អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គណៈកម្មការអឺរ៉ុប នឹងផ្អឹបលុយពីហុងគ្រី ៧​,៥ ពាន់លានអឺរ៉ូជុំវិញអំពើពុករលួយ
19, Sep 2022 , 9:29 pm        
រូបភាព
ស្នងការគណៈកម្មការអឺរ៉ុបទទួលបន្ទុកថវិកានិងរដ្ឋបាល Johannes Hahn ។ រូបថត AFP
ស្នងការគណៈកម្មការអឺរ៉ុបទទួលបន្ទុកថវិកានិងរដ្ឋបាល Johannes Hahn ។ រូបថត AFP
ដោយ:
គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១៨ ខែកញ្ញា ចេញសំណើផ្អឹបលុយដែលត្រូវផ្ដល់ឱ្យហុងគ្រី៧​,៥ពាន់លានអឺរ៉ូជុំវិញការបំពានគោលការណ៍នីតិរដ្ឋរបស់ប្លុកមួយនេះ។ សំណើនេះនឹងត្រូវរុញទៅក្រុមប្រឹក្សាអឺរ៉ុប១ដំណាក់ទៀតដើម្បីផ្តល់សេចក្តីសម្រេចជាចុងក្រោយក្នុងរយៈពេល៣ខែ ស្របពេលរដ្ឋាភិបាលក្រុងប៊ុយដាប៉ែសស​ន្យាបំពេញរាល់ការប្តេជ្ញារបស់ខ្លួនដើម្បីកុំឱ្យបាត់បង់វិភាគទានដ៏ច្រើននេះ។
 
ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យក្នុងចំណោមរដ្ឋសមាជិក សហភាពអឺរ៉ុប (EU) កាលពីពីរឆ្នាំមុនបានចេញវិធានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុសំដៅជំរុញរដ្ឋសមាជិកឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋរបស់ប្លុក។ ហុងគ្រី ជាមុខសញ្ញាមុនគេ ពីព្រោះ EU រកឃើញថា មេដឹកនាំជាតិនិយមហុងគ្រី វិកទ័រ អបាន បានបំពាននីតិរដ្ឋដោយរឹតបន្តឹងសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ហើយប្រើប្រាស់លុយ EU បម្រើតែបក្ខពួក។ ​
 
គណៈកម្មការអឺរ៉ុបនៅថ្ងៃទី១៨ ខែកញ្ញា បានស្នើទៅក្រុមប្រឹក្សាអឺរ៉ុបឱ្យផ្អាកវិភាគទានប្រមាណ៧,៥ពាន់លានអឺរ៉ូទៅកាន់ហុងគ្រី។ បើតាមលោក Johannes Hahn ស្នងការគណៈកម្មការអឺរ៉ុបទទួលបន្ទុកថវិកា EU លុយផ្អឹបនេះស្មើនឹង១ភាគ៣នៃមូលនិធិផ្គត់ផ្គង់សរុប១,១ទ្រីលានអឺរ៉ូដែល EU គ្រោងផ្តល់ដល់ហុងគ្រីសម្រាប់ឆ្នាំ ២០២១-២០២៧ ។
 
«វាជាបញ្ហាអំពីការបំពាននីតិរដ្ឋដែលប៉ះពាល់ដល់ការប្រើប្រាស់ និងគ្រប់គ្រងមូលនិធិ EU»។ លោក Hahn បញ្ជាក់បែបនេះក្នុងសន្និសីទកាសែតទាក់ទងនឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប។ 
 
ពាក់ព័ន្ធបញ្ហានេះ ស្នងការទទួលបន្ទុកថវិកាដដែល អះអាងទៀតថា ច្បាប់ផ្គត់ផ្គង់សាធារណៈរបស់ហុងគ្រីមានភាពមិនប្រក្រតី ហើយរដ្ឋាភិបាលហុងគ្រីបរាជ័យដោះស្រាយក្តីបារម្ភជុំវិញផលប្រយោជន៍សាធារណៈ មិនចាត់វិធានការម៉ឺងម៉ាត់ស៊ើបអង្កេតលើករណី​ប្រើប្រាស់លុយ EU ក៏ដូចជាកង្វះវិធានការប្រឆាំងអំពើពុករលួយផ្សេងទៀតផងដែរ។
 
 
រដ្ឋសមាជិក EU មានពេលដល់ទៅ៣ ខែដើម្បីផ្តល់សេចក្តីសម្រេចជាចុងក្រោយលើសំណើផ្អឹបលុយហុងគ្រីជាង ៧ ពាន់លានអឺរ៉ូនេះដែលស្មើនឹង៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ហុងគ្រីក្នុងឆ្នាំ២០២២។ ជាជាងតម្រូវឱ្យមានការឯកភាពគ្នាពីរដ្ឋសមាជិកទាំង២៧ សំណើនេះត្រូវការតែសំឡេងភាគច្រើនដើម្បីអនុម័តប៉ុណ្ណោះ។ 
 
សេចក្តីស្នើនេះត្រូវបានសម្រេចឡើង បន្ទាប់ពីគណៈកម្មការអឺរ៉ុបក្នុងខែមេសាបានផ្ញើលិខិតទៅកាន់ហុងគ្រីពាក់ព័ន្ធនឹងបញ្ហាខាងលើ ដែលរដ្ឋាភិបាលហុងគ្រីបានតបទៅវិញនូវសំណើវិធានការជាច្រើនដើម្បីដោះស្រាយក្តីបារម្ភរបស់ EU។ 
 
បើតាមរដ្ឋមន្រ្តីអភិវឌ្ឍន៍របស់ហុងគ្រីលោក Tibor Navracsics ដែលទទួលបន្ទុកកិច្ចចរចាជាមួយ EU ហុងគ្រីនឹងបំពេញតាមការប្តេជ្ញាទាំង១៧របស់ខ្លួនដើម្បីបញ្ចៀសការបាត់បង់មូលនិធិ។ លោក Navracsics ថ្លែងនៅសន្និសីទកាសែតថា សមាជិកសភាហុងគ្រីនៅសប្តាហ៍នេះនឹងបោះឆ្នោតលើច្បាប់ជាបន្តបន្ទាប់ដើម្បីដោះស្រាយកង្វល់របស់ EU ដែលរំពឹងថា នឹងមានការបង្កើតក្រុមឯករាជ្យឃ្លាំមើលការប្រឆាំងអំពើពុករលួយដើម្បីត្រួតពិនិត្យការប្រើប្រាស់មូលនិធិរបស់ EU ជាដើម៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 EU
  ហុងគ្រី
© រក្សាសិទ្ធិដោយ thmeythmey.com