អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេតវិមានថា រុស្ស៊ីប្រហែលកំពុងទិញគ្រាប់កាំភ្លើងធំ និងរ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើងមែន
07, Sep 2022 , 4:59 pm        
រូបភាព
លោក John Kirby ក្នុងសន្និសីទសារព័ត៌មានកន្លងមក។ រូបថត AFP
លោក John Kirby ក្នុងសន្និសីទសារព័ត៌មានកន្លងមក។ រូបថត AFP
រុស្ស៊ីប្រហែលកំពុងទិញគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង។ នេះបើតាមការអះអាងរបស់សេតវិមាននៅថ្ងៃទី៦ ខែកញ្ញា មួយថ្ងៃក្រោយសារព័ត៌មានអាម៉េរិកចេញផ្សាយពីព័ត៌មាន។ បើតាមសេតវិមាន រឿងនេះជាព័ស្ដុតាងបង្ហាញពីភាពលំបាករបស់ទីក្រុងមូស្គូនាពេលនេះ ដែលខ្វះខាតសព្វាវុធធ្វើសង្រ្គាមនៅក្នុងអ៊ុយក្រែន។


កាសែត New York Times នៅថ្ងៃទី៥ ខែកញ្ញាបានរាយការណ៍ថាទីក្រុងមូស្គូកំពុងទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង និងបន្តទិញអាវុធប្រភេទនេះនៅ​ពេលខាងមុខផងដែរ។ ការរាយការណ៍បានដកស្រង់ចេញពីប្រភពទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាម៉េរិក។ ប៉ុន្តែឯកអគ្គរដ្ឋទូតរុស្សីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានច្រានចោលភ្លាមៗដែរ។
យ៉ាងណាមិញ រឿងនេះមិនទាន់រសាត់ទៅណាឡើយ។ នៅថ្ងៃទី៦ ខែកញ្ញា សេតវិមានអះអាថា អាម៉េរិកបានទទួលព័ត៌មានលម្អិតពីរុស្ស៊ីដែលអាចទិញគ្រាប់កាំភ្លើងធំ រួមទាំងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ឯណោះពីកូរ៉េខាងជើង។ 
 
«រុស្ស៊ីកំពុងស្ថិតក្នុងដំណើរការទិញគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន»។ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែកញ្ញា។
 
ឯអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby និយាយថា វាមិនមានព័ស្តុតាងច្បាស់លាស់ពីដំណើរការទិញសព្វាវុធពីកូរ៉េខាងត្បូងបានបញ្ចប់ឬនៅទេ ហើយក៏គ្មានការចង្អុលបង្ហាញថាសព្វាវុធទាំងនោះនឹងយកទៅប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែនដែរ។ បើតាមលោក Kirby ព័ត៌មានដែលទទួលបានច្បាស់លាស់មានត្រឹមថា រុស្ស៊ីទំនងកំពុងទិញគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង។ 
 
ជុំវិញរបាយការណ៍នេះ អ្នកនាំពាក្យសន្តិសុខជាតិបានពន្យល់ថា វាក៏អាចជាព័ស្តុតាងបង្ហាញពីរុស្ស៊ីកំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយកំពុងខ្វះខាតគ្រឿងសព្វាវុធសម្រាប់ធ្វើសង្គ្រាម។ លើសពីនេះ វាក៏បង្ហាញ​ពី​ឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច និងបណ្ដាប្រទេសលើពិភពលោកដែល​ដាក់លើ​រុស្ស៊ី​ដើម្បី​កាត់បន្ថយសមត្ថភាពប្រទេសនេះក្នុងការធ្វើសង្គ្រាម។
កង​កម្លាំង​អ៊ុយក្រែនថ្មីៗនេះ​បាន​វាយ​ប្រហារ​តំបន់​ផ្គត់ផ្គង់​អាវុធរបស់​រុស្ស៊ី រួម​ទាំង​កន្លែង​ដែល​មាន​កាំភ្លើង​ធំ និង​គ្រាប់​រំសេវទៀតដើម្បីត្រៀមវាយប្រហារទីតាំងជាច្រើន ដែលរុស្ស៊ីបានកាន់កាប់តាំងពីដើមដំបូងនៃឈ្លានពាន។ 
 
គួរបញ្ជាក់ថា បើរុស្ស៊ីពិតជាទិញគ្រឿងសព្វាវុធពីកូរ៉េខាងជើងមែន រុស្ស៊ីនឹងបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ដែលបានហាមឃាត់រដ្ឋជាសមាជិកមិនឱ្យទិញអាវុធពីកូរ៉េខាងជើង៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com