រថយន្ត
អន្តរជាតិ
Mercedes ជា «ព្រះសវរថ» ​ដឹកព្រះសពម្ចាស់ក្សត្រីយ៍ អេលីហ្សាបែតទី២ តាមបណ្តាផ្លូវនៅស្កុតឡែន
19, Sep 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
ព្រះរាជពិធីបុណ្យព្រះសព ម្ចាស់ក្សត្រិយ៍ អេលីហ្សាបែតទី២ កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ បានទាក់ទាញ​ចំណាប់អារម្មណ៍មនុស្សឃាច្រើន​លើ​ពិភពលោក។ អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍នោះ គឺ​ «ព្រះសវរថ» ឬ «ព្រះទីនាំង​រថយន្ត» ដែល​ដឹកព្រះ​មញ្ជូសាគឺ​ជា​រថយន្ត Mercedes ពោលគឺ​មិនមែនជាផលិត​ផល​ក្រុមហ៊ុន​នៃចក្រភពអង់គ្លេសនោះឡើយ។
 
សវរថ ពណ៌ខ្មៅ ជាប្រភេទ​រថយន្ត Mercedes E-Class ជំនាន់ W212។ បើតាមការផ្សាយ​របស់ Drive.com.au វាត្រូវបាន​រចនា​ដោយ​ក្រុមហ៊ុនអាល្លឺម៉ង់ Binz ដោយមិនមាន​ការបញ្ជាក់ពីឈ្មោះ​ម៉ូដែល​ពិត​ប្រាកដ​ឡើយ។ ក្រុម​ប្រភេទ Binz H4 នេះ ត្រូវបានផលិត​ឡើង​ចន្លោះពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៦។
 
ក្រោយសោយរាជ្យអស់រយៈពេល ៧០​​ ឆ្នាំជាស្តេចនៃចក្រភពអង់គ្លេស និង​ប្រមុខរដ្ឋនៃប្រទេសចំនួន ១៤ ទៀតនៅអាណាចក្រ Commonwealth ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២ បានយាងចូលទិវង្គតកាលពី​ថ្ងៃទី៨ ខែកញ្ញាក្នុងព្រះជន្ម៩៦ព្រះវស្សានាព្រះរាជដំណាក់ Balmoral ក្នុងទឹកដីស្កុតឡែន។ 
 
កាលពីថ្ងៃទី១១​ ខែកញ្ញា ក្បួនព្រះទីនាំង​រថយន្តដឹកព្រះមញ្ជូសារបស់មហាក្ស​ត្រិយ៍ បាន​ចំណាយ​ពេល​អស់៦ម៉ោង​ក្នុងដំណើរពី​ព្រះរាជដំណាក់ Balmoral កាន់ទីក្រុង Edinburgh ដើម្បីឱ្យប្រជាជននៅស្កុតឡែន សម្តែងការគោរពជាលើកចុងក្រោយ មុនពេល​បន្ត​ដំណើរ​តាម​យន្តហោះទៅកាន់​ក្រុង​ឡុងដ៍ តាមរយៈអាកាសចរណ៍ Royal Air Force។


 
William Purves Funeral Directors ដែលជាក្រុមហ៊ុន​រៀបចំព្រះរាជពិធីបុណ្យព្រះសពផ្លូវការ បានអះអាងថា ការ​រៀបចំព្រះសវរថ និង​ការងារ​ផ្សេងៗ កើតចេញពី​ប្រតិបត្តិការ​ដ៏មមាញឹក​របស់ក្រុម​ការងារពាក់ព័ន្ធ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​រាជវាំង។
 
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងព្រះរាជពិធី​ដង្ហែនៅក្រុងឡុងដ៍ ឆ្ពោះទៅរាជវាំង Buckingham កាលពីថ្ង ព្រះសវរថដឹកព្រះមញ្ជូសា គឺនៅតែជារថយន្ត​ក្រុមហ៊ុនអង់គ្លេស Jaguar ឬ Land Rover Defender ដូច​ក្នុងព្រះពិធីបុណ្យសពព្រះអង្គម្ចាស់ Phillip យ៉ាងដូច្នោះដែរ។
 
ហេតុអ្វីបានជា Mercedes? មិនមែនជា Rolls Royce, Bentley ឬឈានដ​ល់បែបបុរាណដូចជា Vauxhall? អ្នក​ប្រើប្រាស់​បណ្តាញសង្គម Twitter មួយ​រូបបាន​ចោទ​សួរយ៉ាងដូច្នេះ ទាក់ទងនឹង​ការប្រើប្រាស់រថយន្តអាល្លឺម៉ង់ ជា សវរថ ក្នុងក្បួន​ដង្ហែនៅស្កុតឡែន។
 
ទាក់ទងនឹងបញ្ហានេះ សារព័ត៌មាន​ Drive.com.au បាន​លើក​ឡើងពីទំនាក់ទំនង​ដ៏យូរអង្វែងរវាងរាជវង្សានុវង្សចក្រភពអង់គ្លេស និង​ក្រុមហ៊ុន Daimler តាំងពីឆ្នាំ១៩០០មក។ បន្ថែម​ពីលើនេះ ព្រះមហាត្រិយ៍ និងរាជវង្ស (House of Windsor) ក៏មានឈាមអំបូរអាល្លឺម៉ង់ផងដែរ តែ​ក្រោយមក​លុប​ឈ្មោះដើម Saxe-Coburg និង Gotha ចេញ ដោយសារស្មារតី​ប្រឆាំងអាល្លឺម៉ង់​កាលពីឆ្នាំ១៩១៧៕ 
 


© រក្សាសិទ្ធិដោយ thmeythmey.com