ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ នាយកអនុវិទ្យាល័យកូនសត្វ ស្នើសុំអគារសិក្សា១ខ្នងបន្ថែម ព្រោះកំណើនសិស្ស
11, Sep 2022 , 11:59 am        
រូបភាព
ដោយ៖ យុវជនឃុំកូនសត្វ

ស្រុកទឹកឈូ, ខេត្តកំពត៖ មកទល់បច្ចុប្បន្ន អនុវិទ្យាល័យកូនសត្វ ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត មានអគារសិក្សាតែមួយខ្នងប៉ុណ្ណោះ ដែលមានបន្ទប់រៀនចំនួន៤ និងទីចាត់ការ១បន្ទប់។ លោក ចាន់ វណ្ណា នាយកសាលាអនុវិទ្យាល័យកូនសត្វ ស្នើសុំអគារសិក្សាមួយខ្នងបន្ថែមទៀត ព្រោះចំនួនសិស្សកើនឡើង។ ម្យ៉ាងលោក ក៏ចង់សម្រួលដល់សិស្សឱ្យរៀនតែមួយវេន និងមានពេលវេលាអាចរៀនបំប៉នបន្ថែមផងដែរ។
 
ស្ថិតនៅទីដាច់ស្រយាល សាលាអនុវិទ្យាល័យកូនសត្វ គ្មានធនធានគ្រប់គ្រាន់ដូចសាលាដទៃឡើយ ពោលគឺអនុវិទ្យាល័យនេះ មានបន្ទប់ទឹកតែ២ប៉ុណ្ណោះ សម្រាប់សិស្សសរុប២៦៩នាក់ និងគ្រូ១៩នាក់ ប្រើប្រាស់។ ក្រៅពីអគារសិក្សា និងបន្ទប់ទឹក សាលានេះ គ្មានបណ្ណាល័យ ទីចាត់ការ និងរបងសាលាត្រឹមត្រូវឡើយ។ សាលប្រជុំ បណ្ណាល័យ និងទីចាត់ការ គឺនៅក្នុងបន្ទប់តែ១។
 
លោក ចាន់ វណ្ណា នាយកសាលាអនុវិទ្យាល័យកូនសត្វ ស្នើសុំអគារសិក្សាមួយខ្នងបន្ថែម ព្រោះសិស្សច្រើនជាងមុន ហើយបន្ទប់រៀនមិនទាន់គ្រប់គ្រាន់ឡើយ។ ម្យ៉ាងទៀត លោក ក៏ចង់សម្រួលដល់សិស្ស ឱ្យរៀនតែមួយវេន និងសល់ពេលសម្រាប់រៀនបំប៉នបន្ថែមផងដែរ។ 
 
«ដំណើរការសាលានេះ យើងតម្រូវឱ្យសិស្សត្រូវរៀន២វេន ដោយសារយើងមានតែ៤បន្ទប់។ ក្នុងនោះសិស្សថ្នាក់ទី៧ មាន២ថ្នាក់ ទី៨មាន២ថ្នាក់ និងទី៩មាន២ថ្នាក់។ អ៊ីចឹងយើងមានតែឱ្យសិស្សរៀនឆ្លងវេន ព្រោះខ្វះថ្នាក់រៀន»។ នេះជាការលើកឡើងរបស់លោក វណ្ណា នាយកសាលាអនុវិទ្យាល័យកូនសត្វ ដែលបន្តថា កន្លងមកលោក ធ្លាប់បានស្នើសុំទៅមន្ទីរ និងក្រសួង ប៉ុន្តែគ្មានការឆ្លើយតបណាមួយឡើយ។
 
លោក បញ្ជាក់ថា បើសិនជាមានថ្នាក់រៀនគ្រប់គ្រាន់ វាក៏អាចសម្រួលដល់សិស្ស អាចមានពេលរៀនបំប៉នបន្ថែម ព្រោះក្រោយវិបត្តិកូវីដ-១៩ លោកមើលឃើញថា មានសិស្សខ្សោយច្រើន ហើយពួកគេត្រូវការការបំប៉នបន្ថែម ពិសេសមុខវិជ្ជាគណិតវិទ្យា។ លោក អះអាងថា ក្នុងឆ្នាំសិក្សាថ្មីនេះ លោក បានធ្វើតេស្តសមត្ថភាព សិស្សមុនពេលចូលរៀន ទាំងសិស្សថ្នាក់ទី៧ ទី៨ និងទី៩ ដែលត្រៀមប្រឡងឌីប្លូម៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(​អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)
 
 

Tag:
 យុវជនសកម្ម សេវាល្អ
© រក្សាសិទ្ធិដោយ thmeythmey.com