អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាវាដឹកយន្តហោះចម្បាំងអាម៉េរិក នឹងទៅកូរ៉េខាងត្បូងជាលើកទីមួយតាំងពីឆ្នាំ២០១៨
20, Sep 2022 , 9:59 am        
រូបភាព
នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan ក្នុងប្រតិបត្តិការកន្លងមក។ រូបថត៖ កងទ័ពជើងទឹកអាម៉រិក
នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan ក្នុងប្រតិបត្តិការកន្លងមក។ រូបថត៖ កងទ័ពជើងទឹកអាម៉រិក
នាវាដឹកយន្តហោះចម្បាំងអាម៉េរិក នឹងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងក្នុងសប្ដាហ៍នេះដើម្បីធ្វើសមយុទ្ធ​យោធារួមគ្នាមួយ។ នេះជាលើកដំបូងក្នុងរយៈពេល​៤ឆ្នាំដែលអាម៉េរិកបញ្ជូននាវដឹកយន្តហោះទៅឧបទ្វីបកូរ៉េ។​ 
 
បើតាមការប្រកាសរបស់កងទ័ពកូរ៉េខាងត្បូង ក្រុមនាវាដឹកយន្តហោះចម្បាំង USS Ronald Reagan នឹងធ្វើដំណើរទៅដល់មូលដ្ឋានទ័ពជើងទឹកមួយនៅទីក្រុងកំពង់ផែភាគខាងត្បូងទីក្រុង Busan នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា ដើម្បីចូលរួមលំហាត់យោធារួមគ្នា។
 
«តាមរយៈការធ្វើសមយុទ្ធ​រួមគ្នា កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ​គ្រោង​នឹង​ពង្រឹង​ការត្រៀម លក្ខណៈ​យោធារបស់ខ្លួន និងដើម្បី​បង្ហាញ​ពី​ការតាំងចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​កូរ៉េខាងត្បូង​ និងអាម៉េរិក​សម្រាប់​សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ»។ សេចក្ដីថ្លែងការណ៍ខាងលើក៏បានបញ្ជាក់បែបនេះ។
 
ក្រៅពីនាវាដឹកយន្តហោះ USS Ronald Reagan ប្រភេទ Nimitz Class ក្រុមនាវានេះមានចម្បងនាវាផ្សេងទៀតដូចជានាវាពិឃាត USS Chancellorsville និងនាវាពិឃាត USS Barry Aegis។
 
ការសម្រេចធ្វើសមយុទ្ធយោធានេះបានធ្វើឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល​បានព្រម​ព្រៀងគ្នាលើការប្តេជ្ញា ចិត្តក្នុងការដាក់ពង្រាយកម្លាំងយោធាជាយុទ្ធសាស្ត្រ​ឱ្យទាន់​ពេល​វេលា​ដើម្បី​ឆ្លើយតបនឹងការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង។
 
គួរបញ្ជាក់ថា ក្រុមនាវាផ្ទុកយន្តហោះនេះបានធ្វើស​មយុទ្ធរួមគ្នាចុងក្រោយបង្អស់ជាមួយកូរ៉េ ខាងត្បូងតាំងពីខែកញ្ញាឆ្នាំ២០១៨ គឺនៅពេលដែលស្ថានភាពតានតឹងតែងដោយសារតែកូរ៉េខាង​ជើងបានតេស្តមីស៊ីលជាច្រើនលើកច្រើនសារ៕
 
 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com