អន្តរជាតិ
ព្យុះទីហ្វុង Nanmadol វាយប្រហារជប៉ុនជាមួយនឹងខ្យល់និងភ្លៀងធ្លាក់ខ្លាំង ហើយសម្លាប់មនុស្សម្នាក់
19, Sep 2022 , 5:59 pm        
រូបភាព
ជប៉ុន នៅថ្ងៃទី១៩ ខែកញ្ញា បានទទួលរងឥទ្ធិពលពីព្យុះទីហ្វុង Nanmadol ដែលនាំទៅជាមួយខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅផ្នែកខ្លះក្នុងប្រទេសនេះ ខណៈសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។ លើសពីនេះ ព្យុះនេះក៏បានរំខានដល់ការដឹកជញ្ជូន និងបង្ខំឱ្យក្រុមហ៊ុនផលិតមួយចំនួនផ្អាកប្រតិបត្តិការ។


ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញការព្រមានពិសេសដ៏កម្រមួយទៅកាន់ទីក្រុង Kagoshima និង Miyazaki នៅក្នុងតំបន់ Kyushu ជុំវិញការទៅដល់របស់ព្យុះទីហ្វុង Nanmadol ដ៏ខ្លាំងក្លាមួយមិនធ្លាប់ឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍។
 
ខណៈព្យុះកំពុងបោកបក់ក្នុងប្រទេស នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ បានពន្យារពេលចាកចេញរបស់លោកទៅកាន់ទីក្រុងញូវយ៉កដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) រហូតដល់ថ្ងៃទី២០ ខែកញ្ញាវិញ ដើម្បីតាមដានផលប៉ះពាល់នៃព្យុះក្នុងប្រទេស។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ 
 
«យើងត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រលកខ្ពស់ និងខ្យល់ព្យុះ»។ មន្ត្រីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៩ ខែកញ្ញាបែបនេះ។ 
 
គួរបញ្ជាក់ថា ព្យុះដែលកំពុងបោកបក់មកលើជប៉ុននេះ ជាព្យុះទីហ្វុងទី ១៤ ហើយក្នុងឆ្នាំនេះ។ ព្យុះទីហ្វុង Nanmadol​ បានបោកបក់នៅជិតទីក្រុង Kagoshima នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា មុនពេលបោកបក់លើកោះ Kyushu នៅភាគខាងលិច ហើយបានបន្តវាយប្រហារលើកោះសំខាន់នៃតំបន់ Honshu ។
 
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK គិតត្រឹមបច្ចុប្បន្ន យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់នៅពេលដែលរថយន្តរបស់គាត់ត្រូវបានលិចដោយទឹកជំនន់ ខណៈមនុស្សយ៉ាងហោចណាស់៦៩នាក់ផ្សេងទៀតបានរងរបួស។
 
ទន្ទឹមនេះដែរ ក្រសួងពាណិជ្ជកម្មជប៉ុនបានរាយការណ៍ថា គ្រួសារប្រហែល ៣៤ ម៉ឺនគ្រួសារដែលភាគច្រើននៅក្នុងតំបន់ Kyushu កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ខណៈផ្លូវរទេះភ្លើង ជើងយន្តហោះជាង៨០០​ បានផ្អាកដំណើរការនៅតំបន់ Kyushu។ 
 
បើតាម ភ្នាក់ងារឧតុនិយមជប៉ុន ព្យុះនេះបានបោកបក់នៅខេត្ត Yamaguchiនៅភាគខាងលិចនៃតំបន់ Honshu ហើយកំពុងធ្វើដំណើរទៅភាគឦសានក្នុងល្បឿនប្រហែល១៥គីឡូម៉ែត្រក្នុងមួយម៉ោងតាមបណ្តោយឆ្នេរសមុទ្រភាគខាងជើង។
 
ខណៈព្យុះកំពុងបោកបក់ខ្លាំងនៅតំបន់ខ្លះក្នុងប្រទេស ទីក្រុងតូក្យូកំពុងជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ប៉ុន្តែអាជីវកម្មនៅក្នុងទីក្រុងបានដំណើរការជាធម្មតា៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com