អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ UN អំពាវនាវឱ្យពិភពលោកកសាងអាហ្វ្រិកឱ្យក្លាយជាតំបន់រុងរឿងមួយ
19, Sep 2022 , 11:29 pm        
រូបភាព
ដោយ:
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញូ ហ្គូតេរ៉េស នៅថ្ងៃទី១៨ ខែកញ្ញា អំពាវនាវឱ្យពិភពលោករួមគ្នាចាត់ធ្វើសកម្មភាពកសាងទ្វីបអាហ្វ្រិកឱ្យក្លាយជាតំបន់ជោគជ័យមួយ។ បើតាមប្រមុខ UN ពិភពលោកត្រូវតែមើលឃើញពីភាពពិតរបស់ទ្វីបអាហ្វ្រិកដែលជាទឹកដីសម្បូរទៅដោយធនធាន និងសក្តានុពលដ៏សម្បូរបែប។
 
ថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំបើកសម្ពោធគំនិតផ្តួចផ្តើមអាជីវកម្មអាហ្រ្វិកសកល (GABI) ដែលរៀបចំនៅទីក្រុង New York ក្រៅកិច្ចប្រជុំកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ(UN)លើកទី៧៧ អគ្គលេខាធិការ UN លោក អាន់តូនីញូ ហ្គូតេរ៉េស អំពាវនាវឱ្យរដ្ឋាភិបាល និងវិស័យឯកជនសហការគ្នាបង្កើតលក្ខខណ្ឌដើម្បីអភិវឌ្ឍទ្វីបអាហ្វ្រិកឱ្យក្លាយជាតំបន់រុងរឿងមួយ។ 
 
ដោយមើលឃើញថា គ្រប់វិស័យសេដ្ឋកិច្ចអាហ្រ្វិករាប់ចាប់ពីការផលិត(manufacturing)រហូតដល់កសិកម្ម ពីសេវាកម្មរហូតដល់ហិរញ្ញវត្ថុកំពុងរីកចម្រើន ប្រមុខ UN និយាយថា ប្រជាជនដ៏រស់រវើក និងមានវ័យក្មេងរបស់ទ្វីបអាហ្វ្រិកតំណាងឱ្យកម្លាំងពលកម្មដ៏ខ្លាំងក្លា និងជាទីផ្សារអ្នកប្រើប្រាស់ ក៏ដូចជាអាជីវកម្មដ៏ធំ។ ជាមួយអំណោយផលបែបនេះ លោក ហ្គូតេរ៉េស លើកឡើងថាកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិកនឹងកាន់តែអភិវឌ្ឍឱកាសពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។
 
«ភាពជោគជ័យរបស់អាហ្វ្រិកគឺមិនអាចបញ្ឈប់ដោយវិធានការណាមួយបានទេ។ សំណួរតែមួយគត់គឺថាតើពិភពលោកចាប់យកឱកាសដើម្បីទទួលបានអត្ថប្រយោជន៍សកលពីអាជីវកម្មអាហ្វ្រិកដែរឬទេ?» លោក ហ្គូតេរ៉េស ថ្លែងបែបនេះនៅថ្ងៃទី១៨ ខែកញ្ញា ដោយបញ្ជាក់ថា GABI មានបំណងបំប្លែងឱកាសទាំងនេះទៅជាការអនុវត្តអាជីវកម្មប្រកបដោយមហិច្ឆតាដែលជាប្រយោជន៍សម្រាប់ប្រជាជន។ 
 
ការសម្ពោធ GABI ត្រូវបានរៀបចំដោយ UN Global Compact សហការជាមួយសហភាពអាហ្វ្រិក និងទីភ្នាក់ងារ UN នៅតំបន់អាហ្រ្វិកមួយចំនួនទៀត។ បើតាម UN គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដើម្បីចាត់ទ្វីបអាហ្វ្រិកចូលក្នុងកន្លែងសមរម្យមួយលើឆាកអន្តរជាតិ ក៏ដូចជាបង្វែរការផ្តោតទៅលើយុទ្ធសាស្រ្តសម្រាប់ទ្វីបអាហ្វ្រិកដែលប្រកបដោយចីរភាព បរិយាបន្ន យុត្តិធម៌ និងគ្រប់គ្រងដោយប្រជាជនអាហ្វ្រិកសម្រាប់ប្រជាជនអាហ្វ្រិក។ 
 
សូមបញ្ជាក់ថា តំបន់អាហ្វ្រិកមានផ្ទៃដីទំហំ៣០,៣៧លានគីឡូម៉ែត្រការ៉េដែលធំជាងការបូកបញ្ចូលនៃផ្ទៃដីរបស់អឺរ៉ុប ចិន និងអាម៉េរិករួមគ្នាទៅទៀត។ បើតាម UN ទ្វីបអាហ្វ្រិកជាជម្រករ៉ែបម្រុងពិភពលោកប្រហែល៣០ភាគរយ ហើយប្រេងពិភពលោក១២ភាគរយ និងឧស្ម័នធម្មជាតិបម្រុង៨ភាគរយ។ បន្ថែមពីនេះ ទ្វីបអាហ្វ្រិកមានប្រជាជនវ័យក្មេងដែលអាចកើនដល់២,៥ពាន់លាននាក់ត្រឹមឆ្នាំ២០៥០៕
 
 
 
 
 
 

Tag:
 UN
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com