កីឡាអន្តរជាតិ
អន្តរជាតិ
ការប្រជែងពាន MotoGP កាន់តែស្វិតស្វាញ ក្រោយ Bastiainini ឈ្នះការប្រណាំងនៅ ​Aragon GP
19, Sep 2022 , 10:29 pm        
រូបភាព
កីឡាករ Enea Bastianini ប្រជែងឈ្នះ Francesco Bagnaia ក្នុងការប្រណាំងម៉ូតូពិភពលោក ​MotoGP World Championship នាទីលានប្រណាំង ​Aragon Grand Prix ប្រទេសអេស្ប៉ាញ ថ្ងៃទី១៨ ខែកញ្ញា។ បេក្ខភាពម្ចាស់ជើងឯក MotoGP 2022 ដែលឈរកំពូលតារាង Fabio Quartararo បានភ្លាត់ស្នៀតដួលនៅជុំដំបូង ធ្វើឱ្យការប្រជែងពានរង្វាន់កាន់តែមានភាពស្វិតស្វាញ និងទាក់ទាញ។


​កីឡាករ ​​Bastianini មកពីក្រុម Gresini Racing បានសងសឹកលើកីឡាករ​ Bagnaia វិញចំពោះការប្រណាំងចាញ់នៅទីលាន San Marino GP កាលពីដើមខែកញ្ញានេះ។ នាទីលានប្រណាំងទឹកដីអ៊ីតាលីពេលនោះ Bagnaia បានយកឈ្នះលើ Bastianini ត្រឹមតែថេរវេលា 0.០៣៤ វិនាទីប៉ុណ្ណោះ។ ដោយឡែក ការប្រណាំងនាទឹកដីប្រទេសអេស្ប៉ាញលើកនេះ Bastianini បានបញ្ចប់ការឈ្នះជាប់គ្នា ៥ដងរបស់ ​Bagnaia មកពីក្រុម Ducati Racing។
 
ក្រោយការប្រណាំងបានបញ្ចប់ កីឡាករសញ្ជាតិអ៊ីតាលីវ័យ ២៤ឆ្នាំ បាននិយាយប្រាប់អ្នកកាសែតថា ជ័យជម្នះលើកនេះប្រៀបដូចជាសុបិនដ៏ធំមួយរបស់រូបគេ។
 
«នេះប្រៀបដូចជាសុបិនអ៊ីចឹង ក្នុងការប្រកួតនេះខ្ញុំបានបង្កើតកំហុសមួយចំនួនដែរ ពេលប្រណាំង។ ប៉ុន្តែនៅចុងក្រោយខ្ញុំបានផ្តួល និងនាំមុខ Pecco (Francesco Bagnaia) នៅជុំចុងក្រោយ ព្រោះខ្ញុំមានឱកាសប្រយុទ្ធដើម្បីយកឈ្នះ។»។ នេះជាការលើកឡើងរបស់ Bastianini ដែលទើបឈ្នះការប្រណាំងលើកទី៤​ របស់គេរដូវកាលថ្មីនេះ។
 
លទ្ធផលការប្រណាំងនាទីលាន Aragon GP​ នេះ បើទោះជា Bagnaia មិនទទួលបានជ័យជម្នះ ប៉ុន្តែរូបគេក៏ទទួលបាន ២០ពិន្ទ ហើយបានកាត់ការនាំមុខដល់ទៅ ៣០ពិន្ទុនៅកំពូលតារាងពីសំណាក់កីឡាករ Fabio Quartararo មកនៅត្រឹម ១០ពិន្ទុវិញ។  
 
ចំពោះតារាងពិន្ទុពេលបច្ចុប្បន្នកំពុងមានភាពប្រកួតប្រជែងដ៏ស្វិតស្វាញដោយ Fabio Qaurtararo បន្តនាំមុខកំពូលតារាង MotoGP មាន ២១១ពិន្ទុ តាមពីក្រោយដោយ Francesco Bagnaia មាន ២០១ពិន្ទុ និង Alex Espargaro មាន ១៩៤ពិន្ទុឈរលេខ៣ ខណៈការប្រណាំង នៅ៥ទីលានទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលឆ្នាំ២០២២នេះ៕ 
 
 

Tag:
 MotoGP
 Aragon
© រក្សាសិទ្ធិដោយ thmeythmey.com