កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ មុនជួប Marseille លោក Conte ថា Spurs ប្រៀបដូចត្រូវដាក់ពិន័យក្រោយលេង៣ប្រកួតក្នុង១សប្តាហ៍
07, Sep 2022 , 5:29 pm        
រូបភាព
ក្រុម Tottenham Hotspur ប្រៀបដូចរងការពិន័យ ក្រោយមានការប្រកួតដ៏មរមារញ្ញឹក៣លើកក្នុងមួយសប្តាហ៍ បើធៀបទៅក្រុមដទៃដែលមិនមានកាតព្វកិច្ចប្រកួតក្របខណ្ឌអឺរ៉ុប។ នេះជាការអះអាងរបស់លោក Antonio Conte មុនពេលត្រូវដឹកនាំ Spurs តទល់ Olympique de Marseille ពានរង្វាន់ UEFA Champions League។


ក្រោយមានការប្រកួតក្នុងលីគច្រើន នៅថ្ងៃទី៦ ខែកញ្ញាលោក Conte អ្នកចាត់ការទូទៅមាន់ខ្នាយមមាស ចង់ឱ្យក្រុមដែលមានប្រកួតច្រើនផ្សេងទៀតស្នើទៅ Premier League ដើម្បីជួយសម្រាល និងជៀសវាងការលេង ៣ប្រកួត ១សប្តាហ៍។
 
Spurs ទើបតែលេង ៣ប្រកួតនៅលីគកំពូលអង់គ្លេសរយៈពេល ៧ថ្ងៃ ដោយត្រូវជួបក្រុម Nottingham Forest, West Ham United និង ​​Fulham ហើយក្រុមមានទីតាំងទីក្រុងឡុងដ៍មួយនេះ នឹងត្រូវជួប ប្រកួត៣លើកបន្ថែមទៀតក្នុង១សប្តាហ៍។ ​​Spurs ត្រូវលេងក្នុងជំនួប Champions League ដោយត្រូវស្វាគមន៍ក្រុម Olympique de Marseille នៅរាត្រីថ្ងៃទី៧ ខែកញ្ញា។
 
ទាំងក្របខណ្ឌ Premier League និង Champions League រដូវកាលថ្មីនេះកំពុងតែសម្រុកការប្រកួតឱ្យទាន់ពេលវេលា មុនពេលសម្រាកត្រៀមការប្រកួត World Cup 2022 នៅប្រទេសកាតាក្នុងខែវិឆ្ឆិកា និងខែធ្នូ ឆ្នាំ២០២២។ ជំនួប Champions League វគ្គចែកពូលទាំងអស់នឹងត្រូវបិទបញ្ចប់ត្រឹមដើមសប្តាហ៍ទី១ នៃខែវិច្ឆិកា ខុសពីកាលវិភាគមុនៗ ដែលបញ្ចប់ក្នុងខែធ្នូ។
 
នាសន្និសីទកាសែតមុនការប្រកួតជំនួបពូល D ទទួលក្រុមខ្លាំងបារាំង លោក​ Conte ត្អូញត្អែរចំពោះកាលវិភាគដ៏មមារញ្ញឹក នឹងជះផលមិនល្អដល់ក្រុម Spurs ទាំងមូល។
 
«និយាយដោយស្មោះត្រង់ ពេលឃើញកាលវិភាគនេះគឺមិនធម្មតា វាលើកដំបូងហើយក្នុងអាជីពខ្ញុំដែលជួបប្រទះបែបនេះ បើធៀបក្រុមដទៃ Tottenham ប្រៀបដូចការពិន័យមួយអ៊ីចឹង។ យើងពិតជាមិនសំណាងចំពោះការប្រកួតដ៏មមារញ្ញឹកនេះ ខ្ញុំបាននិយាយទៅក្លិប យើងត្រូវការតាំងចិត្តឱ្យល្អខ្លាំង និងជជែកជាមួយ Premier League ហើយភាពខុសគ្នាមួយថ្ងៃសម្រាប់ប្រកួតអាចនឹងកែប្រែលទ្ធផលមិននឹកស្មានដល់ អ្នកអាចនឹងបាត់បង់ពិន្ទុ។«។ លោក Conte និយាយបែបនេះ។
 
ក្រោយការប្រកួតទទួលក្រុមខ្លាំងបារាំង​ Marseille យប់ថ្ងៃទី៧ រួចក្រុមមាន់ខ្នាយមាសនឹងត្រូវបន្តដំណើរទៅទឹកដី ​Etihad ប៉ះក្រុម ManchesterCity ថ្ងៃទី១០ មុនប៉ះ Sporting CP ជាជំនួប UCL ជាថ្មីម្តងទៀត​ថ្ងៃទី១៣៕
 
 
 

Tag:
 Antonio Conte
  Spurs
© រក្សាសិទ្ធិដោយ thmeythmey.com