អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជាថ្មីម្ដងទៀត លោក បៃឌិន ថា អាម៉េរិកនឹងការពារតៃវ៉ាន់ប្រសិនបើចិនឈ្លានពាន
19, Sep 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងភរិយា ត្រៀមឡើងយន្តហោះទៅអង់គ្លេស។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងភរិយា ត្រៀមឡើងយន្តហោះទៅអង់គ្លេស។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និយាយនៅក្នុងកិច្ចសម្ភាសមួយចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញាថាកងកម្លាំងទ័ពអាម៉េរិកនឹងការពារតៃវ៉ាន់ក្នុងករណីមានការឈ្លានពានរបស់ចិន។ ការលើកឡើងបែបនេះ បង្ហាញពីជំហរកាន់តែច្បាស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនក្នុងការផ្ដល់ការគាំទ្រដល់តៃវ៉ាន់ ដែលរងការគំរាមពីសំណាក់ចិន។
 
នៅក្នុងកិច្ចសម្ភាសមួយក្នុងកម្មវិធី CBS 60 Minutes ដែលចាក់បញ្ចាំងនៅល្ងាចថ្ងៃទី១៨ ខៃសីហា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ជាថ្មីម្តងទៀតបង្ហាញជំហរគាំទ្រយោធាតៃវ៉ាន់ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ចិន ។ 
 
កន្លងមក អាម៉េរិកក៏នៅតែបន្តសកម្មភាពផ្សេងដើម្បីគាំទ្រតៃវ៉ាន់ដែលធ្វើឱ្យចិនខឹងយ៉ាងខ្លាំងដូចជា ការបន្តលក់សព្វាវុធ ការអនុម័តសំណើច្បាប់ផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារ និងទស្សនកិច្ចពីសំណាក់មន្ត្រីសភា ព្រឹទ្ធសភា និងមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀតរបស់អាម៉េរិកជាបន្តបន្ទាប់នៅតៃវ៉ាន់ជាដើម។
 
ក្នុងកម្មវិធីខាងលើ លោក បៃដិន ត្រូវបានសួរថា តើកងកម្លាំងអាម៉េរិកនឹងការពារកោះតៃវ៉ាន់ដែលចិនអះអាងថាជារបស់ខ្លួនដែរឬទេ? នៅពេលនោះលោកចូ បៃដិនឆ្លើយថា៖ «មែនហើយ កងកម្លាំងអាម៉េរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើមានការឈ្លានពានណាមួយដែលមិនធ្លាប់មានពីមុនមករបស់ចិន»។ 
 
ការលើកឡើងរបស់លោកក្នុងកិច្ចសម្ភាសនេះជាការបង្ហាញជំហរច្បាស់លាស់ជាងមុនរបស់អាម៉េរិកក្នុងការគាំទ្រតៃវ៉ាន់ ដែលវាផ្ទុយពីគោល​នយោបាយ​យុទ្ធសាស្ត្រមិនច្បាស់លាស់របស់អាម៉េរិកដែលមានជាយូរមកហើយ។ គោលនយោបាយនេះ​មិន​បាន​បញ្ជាក់​ច្បាស់​​អាម៉េរិក​នឹង​ឆ្លើយ​តប​ដោយ​យោធា​ចំពោះ​ការ​វាយ​ប្រហាររបស់ចិន​លើ​កោះ​តៃវ៉ាន់​ឬ​យ៉ាង​ណាឡើយ។
 
ជុំវិញកិច្ចសម្ភាសរបស់លោក បៃដិន អ្នកនាំពាក្យរបស់សេតវិមានបញ្ជាក់ថា គោលនយោបាយ​យុទ្ធសាស្ត្រមិនច្បាស់លាស់របស់អាម៉េរិកចំពោះតៃវ៉ាន់មិនផ្លាស់ប្តូរទេ។ នៅក្នុងកិច្ចសម្ភាសដដែល លោក បៃដិន បន្ថែមថា អាម៉េរិកនៅតែមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ហើយអាម៉េរិកនៅតែប្តេជ្ញាចិត្តគោរពគោលនយោបាយចិនតែមួយ ដែលទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ចិនជាផ្លូវការដដែល៕
 

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com