាស៊ី​យើង​ទេ។ ហេតុនេះហើយ ​រថយន្ដ​នេះ នៅ​ទ្វីប​អាស៊ី​មិនមែន​ពេញ​និយម ​ដូច​នៅ​ទ្វីប​ដទៃទៀតទេ។ ​មុន​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា ​​មាន​ឡាន VOLKSWAGEN ប្រភេទទី១ ច្រើន​គួរសម។ ប៉ុន្តែ​សូម​បញ្ជាក់​ថា​ សព្វ​ថ្ងៃ ​នៅ​រាជធានី​ភ្នំពេញ​មាន VOLKSWAGEN ប្រភេទទី១ ពី៥ ទៅ ៦គ្រឿង នៅក្រុង​សៀមរាប​មាន ៥ ទៅ ៦គ្រឿង នៅ​ខេត្ត​​កំពង់​ឆ្នាំង ស្រុករលាប្អៀរមាន ១គ្រឿង នៅ​ក្រុង​ពោធិ៍សាត់មាន​ ១​គ្រឿង នៅ​ក្រុង​​បាត់ដំបង​មាន ២គ្រឿង និង​នៅ​ខេត្ត​កណ្ដាលមាន ៣​គ្រឿង។
 
ម៉ាក VOLKSWAGEN ត្រូវបាន​បង្កើត​ឡើងនៅ​ប្រទេស​អាល្លឺម៉ង់​ នៅ​អំឡុង​ឆ្នាំ​១៩៣៧ ដោយ​ពលរដ្ឋ​អូទ្រីស​មួយ​រូប​ឈ្មោះ PORSCHE Ferdinand ដែលក៏បាន​បង្កើត​ម៉ាក PORSCHE ដែរ។ ជា​ភាសា​អាល្លឺម៉ង់​ពាក្យ VOLKS មាន​ន័យ​ថា ប្រជាជន និងពាក្យ WAGEN មាន​ន័យ​ថា​ឡាន៕
 








 

Tag:
 យានយន្ត
  រថយន្ត
  ឡានបុរាណ
  Volkswagen​
© រក្សាសិទ្ធិដោយ thmeythmey.com