អន្តរជាតិ
រុស្ស៊ី៖ ហ្គាសផ្គត់ផ្គង់ទៅអឺរ៉ុបនឹងបិទរហូត ទាល់តែទណ្ឌកម្មត្រូវបានដកចេញ
06, Sep 2022 , 10:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
រុស្ស៊ី នឹងមិនបង្ហូរហ្គាសទៅអឺរ៉ុបតាមរយៈបំពង់ Nord Stream 1 វិញទេ លុះត្រាតែប្រទេសលោកខាងលិចដកទណ្ឌកម្មប្រឆាំងនឹងក្រុងមូស្គូចេញ។ នេះបើតាមការប្រកាសរបស់វិមានក្រេមឡាំងនៅថ្ងៃទី ៥ ខែកញ្ញា ស្របពេលអឺរ៉ុបកំពុងបារម្ភយ៉ាងខ្លាំងជុំវិញកង្វះប្រភពផ្គត់ផ្គង់ថាមពលសម្រាប់រដូវរងារខាងមុខ។
 
ចាប់តាំងពីលុកលុយអ៊ុយក្រែនមក សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើរុស្ស៊ីដើម្បីជាសម្ពាធឱ្យបញ្ឈប់ការឈ្លានពានដែលក្នុងនោះក៏មានបិទនាំចូលប្រេង និងធ្យូងថ្មពីរុស្ស៊ីដែរ។ ទណ្ឌកម្មទាំងនេះហាក់ដូចជាមិនស្កៀបខ្លួនរុស្ស៊ីឡើយ ពីព្រោះមិនត្រឹមតែមិនព្រមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែថែមទាំងសងសឹកវិញដោយបិទការផ្គត់ផ្គង់ហ្គាសទាំងស្រុងទៅអឺរ៉ុបទៀតផង។ 
 
ថ្លែងទៅកាន់អ្នកកាសែតនៅថ្ងៃទី៥ ខែកញ្ញា អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានបន្ទោសថា មកពីប្រទេសលោកខាងលិច រួមមានអាល្លឺម៉ង់ និងអង់គ្លេសដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ទើបបណ្តាលឱ្យការបង្ហូរហ្គាសពីរុស្ស៊ីទៅអឺរ៉ុបតាមរយៈបំពង់ Nord Stream 1 ត្រូវបានកាត់ផ្តាច់ទាំងស្រុង។ 
 
«គ្មានហេតុផលអ្វីផ្សេងដែលបង្កឱ្យមានបញ្ហានាំចេញប្រេងនេះទេ»។ លោក Peskov ប្រាប់ទីភ្នាក់ងារ
ព័ត៌មានរុស្ស៊ី Interfax បែបនេះដោយបន្ថែមថា ការផ្គត់ផ្គង់ហ្គាសទាំងស្រុងឡើងវិញប្រាកដណាស់គឺអាស្រ័យលើថាតើ ប្រទេសលោកខាងលិចដកទណ្ឌកម្មចេញពីក្រុងមូស្គូវិញដែរឬទេ។ 
 
ជាមួយនឹងការរឹតបន្តឹងខ្លួនឯងផង ការសម្រេចចិត្តរបស់វិមានក្រេមឡាំងនេះនឹងធ្វើឱ្យអឺរ៉ុបដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រភពថាមពលរុស្ស៊ីកាន់តែប្រឈមនឹងវិបត្តិថាមពលទៀត។ បន្ថែមពីនេះ នៅសប្តាហ៍មុន ក្រុមហ៊ុនថាមពលដ៏ធំរបស់រុស្ស៊ី Gazprom បានប្រកាសថា ការបិទនាំចេញប្រេងរយៈពេល ៣ ថ្ងៃកន្លងមកដើម្បីជួសជុលការធ្លាយលេចប្រេងនៅទួរប៊ីនមួយរបស់ Nord Stream 1 នឹងបន្តបិទគ្មានពេលកំណត់។
 
យ៉ាងណាមិញ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានតបតថា ចំណាត់ការបញ្ឈប់លំហូរហ្គាសទាំងស្រុងរបស់រុស្ស៊ីត្រូវបានសម្រេចឡើងក្រោមហេតុផលបោកបញ្ឆោត។ ម្តងហើយម្តងទៀត មន្រ្តីអឺរ៉ុបចោទរុស្ស៊ីថាមានបំណងកាត់បន្ថយបង្ហូរហ្គាសនេះជាការសងសឹកទៅលើទណ្ឌកម្មរបស់លោកខាងលិច។ 
 
សូមបញ្ជាក់ថា Nord Stream 1 ជាបំពង់បង្ហូរហ្គាសពីរុស្ស៊ីទៅអឺរ៉ុបពីដ៏ធំបំផុតមួយ ហើយអាចបង្ហូរហ្គាសបាន៥៥ពាន់លានគូបក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ នៅថ្ងៃប្រកាសបិទហ្គាស តម្លៃថាមពលនៅអឺរ៉ុបបានឡើងដល់កម្រិតខ្ពស់ថ្មីដល់ជាង៣០ភាគរយឯណោះ៕
 
 
 
 
 

Tag:
 រុស្ស៊ី
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com