ជាតិ
ក្រសួងសាធារណការ ប្រើរ៉ូបូតត្រួតពិនិត្យប្រព័ន្ធលូនៅក្រុងសៀមរាប
14, Sep 2022 , 5:59 pm        
រូបភាព
ដោយ:
 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្រុងសៀមរាប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយបាន​ប្រើប្រាស់ម៉ាស៊ីនរ៉ូបូត ដើម្បីត្រួតពិនិត្យ។
 
ការចុះត្រួតពិនិត្យប្រព័ន្ធលូនេះ គឺប្រើប្រាស់ម៉ាស៊ីនរ៉ូប៉ូតដែលជាបច្ចេកវិទ្យាទំនើប មានភ្ជាប់ជាមួយកាមេរ៉ា ដែលអាចមើលឃើញស្ថានភាពជាក់ស្ដែងនៃប្រព័ន្ធលូខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីងាយស្រួលចាត់វិធានការដោះស្រាយបានទាន់ពេល។ នេះបើការថ្លែងរបស់លោក ស៊ុន ចាន់ថុល។ 


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានពន្យល់ពីទិដ្ឋភាព ដែលម៉ាស៊ីនរ៉ូប៉ូតថតក្នុងលូ។
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «សម្រាប់ការប្រើប្រាស់ម៉ាស៊ីននេះ ដំបូងយើងដាក់វាចូលក្នុងលូ រួចយើងបញ្ជាតាម iPad ឱ្យម៉ាស៊ីនរត់តាមលូ។ រូបភាព ចម្ងាយ ទិន្នន័យ ឬរ៉ូបូតខូច នឹងបង្ហាញនៅលើ iPad ទាំងអស់។ វារត់បានចម្ងាយ ២០០ម៉ែត្រ»។
 
រដ្ឋមន្រ្តីរូបនេះបន្ថែមថា កម្ពុជា មានម៉ាស៊ីនបច្ចេកវិទ្យាទំនើបដែលភ្ជាប់ជាមួយកាមេរ៉ា ដើម្បីត្រួតពិនិត្យប្រព័ន្ធលូ ជាលើកដំបូងនៅក្រសួងសាធារណការ ដែលជួយកាត់បន្ថយការលំបាករដល់អ្នកដែលបានធ្វើការលើផ្នែកនេះ។ លើសពីនេះ វាមានសមត្ថភាព អាចលាងសម្អាតកន្លែងដែលកកស្ទះនៅក្នុងលូបាន និងបូមទឹកចេញ ដោយត្រូវដាក់ភ្ជាប់ជាមួយឡានទឹកផងដែរ។
 
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានសំណូមពរ និងណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការកកស្ទះដល់ប្រព័ន្ធលូ៕


 ម៉ាស៊ីនរ៉ូប៉ូត ដែលមានបំពាក់កាំរ៉ា ដើម្បីត្រួតពិនិត្យប្រព័ន្ធលូ។ រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន
 
 

Tag:
 ប្រព័ន្ធលូ
  ម៉ាស៊ីនរ៉ូបូត
  ក្រុងសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com