អន្តរជាតិ
ចិន ប្រកាសដាក់ទណ្ឌកម្មប្រធានក្រុមហ៊ុនអាម៉េរិក ដែលលក់អាវុធយោធាឱ្យតៃវ៉ាន់
17, Sep 2022 , 2:39 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning។ រូបភាពយកពីក្រសួងការបរទេសចិន
ដោយ: ថ្មីៗ
អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី១៦ ខែកញ្ញា បានប្រកាសដាក់ទណ្ឌកម្មលើប្រធានប្រតិបត្តិក្រុមហ៊ុន Boeing Defense, Space និង Security រួមទាំងប្រធានប្រតិបត្តិក្រុមហ៊ុន Raytheon Technologies Corp ដោយសារមានពាក់ព័ន្ធនឹងការលក់គ្រឿងបរិក្ខារយោធារបស់អាម៉េរិកឱ្យតៃវ៉ាន់។ ក្រុមហ៊ុនទាំងពីរនេះ ជាក្រុមហ៊ុនលក់អាវុធ និងគ្រឿងបរិក្ខារយោធាដ៏ល្បីរបស់អាម៉េរិក។
 
មួយរយៈចុងក្រោយ ក្រសួងការបរទេសអាម៉េរិក បានផ្តល់ភ្លើងបៃតង ក្នុងការលក់អាវុធ រួមទាំងគ្រឿងបរិក្ខារយោធាជាច្រើនឱ្យតៃវ៉ាន់ ដែលចិនចាត់ទុកជាដែនដីមួយរបស់ខ្លួន។ តាមរយៈការឯកភាពលើកចុងក្រោយនៅថ្ងៃទី២ ខែកញ្ញាកន្លងទៅ ក្រសួងការបរទេសអាម៉េរិក បានឯកភាពលក់គ្រឿងបរិក្ខារយោធាឱ្យក្រុងតៃប៉ិដូចជា មីស៊ីលប្រឆាំងនាវា និងមីស៊ីលបាញ់ពីអាកាសទៅអាកាស។ ក្រុមហ៊ុន Raytheon Technologies Corp និងក្រុមហ៊ុន Boeing Defense, Space និង Security ត្រូវផ្គត់ផ្គង់គ្រឿងបរិក្ខារយោធាឱ្យតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ដោយមិនពេញចិត្តនឹងការលក់អាវុធឱ្យតៃវ៉ាន់ពីសំណាក់អាម៉េរិក ក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មលើប្រធានប្រតិបត្តិក្រុហ៊ុន ក្រុមហ៊ុន Raytheon Technologies Corp លោក Gregory Hayes និងប្រធានប្រតិបត្តិក្រុមហ៊ុន Boeing Defense, Space និង Security លោក Ted Colbert។ 
 
បើតាមលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Colbert និង លោកHayes នឹងស្ថិតក្នុងបញ្ជីខ្មៅរបស់ចិន ដើម្បីការពារផលប្រយោជន៍សន្តិសុខ និងអធិបតេយ្យចិន។ ទណ្ឌកម្មនេះ ធ្វើឡើងក្រោមហេតុផល អ្នកទាំងពីរមានការពាក់ព័ន្ធនឹងការលក់គ្រឿងបរិក្ខារយោធា និងអាវុធទៅតៃវ៉ាន់។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ មិនបានបញ្ជាក់ពីទណ្ឌកម្ម និងការអនុវត្តទណ្ឌកម្មលើប្រធានប្រតិបត្តិក្រុមហ៊ុនរបស់អាម៉េរិកទាំងពីររូបនេះ ឱ្យបានច្បាស់លាស់ឡើយ។ ជាថ្មីម្តងទៀត លោកស្រី Mao Ning បានជំរុញឱ្យរដ្ឋាភិបាលអាម៉េរិក និងក្រុមហ៊ុនពាក់ព័ន្ធឈប់លក់អាវុធ និងគ្រឿងបរិក្ខារយោធាឱ្យតៃវ៉ាន់ទៀត។ 
 
គួររំឮកថា នេះមិនមែនជាលើកទីមួយឡើយ ដែលចិនប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនលក់អាវុធរបស់អាម៉េរិក។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង ក៏ធ្លាប់ដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin Corp និងក្រុមហ៊ុន Raytheon Technologies Corp ផង។ ប៉ុន្តែព័ត៌មានលម្អិតជុំវិញទណ្ឌកម្មកាលនោះ មិនត្រូវបានមន្រ្តីក្រសួងការបរទេសចិនបកស្រាយឡើយ៕ 
 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com