អន្តរជាតិ
លោកពូទីនបង្ហាញវត្តមាននៅសមយុទ្ធយោធារុស្ស៊ីជាមួយចិន និងឥណ្ឌា
07, Sep 2022 , 9:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាពយកពីវិមានក្រេមឡាំង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាពយកពីវិមានក្រេមឡាំង
ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីន នៅថ្ងៃទី៦ ខែកញ្ញា បានបង្ហាញវត្តមាននៅសមយុទ្ធយោធារុស្ស៊ីដ៏ធំ ដែលធ្វើឡើងនៅភាគខាងកើតរុស្ស៊ី ដោយមានការចូលរួមពីយោធាចិន ឥណ្ឌា ស៊ីរី និងប្រទេសជិតខាងរុស្ស៊ីផ្សេងទៀត។ សមយុទ្ធនេះ ធ្វើឡើងស្របពេលរុស្ស៊ីកំពុងបន្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
 
ទណ្ឌកម្មរបស់ប្រទេសខាងលិច និងសម្ព័ន្ធមិត្ត បានធ្វើឱ្យរុស្ស៊ីខិតទៅរកប្រទេសមួយចំនួននៅតំបន់អាម៉េរិកខាងត្បូង និងអាស៊ី ជាពិសេសចិន។ តាមរយៈសមយុទ្ធយោធាVostok ក្នុងឆ្នាំ២០២២ រុស្ស៊ីបានប្រារព្ធឡើងយ៉ាងធំនៅភាគខាងកើតប្រទេស។ សមយុទ្ធ ដែលប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី១ ខែកញ្ញា និងទំនងបញ្ចប់នៅថ្ងៃទី៧ ខែកញ្ញា បានចូលរួមដោយឥណ្ឌា ចិន ស៊ីរី និងប្រទេសជិតខាងរុស្ស៊ីមួយចំនួន។ 
 
សមយុទ្ធយោធានេះ មានការចូលរួមពីទាហានចំនួន ៥ម៉ឺននាក់ គ្រឿងបរិក្ខារយោធាច្រើនជាង ៥ពាន់គ្រឿង រួមទាំងយុទ្ធហោះចម្បាំងចំនួន ១៤០គ្រឿង និងនាវាចំនួន ៦០គ្រឿង។ សមយុទ្ធយោធានេះ ធ្វើឡើងស្របពេលរុស្ស៊ី កំពុងឈ្លានពានភាគខាងកើតរបស់អ៊ុយក្រែនន ពោលគឺនៅក្នុងតំបន់ដុនបាស។ 
 
មុនសមយុទ្ធបញ្ចប់ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី៦ ខែកញ្ញា បានទៅទស្សនាដោយផ្ទាល់ ដោយមេដឹកនាំរូបនេះ បានជួបជាមួយប្រមុខការពារជាតិរុស្ស៊ី លោក Sergei Shoigu និង នាយសេនាធិការ លោក Valery Gerasimov។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Moscow Times។ 
 
ទន្ទឹមនេះ លោកពូទីន ត្រូវបានរំពឹងថា នឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាផង។ វេទិកានេះ អាចនឹងមានមនុស្សចូលរួមប្រមាណ ៥ពាន់នាក់ ដោយលោកLi Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន និងជាសមាជិកនៃគណៈកម្មាធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិន និងលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ក៏ចូលរួមផង។ 
 
នៅក្រៅវេទិកានេះ លោកពូទីន អាចមានជំនួបទ្វេភាគីជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ នេះជាទស្សនកិច្ចលើកទី៣ របស់លោកមីន អ៊ុងឡាំងទៅរុស្ស៊ី ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១៕ 
 

Tag:
 រុស្ស៊ី
  ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com