អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី Tsai Ing-wen៖ សមយុទ្ធចិន បានពង្រឹងសមត្ថភាពប្រយុទ្ធរបស់យោធាតៃវ៉ាន់
06, Sep 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ រូបថត AFP
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ រូបថត AFP
ដោយ:
មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី៦ ខែកញ្ញា អះអាងថា ដោយសារតែសមយុទ្ធយោធាចិននៅជុំវិញកោះតៃវ៉ាន់នាថ្មីៗនេះ ជំនាញប្រយុទ្ធរបស់យោធាតៃវ៉ាន់បច្ចុប្បន្នកាន់តែអភិវឌ្ឍបានច្រើនជាងមុន។ នេះក៏ដោយសារយោធាតៃវ៉ាន់ ធ្វើប្រតិបត្តិការទៅបណ្តេញកងកម្លាំងចិនជាញឹកញាប់អំឡុងពេលសមយុទ្ធ។
 
តាំងពីផ្ទុះកំហឹងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់កាលពីដើមសីហា យោធាចិននៅតែបន្តសកម្មភាពជុំវិញកោះតៃវ៉ាន់ឥតល្ហែ។ ទោះជាគំរាមសន្តិសុខ​ សមយុទ្ធរបស់ចិន ក៏មានប្រយោជន៍ដល់កងទ័ពតៃវ៉ាន់ក្នុងការអនុវត្តផ្ទាល់។
 
ថ្លែងទៅកាន់កងទ័ពអាកាសនៅឯមូលដ្ឋានទ័ពអាកាស Hualien នៅឆ្នេរសមុទ្រភាគខាងកើតតៃវ៉ាន់ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen អះអាងថា ស្ថានភាពជុំវិញច្រកសមុទ្រតៃវ៉ាន់នៅតែស្ថិតក្នុងភាពតានតឹង ហើយការគំរាមពីសំណាក់ចិននៅមិនទៅណាឆ្ងាយឡើយ។ 
 
«ក្នុងការប្រឈមនឹងការបង្ករឿង យោធាជាតិរបស់យើងបានឆ្លើយតបយ៉ាងស្ងប់ស្ងាត់ទៅកាន់ចេតនាឈ្លានពានរបស់សត្រូវ ក៏ដូចជាបានការពារសន្តិសុខប្រទេសយ៉ាងម៉ឺងម៉ាត់»។ នេះបើយោងតាមសុន្ទរកថារបស់លោកស្រី Tsai ដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីនៅថ្ងៃទី៦ ខែកញ្ញា។ 
 
បន្ថែមពីនេះ មេដឹកនាំតៃវ៉ាន់មានមោទនភាពជាខ្លាំងចំពោះការប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធខ្លួន ហើយថែមទាំងជឿថា ជំនាញប្រយុទ្ធ និងកម្លាំងរបស់យោធាជាតិតៃវ៉ាន់នឹងកាន់តែអភិវឌ្ឍ និងខ្លាំងក្លាជាងមុន បន្ទាប់ពីបេសកកម្មប្រុងជើងការប្រយុទ្ធបែបនេះ។
 
ទន្ទឹមនេះ ម្តងហើយម្តងទៀត ប្រធានាធិបតីតៃវ៉ាន់និយាយថា ចិនមិនដែលគ្រប់គ្រងកោះតៃវ៉ាន់នោះទេ ហើយក៏គ្មានសិទ្ធិទាមទារ ឬសម្រេចអនាគតតៃវ៉ាន់ដែរ ហើយរឿងនេះគឺស្ថិតក្នុងការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ។
 
ខណៈដែលកងកម្លាំងតៃវ៉ាន់មានចំនួនតិចជាងកងកម្លាំងចិនដល់ទៅជាង១០ដង លោកស្រី Tsai បានកំពុងតែរកមើលកម្មវិធីធ្វើទំនើបកម្មផ្នែកយោធា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានបង្កើនការចំណាយលើវិស័យការពារជាតិដែរ។ ទាក់ទងនឹងការអាទិភាពលើវិស័យការពារជាតិ នៅទិវាជាតិថ្ងៃទី១០ ខែតុលា ឆ្នាំនេះ រដ្ឋាភិបាលក្រុងតៃប៉ិបានកំណត់យកការការពារជាតិជាប្រធានបទ ជាមួយនឹងពាក្យស្លោក អ្នក និងខ្ញុំរួមគ្នាការពារទឹកដី និងការពារប្រទេស៕
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com